ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួ​ង​​សាធារណការ និង​ដឹកជញ្ជូន​ និង​នគរបាលជាតិ​ បាន​អះអា​ងថា ​វិធានការ​​ត្រួត​ពិនិត្យ​លក្ខ​ណៈ​​បច្ចេកទេស​យាន​យន្ត និង​បណ្ណ​បើកបរ​រថយន្ត​ដឹកទំនិញ​នៅ​តា​ម​​កំពង់ផែ​ បាន​នឹង​កំពុង​ទទួល​ជោគជ័យ ខណៈដែល​សមាគ​ម​​រោងចក្រ​កាត់ដេរនៅ​កម្ពុជា (GMAC) ​បាន​សម្តែង​​ក្តី​បារ​ម្ភ​​​ចំពោះ​វិធាន​ការអនុវត្តច្បាប់​នេះ​​​ដោយ​ថា ​បានធ្វើ​ឲ្យ​ប៉ះ​ពា​ល់​ដល់​ដំណើរការ​ដឹក​ជញ្ជូន​ក្នុង​​វិស័យ​កាត់ដេរ។

វិធានការ​ត្រួត​ពិនិត្យ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ស្តីពី​ការ​ត្រួត​ពិនិ​ត្យ​លក្ខណៈ​បច្ចេក​ទេសយា​​ន​យន្ត​ និង​បណ្ណ​បើក​បរ របស់​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញចេ​ញ​ចូល​កំពង់ផែ​ស្វ​យ័ត​​ក្រុងព្រះសី​ហ​នុ​ និង​កំពង់​ផែស្វយ័ត​ក្រុ​ងភ្នំពេញ​ធ្វើ​ឡើង​បន្ទាប់ពី​លោក ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដាក់​បញ្ជា​ថា បើសិនអ្នក​បើកបរ​រថយន្តគ្មាន​បណ្ណ​បើក​បរ ឬ​រថយន្ត​គ្មាន​ការ​ឆៀក​ត្រឹម​ត្រូវ​ទេនោះគឺ​ក្រសួង​មិន​អនុ​ញ្ញា​​ត​ឲ្យ​​រថយន្ត​របស់​ក្រុមហ៊ុន​នោះ​ដឹក​ទំនិញ​ចេញពី​កំពង់ផែ​ឡើយ។

GMAC កាលពី​ថ្ងៃទី ១ ខែ​ កក្កដា ឆ្នាំ ២០១៩ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ស្នើ​សុំរាជ​រដ្ឋាភិបាលកម្ពុ​ជាឲ្យ​មាន​ដំណោះ​ស្រាយ​បណ្ដោះអាសន្ន​មួយជាមួយ​សមាគម​អ្នក​ដឹកជញ្ជូន​កម្ពុជា (CAMTA) ពាក់ព័ន្ធការ​ពង្រឹ​ងការ​អនុវត្ត​ច្បាប់​ចរាចរណ៍របស់​គណៈ​កម្មការ​ជាតិ​សុវត្ថិ​ភាព​ចរាច​រណ៍​ផ្លូវ​គោក ពីព្រោះសមាជិករបស់ GMAC បាន​និង​កំពុង​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​នៅ​ក្នុង​បញ្ហា​នេះ។

សេចក្តី​ថ្លែង​ការណ៍​លើក​ឡើ​ង​​ដូច្នេះ​ថា៖ «វត្ថុធាតុ​ដើម​នាំចូល និង​ផលិត​ផលសម្រេច​នាំ​ចេញ​​ជា​ច្រើន​របស់​សមា​ជិក ​GMA​C ត្រូវ​បាន​កកស្ទះ ដែល​​នឹង​អាច​បង្កឲ្យមាន​ការខាតបង់​ផ្នែក​ហិ​រ​ញ្ញវត្ថុ ក៏ដូចជា​ទំនុកចិត្តពី​សំណាក់​អ្នកបញ្ជា​ទិញលើ​ភា​ព​អាច​ទុកចិត្តបានស្តីពី​ប្រសិទ្ធភាព​នៃ​ការ​ផ្គត់ផ្គង់​ទំនិញ​បាន​ទាន់​ពេល​វេលា»។

លោក ខេន​ លូ អគ្គ​​លេខា​​ធិការ​ GMAC ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ម្សិល​មិញ​​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បន្ទាប់ពី​​ស​ន្និ​សី​ទ​​សារព័ត៌មាន​ស្តីពី​ស្ថាន​ភាព​ការ​​​អនុវត្តយន្តការចុះ​ត្រួតពិនិត្យ លក្ខណៈបច្ចេក​ទេស​យានយន្ត​ និង​បណ្ណ​បើកបរ​រ​បស់​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញចេញ ចូល​កំពង់​ផែស្វ​យ័ត ក្រុង​ព្រះសីហ​នុ និង​កំពង់​ផែ​ស្វយ័ត​ក្រុង​​ភ្នំពេញ​ថា​ វិធានការ​អនុវត្តន៍​ច្បាប់ ចរា​ចរណ៍​នេះ បានធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ដឹកជញ្ជូនមួយ​ចំនួន​ធំ​មិន​ហ៊ាន​ដឹក​ទំនិញ​ចូល​កំព​ង់​ផែ​ដោយ​សារតែ​ពួកគេ​ខ្លា​ចកា​រផាក​ពិន័យ​ដែល​បណ្តាល​ឲ្យ​មាន​​ការកកស្ទះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​វិស័យ​កាត់ដេរ។

លោក​បញ្ជាក់​ថា៖ «វា​ប៉ះពាល់​ខ្លាំង​ដោយសារតែ​ក្រុមហ៊ុន​ដឹកជញ្ជូន​គាត់​ខ្លាចការ​ពិន័យ ដូច្នេះ​គេ​មិន​ទទួល​អី​វ៉ាន់ពី​រោង​ចក្រ ​ដូច្នេះ​រោង​ចក្រ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះមុខ​អ្នកបញ្ជា​ទិញនៅ​ពេល​ដែល​រោង​ចក្រ​​ខាត​ តើនរ​ណា​ទទួលខុស​​ត្រូវ។ ​ម្ចាស់​រោងចក្រ (មួយ​ចំនួន​) កំពុង​យំ»។

ទន្ទឹម​នឹង​នេះ​ដែរ​ម្ចាស់​ក្រុម​ហ៊ុន​ដឹកជញ្ជូន​​ទំនិញ​មួយ​ក្នុង​ចំណោ​​ម​ម្ចាស់​ក្រុមហ៊ុន​​ចំនួន​ ៣០ ដែល​គ្រាន់​​តែ​ប្រាប់​ថា ឈ្មោះ​ ឆាយ បាន​ថ្លែង​ថា មន្ត្រី​សមត្ថ​កិច្ចបាន​ប្រព្រឹត្ដអំពើ​ពុក​រលួយ​ តាម​រយៈ​ការ​ផាក​ពិន័យ​ដោយ​ទាម​ទារទឹ​ក​ប្រាក់​ដ៏ច្រើន​ដែល​អ្នកបើក​បរមួយ​ចំនួន​ធំមិន​អាចបង់​ជូន​បាន ដែល​ធ្វើ​ឲ្យ​ពួក​គេ មិន​ហ៊ាន​ចូល​កំពង់​ផែ​ដោយ​ខ្លាច​ការ​ផាក​ពិន័យ។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​កុង​តឺន័រ មិន​ចូល​ផែដោយ​សារ​តែ​ខ្លាច​ប៉ូលិស​ផាក​ពិន័យប៉ូលិ​ស​គាត់​រក​កំហុស​គ្រប់​បែប​យ៉ាង ដើម្បីផាក​ពិន័យ​ហើយ​នៅ​ពេ​ល​​ដែល​ពួក​គេ​ផាក​ពិន័យ​ម្តងៗ​ទា​រ​រាប់​រយ​ដុលា្លរ។ ការ​ផាក​ពិន័យបែប​នេះ​ធ្វើ​បាប​ប្រជាជន​​ និង​កម្មករ​ហើយ​»។

លោក សេង ឈួន រដ្ឋ​លេខាធិការ​ក្រសួង​សាធារណ​ការ​ និង​ដឹកជញ្ជូន​។ ហេង ជីវ័ន

ប៉ុន្តែលោក សេង ឈួន រដ្ឋ​​លេខាធិ​ការ​ក្រសួង​សាធារ​ណ​​​​ការ និង​ដឹក​ជញ្ជូន​ ដែល​ជា​​ប្រធាន​ក្រុម​ការ​ងារ ត្រួត​​ពិនិត្យ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរ​ណ៍​ផ្លូវគោក​​ថ្លែង​ប្រាប់​អ្នក សារព័ត៌មាន​ក្នុង​ស​ន្និសីទ​សារ​ព័ត៌មាន​ស្តីពី​ស្ថានភាព​ការ​​អនុវត្តយន្ត​ការចុះ​ត្រួត​ពិនិត្យ លក្ខណៈ​បច្ចេក​ទេស​យានយន្ត​ និង​បណ្ណ​បើកបរ​រ​បស់​អ្នក​បើក​បរ​រថយន្ត​ដឹក​ទំនិញ ចេញចូល​កំពង់​ផែ ស្វ​យ័តក្រុង​ព្រះ​ស៊ី​ហ​នុ​ និង​កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ថា ​យានយន្ត​ភាគច្រើន ​គឺមាន​លក្ខណៈ​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​ហើយ​ម្ចាស់​ក្រុម​ហ៊ុនដឹក​​ជញ្ជូនអ្នក​បើក​បរម្ចាស់​យានយន្ត​មាន​ការ​​​ចូលរួម អនុវត្ត​ច្បាប់ បាន​ល្អ។

លោក​​​បន្តថា ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​យាន​​យន្តអ្នក​បើ​កបរយាន​យន្ត​ប្រហែ​ល​ជា ១០ ភាគ​រយ ដែល​មិន​ទាន់​បាន​ចូលរួម​គោរព​ច្បាប់ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ ​និង​​នៅមាន​រថយន្ត​​ធុន​ធ្ង​ន់​​មួយ​ចំនួនតូច​ខុស​លក្ខណៈ​បច្ចេក​​​​ទេស ហើយ​នៅ​មាន​អ្នកបើកបរ​​មួយ​ចំនួន​គេច​វេះពុំ​ព្រម​សហ​ការ​ជា​មួយ​សមត្ថកិច្ច​ដើម្បី​ចូល​​រួម​ពិនិត្យ​បណ្តាល​ឲ្យ​កកស្ទះ។

លោក​​បាន​ច្រាន​​ចោលការ​ចោទប្រ​កាន់​របស់​ក្រុមហ៊ុន​មួយ​ចំនួ​​ន​ ដែលថា សមត្ថកិច្ច​បាន​​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ ​«ម្ចាស់​ក្រុម​​ហ៊ុន​គេ​ថា ​យើង​សមត្ថកិច្ច​ធ្វើការ​ផាក​ពិន័យ​យកលុយ​គេ បញ្ហា​​នេះ ខ្ញុំ​សូម បញ្ជាក់ជូន​ថា យើង​មានឯកសារ​ផាកពិន័យ​ទាំង​អស់ ពី​តម្លៃ​ប៉ុន្មាន​ ដល់​ប៉ុន្មាន​នៅក្នុង​តារាងហើយ​ប្រសិ​​​​ន​បើយើង​គោរព​ច្បាប់​តាម​ការណែនាំ​និង​អនុ​ក្រឹត្យ​គេ​មិន​ដែ​ល​​ទៅឆែក​ ឬ​ទៅ​សួរនាំ នោះទេ។ ប្រសិនបើ​យើង​មានឯក​សារ​​គ្រប់​គ្រាន់​យើង​ជិះ​មិន​ខ្លាចប៉ូលិ​ស​ទេ​ តែ​នៅពេលដែល​យើង​ខ្វះ​ហើយ​ពេល​យើង​ឃើ​ញ​ប៉ូលិស​ យើង​ខ្លាច​តែម្តង ដោយ​យើង​ដឹង​ថា​គេ​នឹង​ផាក​ពិន័យ»។

បើ​តាមលោក ឈួន ​តាម​ការពិនិត្យ​អង្កេត​នៅ​កំពង់​ផែ​ភ្នំពេញ​កន្លងមកនេះ ​មាន​ការ​កកស្ទះ​ដោយសារតែ​រ​ថ​យន្ត​ទាំ​ងអស់នោះ​មិនមាន​ឯកសារ​គ្រប់​គ្រាន់​​ ធ្វើ​ឲ្យ​​អ្នកបើក​បរ មិ​ន​​ហ៊ាន​ចូល​ខណៈ​​អ្នក​ដែលមាន​ឯកសារគ្រប់គ្រាន់​គេ​ចេញ​ចូល​​បាន​​ដោយ​​ងាយ​ស្រួល។

ចំណែក​​នាយ​ឧ​ត្ត​ម​សេនីយ៍ ហឹុម យ៉ាន អគ្គស្នងការ​រង​នគរ​​​​បាល​ជាតិ បាន​ថ្លែង​នៅក្នុង​សន្និសីទ​នោះដែរថា​ ក្នុង​រយៈពេ​ល ១៥ ថ្ងៃ​កន្លងមក ​ក្រសួង​បា​ន​ពិនិត្យ​យានយន្ត​សរុប​ចំនួន​ ១ ៩​៥​៤ គ្រឿង ​ទាំងនៅ​កំពង់​ផែ​ស្វ​យ័ត​ក្រុង ព្រះ​សីហ​នុ​ និង​កំពង់​ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ ហើយ​ថា​ មាន​រថយន្ត​ប្រមាណ​ជា ៣០០ គ្រឿង ដែលមាន​ចំនួ​ន ស្មើនឹង ១១ ភាគរយ ​នៃ​ចំនួន​សរុប ដែល​បាន​រំលោភ​បំពាន​ពាក់ព័ន្ធ​នឹង​លិខិត​ស្នាម និង​បច្ចេកទេសហើយ​រថ​យន្តទាំង​​នោះ ត្រូវបាន​ធ្វើការ​ផាក​ពិន័យ​តាម​ច្បាប់​ចរាចរណ៍​ដោយ​តម្លាភាព។

លោក​​​ថា​៖ ​«​ដោ​យ​ឡែក​ការ​យឺតយ៉ាវ​ក្នុងការដឹកទំនិញ​នោះក៏​យើង​មិនមាន​ប​ញ្ហា​​អ្វីដែរ​ ដោយ​យើងបាន​ខិតខំ​ធ្វើការ​សម្រួលមិន​ឲ្យ​មានការ​កកស្ទះ​ទេ​ ក៏ប៉ុន្តែ​សូម​ជម្រាបជូន​ថា កម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់ គឺ​រឹត​បន្តឹង​ច្បាប់​នេះ​ដើម្បីសុ​វត្ថិភាព​ទាំង​អស់​គ្នា។ ប្រសិន​បើ​យើង​ទុក​ឲ្យ​បញ្ហា​បច្ចេកទេស​​យានយន្ត​នៅ​បន្ត​ដោយ​មិន​បាន​ត្រួត​ពិនិត្យ​មើល​នោះ​ទេ ពួកគេ​នឹង​ខាត​បង់​ធ្ងន់ធ្ងរ»។

លោក​​ឲ្យ​ដឹងថា​ ការ​ផាក​ពិន័​យ​គឺ​​ធ្វើ​ទៅតាម​ច្បាប់​ដែល​បាន​ចែង​​ដែលមាន​ទឹកប្រាក់​ចាប់ពី ១៥ ០០០ រៀល ១២៥ ០០០ រៀ​​ល​​ និង​ធ្ងន់ធ្ងរ ៨០០ ០​០០ ​រៀល​គ្មាន​ប័ណ្ណបើកបរ​ និង​គ្មា​ន​​​ស្លាក​លេខ​។ លោក​បន្ត​ថា ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត ដែល​ទទួល​បាន​ផល​​ជា​វិជ្ជ​មាន​នេះ គឺ​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​នៅ​តាម​ដង​ផ្លូវ។

លោក​បញ្ជាក់​​ថា៖ «មានមតិ​រិៈគន់​មិន​ត្រឹមត្រូវ​​ និង​ខុសពី​ការពិត ហើយ​ខ្ញុំ​សូម​បដិសេធ​ទាំង​ស្រុង»។

យ៉ាង​ណា​ក្តី GMAC បាន​ប្រកាស​គាំទ្រ​ចំពោះ​​ការ​អនុវត្ត​​​​​ច្បាប់ របស់​គណៈ​កម្មការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវ​គោក​ ប៉ុន្តែ​បាន​អំពាវ​នាវ​សូម​ឲ្យ​​សមត្ថ​កិច្ច​សម្រួល​​កុំ​ឲ្យ​មានការ​កក ស្ទះ​ក្នុងការ​ដឹក​ជញ្ជូន​ទំនិញ និង​ក៏​បាន​​អំពាវនាវ​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​ទាំងអស់​ផង​ដែរ​សូម​ឲ្យ​ព្យា​យាមគោរព​អនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវ​គោក​ ឲ្យ​បាន​ពេញ​លេញ ដើម្បី​ធានា​នូវ​សុវត្ថិភាព​លើផ្លូវ​សាធា​​រណៈ និងធានា​ឲ្យ​បាន​នូវ​និរន្តរ​​​ភាពនៃ​ការផ្តល់សេវា​​ដឹក​ជញ្ជូ​ន​​ដល់​អតិថិ​ជន​របស់​ខ្លួន៕