ភ្នំពេញៈ ​តំ​ណាង​រាជ​រដ្ឋា​​ភិបាល​ដែល​មាន​ក្រសួង​ពាក់ព័ន្ធ ​សហ​គមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (ស្រី​ស្រឡាញ់​ស្រី ​បុរស​ ស្រឡាញ់​បុរស​ អ្នក​ស្រឡាញ់​ទាំង​ ២​ ភេទ​ អ្នក​ប្ដូរ​យេន​ឌ័រ និង​អន្តរ​ភេទ​)​ តំណាង​អាជ្ញា​ធរ​មូល​ដ្ឋាន​ អង្គ​​ទូត​ ឪពុក​ម្ដាយ ​និង​អាណាព្យាបាល​ប្រមាណ​១៥០​នាក់​បាន​ជួប​ប្រ​ជុំ​គ្នា​កាល​ពី​ម្សិល​មិញ​ ពិ​ភាក្សា​គ្នា​ស្ដី​ពី​ច្បាប់​ និង​គោល​នយោ​បាយ​សាធា​រ​ណៈ​ដើម្បី​គាំ​​ពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។​

លោក​ កែវ ​រ៉េមី ​ប្រធាន​គណៈ​​​​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភា​ក្សា​កាលពីម្សិល​មិញ​ថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​​ ស្នើ​មិន​ឲ្យ​មាន​ការ​រើស​អើង​ក្រុម​អ្នក​ស្រ​ឡាញ់​ភេទ​ដូចគ្នា ​និង​គាំទ្រ​រាល់​ការ​បញ្ចេញ​មតិ។​

លោកថ្លែង​ថា ​គោល​នយោបាយ​របស់​រដ្ឋា​ភិបាលគឺ​មាន​ការ​គាំ​ទ្រ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ នេះ​ជា​ចំណុច​វិជ្ជមាន​​មួយ​ដ៏ល្អ​បំផុ​ត​ ហើយ​រឹត​តែ​វិសេស​វិសាល។

លោក​ រ៉េមី ថ្លែង​​ថា៖ «​សម្ដេច​លោក​ធ្លាប់បាន​ផ្ញើ​សារ​តាម​ខ្ញុំ​ ដើម្បី​ជម្រាប​ជូន​មក​បង​ប្អូន​យើង​​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​ដែល​ធ្លាប់​ជួប​ជុំ​គ្នា​នាពេល​កន្លង​មក។ លោក ​(នា​យក​រដ្ឋមន្រ្ដី)​ ​បាន​មាន​ប្រសាសន៍​ថា​ ថ្នាក់​ដឹក​នាំរាជ​រដ្ឋាភិ​បាល​ត្រូវ​ហ៊ាន​ឈាន​​មុខ​ចំពោះ​ការ​មិន​រើស​អើង​ (អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​)​ នេះ​ជា​សារ​វិជ្ជ​មាន​​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម​នៅ​ក្រុម​ប្រឹក្សា​អង្គការ​សហ​ប្រជាជា​​តិ​ នៅ​ទីក្រុង​ហ្សឺណែវ​ យើង​បាន​ដាក់​ទៅ​ក្នុ​ង​កិច្ច​ប្រជុំ​ UPR​ ក្នុង​កំណត់​សម្គាល់​នៃ​ការ​​បើក​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស។ ​យើង​បាន​បញ្ជាក់​ច្បាស់​សម្រាប់​ជំហរ​របស់​រដ្ឋា​​ភិបាល​កម្ពុជា​ គឺ​មិន​មាន​ការ​រើស​អើង​ទេ​ដែល​នេះ​ជា​ចំណុច​សំខាន់»។​

​លោក​បាន​លើក​ឡើង​ថា​ បើ​​សិន​ជា​គោល​នយោបាយ​របស់​រដ្ឋាភិ​បាល​មាន​ការ​រឹត​បន្ដឹង​នោះ​ អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នឹង​ជួប​ផល​លំបាក​ក្នុង​ការតស៊ូ​មតិ​ គឺ​មាន​ការ​លំ​បាក​ខ្លាំង​​តែ​ម្ដង​។​ ក៏​ប៉ុន្ដែ​ជាការណ៍​ល្អ​មែនទែន​ ដែល​អាច​បង្កលក្ខណៈ​មួយ​ងាយ​ស្រួល​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ អាចឲ្យ​​រួប​រួម​គ្នា ដើម្បី​តវ៉ា​ តាម​វិធាន​ការ​អហិង្សា ដោយ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ការ​បន្លឺ​សំឡេង ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​បាន​ដឹង ​នេះគឺ​មាន​ការ​គាំ​ទ្រ​​ពី​រាជរដ្ឋាភិបាល។

លោក​ កែវ​ រ៉េមី​ ថ្លែង​ថា៖ ​«​ប្រពៃ​ណី​វប្បធ​ម៌​របស់​ខ្មែរ​យើង​មាន​ការ​លំ​បាក​ លំបាក​ត្រង់​ថា យើង​កុំទាន់​និយាយ​រឿង​បង​ប្អូន​ស្រឡាញ់​ភេទ​ដូចគ្នា​ សូម្បី​តែ​កូន​ចៅ​ដែល​ចង់​រើស​គូ​ស្រករ ​ក៏មាន​ការ​លំបាក​ មាន​ការ​រៀប​ចំពី​ឪពុក​ម្ដាយ​ នេះ​យើង​ទទួល​ស្គាល់​ទាំង​អស់​គ្នា​អ៊ីចឹង​ប្រពៃណី​​វប្បធម៌​ខ្មែរ​យើង​គឺ​ឪពុក​ម្ដាយ​ជាអ្នក​រៀប​​ចំឲ្យ​កូន​មាន​គូស្រករ ក៏​ប៉ុន្ដែ​រឿង​នេះ​វាមាន​ការ​វិវឌ្ឍហើយ ​ដោយ​ឪពុក​ម្ដាយ​មាន​ការ​យល់​ស្រប​តាម​ចិត្ដ​របស់​កូនៗ​វិញ»។​

​ក​ញ្ញា លី​ ពិ​សី​ ប្រ​ធាន​សម្រប​​សម្រួល​​សហ​គមន៍​ឥន្ទ​ធនូ​កម្ពុជា​បាន​ថ្លែង​ថា ក្រុម​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា​មាន​ការ​រីករាយ ​ដែល​រាជ​រដ្ឋា​ភិបាល​ទ​ទួ​ល​យក​អនុ​សាស​ន៍ ​ដែ​ល​បាន​ដាក់​ស្នើ​ទៅ​ទាក់ទង​នឹង​ សិទ្ធិ​អាពា​ហ៍​ពិពាហ៍​ ការ​ស្មុំ​កូន​ អត្ដ​សញ្ញាណ​យេន​ឌ័រ និង​ការមិន​រើស​អើង​ដោយ​រដ្ឋាភិ​បាល​បាន​យក​​ទៅ​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌអ​ន្ដរ​ក្រសួង​ ហើយ​នឹង​ត្រូវ​​លើក​យក​ទៅ​ការពារ​នៅ​ក្នុង​កិច្ច​ប្រជុំ​ UPR​ នៅ​ទី​ក្រុង​ហ្សឺណែ​វនា​ថ្ងៃ​ទី​​ ៤​-​៥​ ខែ ក​ក្ក​ដា​​​ ខាង​មុខ​ ដែល​នេះ​ជា​លទ្ធផល​វិជ្ជមាន​មួយ​សម្រាប់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា។

កញ្ញា​បាន​ថ្លែង​ថា បច្ចុប្ប​ន្ន​សមាជិក​សហ​គមន៍​ឥន្ទធនូកម្ពុជា មាន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ប្រមាណ​ ២ ០០០ នាក់​ហើយ ​ដែល​ហ៊ាន​ចេញ​មុខ​ម​ក​​តស៊ូមតិ​ និង​អះអាង​ថា ខ្លួន​ជា​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។​ ប៉ុន្ដែ​កញ្ញា​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​វ័យក្មេង ដែល​​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​នៅ​រើស​អើង​ពួកគេ​នៅ​ឡើយ​នៅ​ក្នុង​សង្គម។

កញ្ញា​ ពិសី​ បាន​ថ្លែង​បន្តថា​៖​ «​យើង​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​ការ​គាំពារ​ទាំង​ផ្នែក​គោល​នយោបាយ និង​ផ្នែក​ច្បាប់​ដល់​ពួកយើង ព្រោះ​មាន​បញ្ហា​ជាច្រើន​បាន​កើត​ឡើង​ចំពោះ​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា ​មាន​ទាំង​បញ្ហា​ហិង្សា​គ្រួសារ​ សង្គម​បាន​រើស​អើង​ពួក​គាត់ ​រហូត​ពេល​ខ្លះ​អ្នក​ស្រ​ឡាញ់​ភេទ​ដូចគ្នា​មាន​ឈាន​ដល់​ការ​ធ្វើ​អត្ដឃាត​ក៏មាន»៕​