ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បានចាត់ទុក​លទ្ធផល​ស្ទង់​មតិ​របស់​អង្គការ​តម្លាភាព​កម្ពុជា​ស្តីពី​ការវាស់វែង​អំពី​អំពើពុករលួយ​ជា​សកល​ឆ្នាំ​ ២០២០ ​ថា​ មិនអាច​យក​មក​ប្រើ​ជា​ផ្លូវការ​បាន ដោយសារ​ការស្ទង់មតិ​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​តថភាព​នៅក្នុង​សង្គម​កម្ពុជា ថ្វីបើ​គិត​ជា​ភាគរយ​មាន​ការថយចុះ​ក៏ដោយ​។

កាលពី​ថ្ងៃទី​ ២៤ វិច្ឆិកា អង្គការ​តម្លាភាព​កម្ពុជា​បាន​ប្រកាស​ផ្សាយ​របាយការណ៍​ស្តីពី​ការវាស់វែង​អំពី​អំពើ​ពុករលួយ​ជា​​សកល​ឆ្នាំ​ ២០២០ ដោយ​ផ្អែកលើ​ការស្ទង់មតិ​សាធារណជន​អំពី​ទស្សនៈ និង​បទពិសោធ​របស់​ពួកគេ​ក្នុង​តំបន់​អាស៊ី​ចំនួន​ ១៧ ​ប្រទេស​ទាក់ទង​នឹង​ករណី​ពុករលួយ​។

តាម​ការស្ទង់មតិ​នេះ​បាន​រកឃើញ​ថា កម្ពុជា​នៅតែមាន​អំពើពុករលួយ​នៃ​ការសូកប៉ាន់​ខ្ពស់​ក្នុង​ចំណោម​ប្រទេស​ទាំង​ ១៧ ​នោះ​ដោយ​ប្រសើរ​ជាង​តែ​ឥណ្ឌា​មួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការរកឃើញ​នេះ​បង្ហាញ​ថា អំពើពុករលួយ​នៅ​​កម្ពុជា​បាន​ថយចុះ​ពី​ ៤០ ​ភាគរយ​ មក​នៅត្រឹម​ ៣៧ ​ភាគរយ ​បើ​ធៀប​នឹង​ការស្ទង់មតិ​កាលពី​ឆ្នាំ​ ២០១៦​។

របាយការណ៍​ដែល​ផ្អែកលើ​​ការស្រង់​មតិ​ពលរដ្ឋ​កម្ពុជា​ចំនួន​ ១ ០០០ ​នាក់ និង​ពលរដ្ឋ​នៅ​អាស៊ី​ជិត​ ២ ​ម៉ឺន​នាក់​បាន​ឱ្យ​ដឹង​បន្តថា អំពើពុករលួយ​ទូទាំង​អាស៊ី បាន​កើនឡើង​នៅ​ ១២ ​ខែ​ចុងក្រោយ​នេះ ។

របាយការណ៍​ដដែល​បាន​ឱ្យដឹង​ទៀតថា ពលរដ្ឋ​កម្ពុជា​ដែល​​ឆ្លើយ​សំណួរ​ ៨៩ ​ភាគរយ​យល់​ថា មាន​អំពើពុករលួយ​ក្នុង​ជួរ​​មន្ត្រីនគរបាល រីឯ​ ៧២ ​ភាគរយ ​យល់ថា​មាន​ក្នុង​វិស័យ​តុលាការ និង​ក្នុង​មន្ត្រី​រដ្ឋាភិបាល​។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា​ «៣៧ ​ភាគរយ​ នៃ​អ្នក​ចូលរួម​ផ្តល់​សម្ភាសន៍​ឆ្លើយ​ថា ធ្លាប់បាន​សូកប៉ាន់​ ដើម្បី​ទទួល​បាន​សេវាសាធារណៈ​ក្នុង​រយៈពេល​ ១២ ​ខែ​កន្លង​មក​នេះ​។ ក្នុងចំណោម​អ្នក​បាន​ឆ្លើយថា បាន​ធ្លាប់​សូកប៉ាន់​ ៤០ ​ភាគរយ​បញ្ជាក់ថា ធ្លាប់​សូកប៉ាន់​ដើម្បី​ទទួល​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​ ៣៨ ​ភាគរយ​ បាន​សូកប៉ាន់​ដល់​ប៉ូលិស​»​។

យ៉ាងណាក្ដី​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លទ្ធផល​នៃ​ការរកឃើញ​នេះ គឺ​មិន​អាច​ឱ្យ​រដ្ឋាភិបាល​យកមក​ធ្វើជា​មូលដ្ឋាន​ក្នុង​ការប្រើ​ជា​ផ្លូវការ​បាន​ទេ ដោយសារ​តែ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ពិនិត្យ​មើល​ទៅ​របាយការណ៍ និង​លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​យក​​មក​ធ្វើជា​មូលដ្ឋាន​សម្រាប់​ធ្វើការ​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រទេស​មិនកើត ព្រោះ​នេះ​គ្រាន់​ជា​ការស្ទង់មតិ ហើយ​រើសយក​មនុស្ស​ ១ ​ក្រុម​យក​មក​សួរ ហើយ​យើង​មិនដឹងថា យក​ក្រុម​ណា​ផង ដែល​មាន​និន្នាការ​នយោបាយ​របៀប​ម៉េច​?... ហើយ​​ធាតុ​ផ្សំ​នៃ​បទល្មើស​ពុករលួយ​យ៉ាងម៉េច​ផង​»​។

ក៏ប៉ុន្តែ​លោក ម៉ាលីន បាន​ជំរុញ​ឱ្យ​អង្គការ​នេះ​គួរ​មាន​មូលដ្ឋាន​ច្បាស់លាស់​ដោយ​បង្ហាញ​ពី​បញ្ហា​អំពើពុករលួយ​ឱ្យ​ចំ​គោលដៅ​ជាក់លាក់​ជាង​នេះ​ដើម្បីឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​អាច​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការបង្ក្រាប​បទល្មើស​ទាំងនោះ​។

ចំណែក​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​​ហៅ​របាយការណ៍​នេះ​ថា មិនមាន​​ភាព​សុចរិត និង​មិនបាន​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា ព្រោះ​មាន​គោលបំណង និង​និន្នាការ​នយោបាយ​របស់ខ្លួន​រួចជាស្រេច​ទៅហើយ​។

លោក​ថា​៖ «​ប្រសិនបើ​យើង​មើល​ទៅលើ​សមិទ្ធផល​របស់​រដ្ឋាភិបាល និង​សង្គម​កម្ពុជា​ហ្នឹង​គឺ​បាន​ទទួល​ស្គាល់​នឹង​ការប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ​រួចទៅ​ហើយ ដែល​មាន​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បានធ្វើ​កិច្ចការ​នេះ​។ ​ស្រប​ជាមួយ​គ្នា​ហ្នឹង ការប្រើប្រាស់​លុយ​ផ្ទាល់ដៃ និង​ការសម្រេច​គឺ​មាន​តម្លាភាព​តែងតែ​មាន​ការត្រួតពិនិត្យ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​»​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​លើកឡើង​ថា របាយការណ៍​នេះ​អាច​មាន​លម្អៀង​ខ្លះ​ព្រោះ​ការស្ទង់មតិ​លើក​នេះ​ធ្វើ​ឡើង​​តាម​ទូរស័ព្ទ ដែល​ខុស​ពី​មុន​ធ្វើ​​តាម​ការចុះ​ជួប​ពលរដ្ឋ​ផ្ទាល់​។

យ៉ាងណា​លោក​អះអាង​ថា របាយការណ៍​នេះ​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ឯករាជ្យ ដែល​នៅតែ​អាច​ធានាបាន​នូវ​សុក្រឹតភាព និង​ភាពប្រាកដប្រជា ដែល​អាច​យក​ធ្វើជា​មូលដ្ឋាន​មួយ​ក្នុង​ការលុបបំបាត់​អំពើពុករលួយ​នៅ​កម្ពុជា​បាន​។

លោក​បញ្ជាក់ថា​៖ «​ការសិក្សា​នេះ គឺ​ធានា​បាន​នូវ​សុចរិតភាព​ខ្ពស់​ណាស់​ក្នុង​ការធានាថា កម្រង​​សំណួរ ហើយ​ និង​ការសាកសួរ​មាន​ភាពប្រាកដប្រជា​ខ្ពស់ ដែល​កម្រិត​លម្អៀង​មាន​តិច​បំផុត​។ ​ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​សាមីក្រសួង មេត្តា​ត្រួតពិនិត្យ​អំពី​ព័ត៌មាន​លម្អិត​នៃ​ការរកឃើញ​ពី​មតិយោបល់​របស់​ពលរដ្ឋ​»​។ ក្នុងពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ផ្ទួនៗ ការកាត់បន្ថយ​អំពើ​ពុករលួយ​​គឺជា​ការចាំបាច់​បំផុត​។

យោងតាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​កម្ពុជា​អំពើ​ពុករលួយ​នៃ​ការសូកប៉ាន់​នៅ​កម្ពុជា​​គឺ​មាន​ការថយចុះ បើ​ធៀប​នឹង​ការស្ទង់មតិ​រយៈពេល​ ៣ ​ដង​កន្លង​មក​នេះ​ដោយ​កាលពី​ឆ្នាំ​ ២០១៣ មាន​ ៥៧ ​ភាគរយ​​ នៅ​ឆ្នាំ​ ២០១៦ មាន​ ៤០ ភាគរយ និង​ចុងក្រោយ​ឆ្នាំ​ ២០២០ ​នេះ​មាន​ ៣៧ ​ភាគរយ​៕

វីដេអូ៖