ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​អះ​អាង​ថា ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា ​និង​ជា​ប្រធាន​គណបក្ស​បាន​ដាក់​ចេញ​ទិស​ដៅ​ភារកិច្ច​សំខាន់​ៗ​និង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​ដើម្បី​ដណ្តើម​យក​ជ័យជម្នះ ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី-​ខេត្ត ​ស្រុក-​ខណ្ឌ ​និង​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​នីតិ​កាល​ទី ៧ ទៀត​។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គឺ​លោក​ សុខ ឥសាន ​ធ្វើ​ឡើងបន្ទាប់​ពី​មាន​ការ​ផ្សព្វផ្សាយ ​វាយ​ប្រហារ​ថា​ ការ​ធ្វើ​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ដាក់​បញ្ចូល​សមាសភាព​ថ្មី​ៗ​ដូច ជា​មន្ត្រី​រាជ​ការ ​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ក្រុម​កូន​ថ្នាក់​ដឹក​នាំ​បក្ស​ ដើម្បី​ពង្រឹង​អំណាច​បក្ស​ហើយ​ថា​ធ្វើ​ឡើង​ដើម្បី​បិទ​បាំង​ការ​ភ័យ​ខ្លាច​។

លោក​ សុខ ឥសាន​ អ្ន​ក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ឲ្យ​ដឹង​តាម​សារ​តេ​ឡេ​ក្រាម​ថា ​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​លើកទី ៤១​ បាន​លើក​ទិស​ដៅ​ភារកិច្ច​សំខាន់​ៗ​និង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ ដើម្បី​ដណ្តើម​យក​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​។

លោក​អះអាង​ថា ​គណបក្ស​ប្រជាជន​ បាន​និង​កំពុង​ក្តាប់​សភាព​ការណ៍​យ៉ាង​ណែន​និង​កាន់​អំណាច​យ៉ាង​រឹងមាំ​ដោយ​ពុំ​មាន​ការ​ការ​ភ័យ​ខ្លាច ​ដូច​ការ​ចោទ​ប្រកាន់​ របស់​ក្រុម​ប្រឆាំង​នោះ​ទេ​ហើយ​ថា​គណបក្ស​​ប្រឆាំង​វិញ​ទេ​ ដែល​ភ័យខ្លាច ​ហើយ​តែងតែ​ចាញ់​ហើយ​បាន​រត់​ចោល​ស្រុក​រហូត។

លោក​បាន​បញ្ជាក់​ថា​៖ «លើក​ទិស​ដៅ​ភារកិច្ច​សំខាន់​ៗ​ដើម្បី​ដណ្តើម​យក​ជ័យជម្នះ​ថែម​ទៀត​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ រាជធានី-ខេត្ត ស្រុក-ខណ្ឌ និង​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ ​ព្រម​ទាំង​ជោគជ័យ​ក្នុង ​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នីតិ​កាល​ទី ៧ ទៀត​»។

លោក​បន្ថែម​ថា​៖ «ការ​ធ្វើ​សន្និបាត​ ៤០ លើក​រួច​មក​ហើយ​សុទ្ធ តែ​ទទួល​បាន​ជ័យជម្នះ​រហូត​ទាំង ៤០ លើក​ដែរ​នោះ ​ហើយ​រាជ​រដ្ឋាភិបាល​ថ្មី ​បាន​និង​កំពុង​ដំណើរ​ការ​ការងារ​របស់​ខ្លួន​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដឹក​នាំ​ប្រទេស​រហូត។ ចំណែក​ឯ​គណបក្ស​ដែល​អត់​ភ័យខ្លាច ​បាន​ចាញ់​ និង​រត់​ចោល​ស្រុក​រហូត​ដែរ។ ឱ​ម្នាល​អគតិ​ ហ្អើយ គួរ​ចេះ​ខ្មាស​អៀន​ផង​ មុន​នឹង​និយាយ»។

សន្និបាត​លើក​ទី ៤១ នេះ​ធ្វើ​ឡើង​រយៈ​ពេល ៣ ថ្ងៃ​ ពី​ថ្ងៃ​ទី ១៨ ​ដល់​ថ្ងៃ​ទី​ ២០ ​ខែ​ធ្នូ ឆ្នាំ ២០១៨ ​នៅ​មជ្ឈមណ្ឌល​សន្និបាត ​និង​ពិព័រណ៍​កោះ​ពេជ្រ ​ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​ប្រមាណ ​៣១៥០ នាក់។​

​សន្និបាត​នេះ គឺ​ដើម្បី​រួមគ្នា​ពិនិត្យ​វាយតម្លៃ​អំពី​សភាព​ការណ៍​ទូទៅ​អំពី​ការ​ដក​ពិសោធ​ការងារ​កន្លង​មក និង​ការ​កំណត់​ទិស​ដៅ ​និង​វិធាន​ការ​នានា​ដែល​ត្រូវ​ប្រកាន់​យក​សម្រាប់​​អនុវត្ត​នា​ពេល​ខាង​មុខ ​ហើយ​សន្និបាត​នឹង​ពិភាក្សា​ស៊ី​ជម្រៅ​សំខាន់​ទៅ​លើ​របាយ​ការណ៍​ស្តីពី​សភាព​ការណ៍​ទូទៅ ​និង​ការងារ​គណបក្ស​ឆ្នាំ ២០១៨ ​និង​ទិស​ដៅ​ភារកិច្ច​ឆ្នាំ ២០១៩ និង​ការ​បោះ​ឆ្នោត​ជ្រើស​សមាជិក​​គណៈ​អចិន្រៃ្តយ៍​បន្ថែម។

លោក​អភិបាល​ខេត្ត​ ១ រូប​ ដែល​បាន​ចូលរួម​ប្រជុំ​សន្និបាត​​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ​អង្គ​សន្និបាត​បាន​ពិភាក្សា​ទៅ​លើ​បញ្ហា​ប្រឈម​ជា​ច្រើន​ដើម្បី​ធ្វើ​យ៉ាង​ណា​ផ្តល់​សេវាកម្ម​ល្អ​ដល់​ប្រជា​ពលរដ្ឋ​។

លោក​​ថា​៖​ «មន្ត្រី​ដែល​ខិលខូច​ចាំ​តែ​យក​ជើង​រា​ទឹក​ និង​មន្ត្រី​ដែល​​មិន​បម្រើ​ប្រជា​ពលរដ្ឋ​ដោយ​ស្មោះត្រង់​នឹង​ធ្វើ​ការ​វះ​កាត់»។

ក៏​ប៉ុន្តែ​លោក​ មាស នី​ អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ដើម្បី​ស្តារ​ប្រជា​ប្រិយភាព​របស់​ខ្លួន​ឡើងវិញ​ បន្ទាប់​ពី​​ធ្លាក់​ចុះ​ ដោយ​សារ​​រំលាយ​គណបក្ស​ប្រឆាំង​។

លោក​ថា​៖ «វា​អា​ស្រ័យ​ថា​ តើ​ការ​ធ្វើ​កំណែ​ទម្រង់​ និង​គោល​ការណ៍​ដែល​បាន​ដាក់​ចេញ​ហ្នឹង​ថា តើ​វា​មាន​ប្រសិទ្ធ​ភាព ដែរ​ឬទេ?​ ប្រសិន​បើ​កំណែ​ទម្រង់ ​និង​គោល​ការណ៍​ដូច​អាណត្តិ​មុន វា​នឹង​មិន​មាន​ប្រសិទ្ធ​ភាព​»៕