The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី៖ លោក កឹម សុខា មិន​ទាន់​ដល់​ពេល​ត្រូវ​លើក​លែង ឯសម្ពាធ​អន្តរជាតិ​មិន​អាច​បង្ខំ

មន្ត្រី៖ លោក កឹម សុខា មិន​ទាន់​ដល់​ពេល​ត្រូវ​លើក​លែង ឯសម្ពាធ​អន្តរជាតិ​មិន​អាច​បង្ខំ

Content image - Phnom Penh Post
លោក កឹម សុខា និង​ភរិយា​ដែល​ឥឡូវ​នេះ​លោក​កំពុង​ត្រូវ​ឃុំ​ក្នុង​​ផ្ទះ។ រូប ហ្វេសប៊ុក KS

មន្ត្រី៖ លោក កឹម សុខា មិន​ទាន់​ដល់​ពេល​ត្រូវ​លើក​លែង ឯសម្ពាធ​អន្តរជាតិ​មិន​អាច​បង្ខំ

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​បញ្ជាក់​ថា ករណី​លោក​ កឹម សុខា អតីត​មេបក្ស​ប្រឆាំង ​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ក្នុង​ផ្ទះ​នោះ​នៅ​តែ​ស្ថិត​ក្នុង​​ដំណើរការ​នីតិវិធី​របស់​តុលាការ​នៅ​ឡើយ ​ដូច្នេះ​មិន​ទាន់​ដល់​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​ស្នើ​ឲ្យ​មាន​ការ​លើក​លែង​ទោស​នោះ​ទេ​ ដែល​នេះ​ជា​ការឆ្លើយតប​ទៅ​នឹង​មេ​ចលនា​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី​ ដែល​ប្រកាស​​អំពី​សម្ពាធ​ដ៏ខ្លាំង​របស់​អន្តរជាតិ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការចោទ​ប្រកាន់​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ម្សិលមិញ​ថា​អំណាច​ក្នុង​ការកំណត់​ ឬ​សម្រេច​​លើ​ករណី​លោក​ កឹម សុខា ថា​ តើ​ត្រូវ​ដោះលែង​ឬ​យ៉ាង​ណា​នោះ​គឺជា​ការសម្រេច​របស់​តុលាការ​ដែល​រដ្ឋាភិបាល​មិន​លូកលាន់​ក្នុង​សាច់​រឿង​នេះ​ទេ​។ ចំណែក​សម្ពាធ​អន្តរជាតិ​ក៏​មិន​មាន​អំណាច​អ្វី​មក​បង្ខំ​តុលាការ​កម្ពុជា​ឲ្យ​អនុវត្ត​តាម​ខ្លួន​នោះ​ទេ ព្រោះ​តុលាការ​ធ្វើ​តាម​ដែន​សមត្ថកិច្ច​ដែល​ជា​អំណាច​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​អង្គការ​ឯករាជ្យ​មិន​មាន​អ្នកណា​លូក​លាន់​បាន​។

លោក​ ស៊ីផាន ថ្លែង​ថា​៖ «គាត់​ [លោក​ សម រង្ស៊ី] ​ចេះ​តែ​និយាយ​ទៅ​និយាយ​អត់​បាន​ការ​និយាយ​អត់​​បាន​ផល​។ រាប់​ឆ្នាំ​ហើយ​គាត់​និយាយ​មិន​ដែល​បាន​ផល​អី​ទេ​។ គាត់​មិន​ដែល​ឲ្យ​តម្លៃ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ខ្មែរ​ច្បាប់​ខ្មែរ​បន្តិច​សោះ​»។

ជាមួយ​គ្នា​នេះ​លោក​ ផៃ ស៊ីផាន បន្ថែម​ថា​វិធាន​នៃ​ដំណើរការ​យុត្តិធម៌​ហ្នឹង​មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តែ​ម្នាក់​គត់​ដែល​ត្រូវ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ក្នុង​ការ​ដោះលែង​ ឬ​សម្រួល​ដល់​ទោស​ណា​មួយ​ដែល​ត្រូវ​បាន​សម្រេច​ក្តី​រួច​ហើយ​។

លោក​បញ្ជាក់​ថា​៖ «ដំណើរការ​យុត្តិធម៌​មិន​ទាន់​បាន​ពាក់​កណ្តាល​​ផង​ហ្នឹង​! កឹម សុខា ជា​ជនសង្ស័យ​ដែល​ជាប់​បន្ទុក​សង្ស័យ​របស់​តុលាការ​នៅក្នុង​ការតាមដាន​របស់​តុលាការ​។ ដូច្នេះ​ការសម្រេច​របស់​តុលាការ​មិន​ទាន់​បាន​ជា​ផ្លែផ្កា​»។

តាមរយៈ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ចុង​សប្តាហ៍​លោក​ សម រង្ស៊ី ​ដែល​ក៏​ជា​អតីត​ប្រធាន​គណអតីតបក្ស​សង្គ្រោះ​ជាតិ​បាន​សរសើរ​លោក​ កឹម សុខា ដែល​ជា​ដៃគូ​នយោបាយ​របស់​លោក​អំពី​ជំហរ​នយោបាយ​រឹងមាំ​របស់​លោក​ កឹម សុខា ហើយ​ថា​លោក​ សុខា ទោះបី​មិន​មាន​សេរីភាព​និយាយ​ខ្លួនឯង​ក៏ដោយ​ប៉ុន្តែ​លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​រក្សា​ស្មារតី​ឯកភាព ​និង​ប្តូរផ្តាច់​ឲ្យ​រឹងមាំ​ជា​ទីបំផុត​ដោយ​អះអាង​ថា​ គណបក្ស​​សង្គ្រោះជាតិ​នឹង​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​។

លោក សម រង្ស៊ី សរសេរ​ទៀត​ថា​៖ «ក្រោម​សម្ពាធ​អន្តរជាតិ​ដ៏ខ្លាំងក្លា​ដែល​មិន​ធ្លាប់​ឃើញ​ពីមុន​មក​របប​ ហ៊ុន សែន ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ដោះលែង​លោក​ កឹម សុខា ឲ្យ​ទទួល​បាន​សេរីភាព​ពេញ​លេញ ​និង​ស្ថាពរ​ដោយ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​ដែល​គ្មាន​នរណា​ជឿ​ទាល់តែ​សោះ​មក​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​»។

គួរ​រំឭក​ថា​កាលពី​ថ្ងៃ​ទី ១៨ ខែ​តុលា ឆ្នាំ ២០១៨ ​សហភាព​អន្តរសភា​ (IPU) ​ដែល​ប្រមូលផ្តុំ​រដ្ឋសភា​ជាង​ ១៧០ ​ប្រទេស​ទូទាំង​ពិភពលោក​បាន​ចេញ​សេចក្តី​សម្រេច​មួយ​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ កឹម សុខា ជាបន្ទាន់​ហើយ​ដោយ​គ្មាន​លក្ខខណ្ឌ​ព្រមទាំង​ទាមទារ​ឲ្យ​​រដ្ឋាភិបាល​​លោក​ ហ៊ុន សែន ​បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ដំណើរការ​ឡើង​វិញ​។

ប៉ុន្តែ​លោក​ ផៃ ស៊ីផាន បញ្ជាក់​ថា​ការលើក​ឡើង​អំពី​ការវិល​ត្រឡប់​មកវិញ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​នោះ​គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​វិទ្ធង្សនា​តែ​ប៉ុណ្ណោះ ​ព្រោះ​បក្ស​ប្រឆាំង​មួយ​នេះ​ក្រោយពី​ការសម្រេច​រំលាយ​ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ ហើយ​នោះ​មិន​អាច​មាន​វត្តមាន​នៅពេល​នេះ​ទៀត​ទេ​ដែល​យ៉ាង​ហោច​ណាស់​ត្រូវ​ទទួល​ទណ្ឌកម្ម​ ៥ ឆ្នាំ​សិន​។

ទោះ​យ៉ាង​ណា​សម្រាប់​លោក​ ផែង ហេង ដែល​ជា​មេធាវី​ការពារ​​ក្តី​ឲ្យ​លោក​ កឹម សុខា ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​ករណី​នេះ​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ​ខាង​ណា​ដែល​តម្រូវ​ឲ្យ​មាន​ការដោះលែង​កូន​ក្តី​របស់​លោក​ ឬ​តម្រូវ​ឲ្យ​បន្ត​ឃុំ​ខ្លួន​កូន​ក្តី​លោក​នោះ​ទេ​ ប៉ុន្តែ​ក្នុង​នាម​ជា​មេធាវី​លោក​ទទូច​ឲ្យ​មាន​ការដោះលែង​លោក​ កឹម សុខា ព្រោះ​ថា​រហូត​មក​ដល់​ពេល​នេះ​តុលាការ​នៅ​មិន​ទាន់​រកឃើញ​ភ័ស្តុតាង​អ្វី​ដើម្បី​ដាក់បន្ទុក​លើ​កូន​ក្តី​លោក​ឡើយ​។

លោក​ថ្លែង​ថា​៖ «​នីតិវិធី​ច្បាប់​ខ្ញុំ​ជា​មេធាវី​ខ្ញុំ​ពិនិត្យ​ភ័ស្តុតាង និង​អង្គហេតុ​ហ្នឹង​ហើយ​យើង​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​​ការចោទ​ប្រកាន់ ឬ​ក៏​លើកលែង​ការចោទ​ប្រកាន់​មក​លើ​ឯកឧត្តម​ កឹម សុខា ព្រោះ​យើង​ការពារ​ក្តី​រឿង​ហ្នឹង​ យើង​មើល​ឃើញ​ថា​អង្គហេតុ​ហ្នឹង​វា​មិន​មាន​អី​ត្រូវ​ដាក់​បន្ទុក​លើ​កូន​ក្តី​យើង​ទេ​»។

ទាក់ទង​នឹង​ការលើក​ឡើង​ថា​ការស្នើ​សុំ​ពី​លោក​ ហ៊ុន សែន ក្នុង​ការ​លើកលែង ​ឬ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​លោក​​ កឹម សុខា ​មិន​ទាន់​ដល់​ពេលវេលា​ដែល​ត្រូវ​ធ្វើការ​សម្រេច​នោះ​អ្នក​វិភាគ​នយោបាយ ​និង​ជា​នាយក​​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក​ ព្រាប កុល ថ្លែង​ថា​ការផ្សះផ្សា​ជាតិ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​គឺ​មិន​រើស​ពេលវេលា​ទេ ដរាប​ណា​ភាគី​ជម្លោះ​មាន​ឆន្ទៈ​។

លោក ព្រាប កុល ថ្លែង​ថា​៖ ​«ការបន្ត​សង្គ្រាម​ពាក្យ​សម្តី​រវាង​មេដឹកនាំ​នយោបាយ និង​ការ​ចង់​ឈ្នះ​ចាញ់​របស់​អ្នក​នយោបាយ​ធ្វើឲ្យ​ជាតិ​ និង​ពលរដ្ឋ​ខាត​បង់»។

លោក កឹម សុខា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ដែល​ការ​ចោទ​នេះ​ផ្អែក​ទៅលើ​វីដេអូ​ឃ្លីប​ដែល​លោក​និយាយ​ទៅ​កាន់​អ្នកគាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី ​កាលពី​ឆ្នាំ ២០១៣ ដោយ​ថា​ការវិល​ត្រឡប់​ចូល​នយោបាយ​របស់​លោក​វិញ​នេះ​គឺ​ដោយសារ​មាន​ការ​គាំទ្រ ​និង​បង្ហាញ​ពី​យុទ្ធសាស្ត្រ​តាម​បែប​ប្រជាធិបតេយ្យ​ពី​សំណាក់​អ្នក​ជំនាញ ​និង​សាស្ត្រាចារ្យ​ល្បីៗ​របស់​អាមេរិក​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​សង្វៀន​នយោបាយ​។

ប៉ុន្តែ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជាច្រើន​បាន​ចាត់ទុក​​ការ​ចោទប្រកាន់​ទៅ​លើ​លោក​ កឹម សុខា ថា​ជារឿង​នយោបាយ​​ក្រោយពី​អតីត​គណបក្ស​ប្រឆាំង​របស់​លោក​ត្រូវ​បាន​គេមើល​ឃើញ​ពី​សម្ទុះ​នៃ​ការគាំទ្រ​កើនឡើង​ខ្លាំង​សម្រាប់​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ ២០១៧​៕

អត្ថបទគួរចាប់អារម្មណ៍