ភ្នំពេញៈ ​មន្ត្រី​រដ្ឋាភិបាល​បានចាត់ទុក​ការចេញ​ផ្សាយ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ថា​មាន​ការរឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​មាន​ការរំលោភសិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គមជាតិ​ដោយសារ​របាយការណ៍​នេះ​បាន​គាំទ្រ​ចំពោះ​ក្រុម​មនុស្ស​ដែល​តែង​បំពាន​ច្បាប់​។

លោក​ ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​លើកឡើង​ថា របាយការណ៍​ស្ដីពី​ការអនុវត្ត​សិទ្ធិសេរីភាព​មូលដ្ឋាន​ឆ្នាំ​ទី ៤ របស់​អង្គការ​អាដហុក​មជ្ឈមណ្ឌល​សាមគ្គីភាព​ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជា​របាយការណ៍​ចម្លង​ចេញពី​របាយការណ៍​ដដែល ហើយ​ការសន្និដ្ឋាន​ធ្វើឡើង​មិន​គ្រប់​ជ្រុងជ្រោយ​និង​ត្រឹមត្រូវ និង​គ្មាន​លក្ខណៈ​បែប​វិទ្យាសាស្ដ្រ​។

លោក​ថា​៖ «​ព្រឹត្តិការណ៍​ដែល​ពួកគេ​ចងក្រង​គឺ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ទៅលើ​ក្រុម​គោលដៅ​ដែល​គេ​ការពារ​ក្នុង​នោះ​មាន​សកម្មជន​បរិស្ថាន សកម្មជន​នយោបាយ សកម្មជន​អង្គការ​សង្គម​ស៊ីវិល ដែល​ជា​ក្រុម​គោលដៅ​ដែល​គេ​ត្រូវការពារ​ និង​មាន​របៀបវារៈ​ច្បាស់លាស់​។ គេ​អត់​វិភាគ​ស៊ីជម្រៅ​ទៅ​លើ​ឫសគល់​នៃ​ព្រឹត្តិការណ៍​ទាំងអស់​ហ្នឹង​ទេ ថា​តើ​ព្រឹត្តិការណ៍ ហេតុអ្វី​បាន​កើតឡើង និង​មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​បង្ក​ទៅ​ជា​បទល្មើស​ឬ​អត់​ដែល​នាំឱ្យ​មាន​ការទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​គេ​វិភាគ​តែ​លើ​រូបភាព​ប៉ុណ្ណោះ​ឱ្យតែ​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ទៅលើ​គោលដៅ​ដែល​គេ​ត្រូវការពារ​អាហ្នឹង​គេ​ថា ជា​ការរំលោភបំពាន​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​»​។

លោក​បន្តថា ប្រសិន​បើ​ក្រុម​អង្គការ​ទាំងនេះ​នៅ​តែ​បន្ត​ចេញ​របាយការណ៍​មាន​ភាពលម្អៀង និង​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​ទៀត គឺ​វា​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​សង្គមជាតិ ដូចជា​ប៉ះពាល់​ដល់​សន្ដិសុខ ស្ថិរភាព​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ​ធ្ងន់ធ្ងរ​។

លោក​ថា​៖ «​ព្រោះ​របាយការណ៍​បែប​នេះ​ហាក់​ដូច​របាយការណ៍​លើក​ទឹកចិត្ត​ដល់​គោលដៅ​ដែល​តែង​ធ្វើ​សកម្មភាព​បង្កចលាចល និង​បំពាន​ច្បាប់​នៅ​កម្ពុជា គឺថា​ឱ្យ​ធ្វើ​សកម្មភាព​នេះ​បន្ថែម​ទៀត ដោយ​មិន​ខ្លាចញញើត​ច្បាប់ និង​សមត្ថកិច្ច​អ្វី​ទាំងអស់​។ ពីព្រោះ​ពួកគេ​ដឹងថា​មាន​ក្រុម​ការពារ​គេ​រួចទៅហើយ​គេ​ហ៊ាន​ធ្វើ​អ្វី​គ្រប់យ៉ាង​ទៅតាម​ការចាត់តាំង ដើម្បី​សម្រេច​គោលបំណង​ និង​របៀបវារៈ​នយោបាយ​របស់​គេ ទោះ​ត្រូវ​បំពាន​ច្បាប់​យ៉ាងណាក៏ដោយ​»​។

ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល​នេះ​ធ្វើឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល​ទាំង ៣ ​បានចេញ​របាយការណ៍​កាលពី​ថ្ងៃទី ២៨ ​កក្កដា​ស្ដីពី​ការឃ្លាំមើល​សេរីភាព​មូលដ្ឋាន​ចាប់ពី​ខែមេសា ឆ្នាំ​ ២០១៩ ​ដល់​ខែមីនា ឆ្នាំ​ ២០២០ ដែល​បាន​វិភាគ​លើ​អត្ថបទ​នៃ​សារព័ត៌មាន​សរុប​ចំនួន ១ ១៩៤ ទទួល​បាន​ការរាយការណ៍​ពី​ហេតុការណ៍​ចំនួន​ ១១៩ បាន​ស្ទង់​មតិ​សាធារណជន​ចំនួន ៧៧៩ ​នាក់ និង​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព​ចំនួន ១៤២ នាក់ រួមទាំង​វិភាគ​លើ​ក្របខ័ណ្ឌ​ច្បាប់​កម្ពុជា​ដែល​ទាក់ទង​នឹង​សេរីភាព​មូលដ្ឋាន​។

របាយការណ៍​នេះ​បញ្ជាក់​ថា លំហ​ក្នុង​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​ដូចជា​សេរីភាព​ខាង​សមាគម សេរីភាព​ខាង​បញ្ចេញមតិ និង​សេរីភាព​ការជួបជុំ នៅតែ​មាន​ការរឹតត្បិត​ និង​រំលោភបំពាន​ក្នុង​នោះ​ការបន្ត​បង្ក្រាប​លើ​អ្នកមាន​ទស្សនៈ​នយោបាយ​ផ្ទុយ ការបំបិទ​ការបញ្ចេញមតិ ការអនុវត្ត​ក្រមព្រហ្មទណ្ឌ​តាម​ទំនើងចិត្ត​តាមរយៈ​ការចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ រួមគំនិត​ក្បត់ ញុះញង់ និង​បទ​ក្លែង​ព័ត៌មាន​ធ្វើឲ្យ​មាន​ការ​ថយចុះ​ការយល់ដឹង​របស់​សាធារណជន​ចំពោះ​សេរីភាព​ជា​មូលដ្ឋាន​។

នៅក្នុង​ការឃ្លាំមើល​នោះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​បាន​កត់ត្រា​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​ចំនួន ៦៥៦ ​ករណី​នៅក្នុង​រាជធានី-ខេត្ត​ក្រុង​ទាំងអស់ ហើយ​ក្នុង​នោះ​មាន​ចំនួន ៤៤០ ករណី​ត្រូវបាន​រឹតត្បិត និង​ចំនួន​ ២៤៦ ករណី​ត្រូវបាន​រំលោភបំពាន ហើយ​ព្រឹត្តិការណ៍​ដែល​បង្កើត​ឱ្យ​មាន​ការរឹតត្បិត​ចំពោះ​សេរីភាព​ជា​មូលដ្ឋាន មានដូចជា​ព្រឹត្តិការណ៍​ខួប​ ៣ ​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក កែម ឡី ផែនការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​លោក សម រង្ស៊ី នៅ​ខែ​តុលា និង​ខែវិច្ឆិកា និង​ព្រឹតិ្តការណ៍​ចាប់ផ្ដើម​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

របាយការណ៍​បញ្ជាក់ថា សិទ្ធិ​សេរីភាព​របស់​សមាគម គឺ​មាន​ការរឹតត្បិត​ចំនួន ៣៣៨ ករណី និង​រំលោភបំពាន​មាន​ចំនួន ១៨៦ ​ករណី ហើយ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ត្រូវ​បាន​រឹតត្បិត​ចំនួន ២៤៥ ​ករណី និង​រំលោភបំពាន​ចំនួន​ ១០៣ ​ករណី​ក្នុង​នោះ​មាន​ការកោះ​ហៅ​ចំនួន​ ១៦៦ ​ករណី និង​ការចាប់ខ្លួន ​៩៩ ​ករណី​ហើយ​ពាក់កណ្ដាល គឺជា​ការរំលោភ​សេរីភាព​បញ្ចេញមតិ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ចំណែក​នៅក្នុង​ចំណោម​សេរីភាព​ជួបជុំ​ចំនួន​ ១៨៥ ដែល​បាន​កត់ត្រា គឺ​ក្នុងនោះ​មាន​ការរឹតត្បិត​មាន​ចំនួន​ ៥៣ ​ករណី និង​ការរំលោភបំពាន​ចំនួន​ ២១ ​ករណី​។

លោក​ ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​អាដហុក​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ដែល​ចងក្រង​ទាំងនេះ​មិនមែន​ធ្វើឡើង​តែ​ចំពោះ​ក្រុម​គោលដៅ​ឡើយ ប៉ុន្តែ​គឺធ្វើ​ឡើង​សម្រាប់​ពលរដ្ឋ​ទូទៅ​ទាំងអស់ ហើយ​គឺជា​បញ្ហា​ដែល​កើតឡើង​ពិតប្រាកដ​។

លោក​ថ្លែង​បន្តថា វា​មិនមាន​អ្វី​ចម្លែក​ឡើយ ដែល​រដ្ឋាភិបាល​តែង​ច្រានចោល​របាយការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទាំង​អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៣ ​នេះ​រួមទាំង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ជាដើម​។ លោក​យល់ថា រដ្ឋាភិបាល​គួរប្រើប្រាស់​ទិន្នន័យ​ក្នុង​របាយការណ៍​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ការរឹតត្បិត និង​ការរំលោភបំពាន​លើ​សិទ្ធិ​ទាំងនោះ​បន្ត​កើតឡើង​ទៀត​។

លោក​ ករុណា បញ្ជាក់ថា​៖ «​សិទ្ធិ​ទាំង​ ៣ ​នេះ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​សង្គម​ប្រជាធិបតេយ្យ ហើយ​ប្រសិន​បើ​សិទ្ធិ​ទាំងអស់​ហ្នឹង​មិន​អាច​អនុវត្ត​បាន អ៊ីចឹង តើ​ប្រទេស​ហ្នឹង​គេ​ហៅថា ប្រទេស​ប្រជាធិបតេយ្យ​ទៀត​ឬ​យ៉ាងម៉េច​? ការតវ៉ា​នឹង​អាច​កាន់តែ​កើតឡើង ប្រសិន​បើ​នៅតែ​មាន​ការរឹតត្បិត​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់ថា អ្វីដែល​រដ្ឋាភិបាល​បាន​ធ្វើ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​សង្គមជាតិ​កើតមាន​ចលាចល និង​ដើម្បី​ការពារ​សុខសន្ដិភាព និង​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សេដ្ឋកិច្ចជាតិ​ជាដើម​។

លោក​ថា​៖ «​ការបញ្ចេញមតិ​កន្លង​មក វា​បង្កើត​ចលាចល​ដែល​យើង​មិន​ចង់ឃើញ​ឱ្យ​មាន​ទេ​»​។

ចំណែក​លោក ជិន ម៉ាលីន បាន​លើកឡើង​ថា​ក្នុង​នាម​ជា​អ្នកជំនាញ​សិទ្ធិមនុស្ស ក្រៅពី​ធ្វើ​របាយការណ៍​វិភាគ​អំពី​កង្វះខាត​របស់​រដ្ឋាភិបាល ពួកគេ​គួរតែ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​គោរព​ច្បាប់ និង​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ចៀសវាង​ការប្រឈមមុខ​ជាមួយ​ផ្លូវច្បាប់​៕