The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី៖ ​សេចក្តី​ព្រាងច្បាប់​ គឺ​ហាម​ស្ត្រី​ស្លៀក​ខ្លី​ខ្លាំង​ដែល​លេច​កេរ​ភេទ​តែប៉ុណ្ណោះ




មន្ត្រី៖ ​សេចក្តី​ព្រាងច្បាប់​ គឺ​ហាម​ស្ត្រី​ស្លៀក​ខ្លី​ខ្លាំង​ដែល​លេច​កេរ​ភេទ​តែប៉ុណ្ណោះ

Content image - Phnom Penh Post
លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​។ រូបថត ក្រសួង​មហាផ្ទៃ

មន្ត្រី៖ ​សេចក្តី​ព្រាងច្បាប់​ គឺ​ហាម​ស្ត្រី​ស្លៀក​ខ្លី​ខ្លាំង​ដែល​លេច​កេរ​ភេទ​តែប៉ុណ្ណោះ

ភ្នំពេញៈ លោក​ អ៊ុក គឹមលេខ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​ចាត់ទុក​មតិ​រិះគន់ ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​ត្រង់​ចំណុច​ការស្លៀកពាក់​ខ្លី​របស់​ស្ត្រី​ថា ជា​ធាតុ​ចូល​មួយ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​តាក់តែង​ច្បាប់​នេះ​ឡើង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ប៉ុន្តែ​លោក​ថា សេចក្តី​ព្រាងច្បាប់​នេះ​គឺ​ហាម​តែ​ស្ត្រី​ដែល​ស្លៀកពាក់​ខ្លី​ដល់​លេច​ខ្លាំង​នៃ​កេរ​ភេទ​តែប៉ុណ្ណោះ​។

បន្ទាប់ពី​ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​នេះ​ និង​បញ្ចូន​ទៅ​រដ្ឋបាល​រាជធានី-ខេត្ត​ទាំង​ ២៥ ​ដើម្បី​ទទួល​បាន​មតិយោបល់ និង​ធាតុ​ចូលក្នុង​ការបំពេញ​បន្ថែម​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ អាច​អនុវត្ត​បាន​ដោយ​រលូន​ក៏​មាន​មតិ​មួយចំនួន​បាន​រិះគន់ ចំពោះ​ចំណុច​ខ្លះៗ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដូចជា​ការហាម​ស្ត្រី​ស្លៀក​ខ្លី លេច​លើ​លេច​ក្រោម ចេញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ និង​ហាម​បុរស​មិន​ឲ្យ​ដោះអាវ​នៅ​តាម​ទីសាធារណៈ​។

ក្នុង​នោះ​អ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន​ក៏​បាន​ធ្វើ​ញត្តិ​តាម​អនឡាញ​រួមគ្នា ដើម្បី​ជំទាស់​នឹង​ការហាមប្រាម​ស្លៀក​ខ្លី​នេះ​ផងដែរ ដោយ​ពួកគេ​អះអាង​ថា ច្បាប់​គួរតែ​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ មិនមែន​ជិះជាន់​ពលរដ្ឋ​នោះ​ទេ​។

ញត្តិ​អនឡាញ​នោះ​បញ្ជាក់​ថា​៖ «​ស្ត្រី​គួរតែ​អាច​ប្រើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ រួមទាំង​ការបញ្ចេញមតិ​ខ្លួនឯង​តាមរយៈ​សម្លៀកបំពាក់ ដែល​ពួកគេ​ជ្រើសរើស​ស្លៀក​។ ការស្តីបន្ទោស​ស្ត្រី​ចំពោះ​ការជ្រើសរើស​សម្លៀកបំពាក់​របស់​ស្ត្រី​គឺជា​ការជួយ​គាំទ្រ​ដល់​ការយល់​ឃើញ​ថា ស្ត្រី​គឺជា​ដើមហេតុ​នៃ​អំពើ​ហិង្សា​ផ្លូវភេទ​ដែល​ពួកគេ​ទទួលរង ហើយ​ហេតុនេះ​វា​គឺជា​ការបន្ថែម​នូវ​វប្បធម៌​និទ្ទណ្ឌភាព​ដែល​ទាក់ទង​នឹង​អំពើហិង្សា​ប្រឆាំង​នឹង​ភេទ​»​។

លោក អ៊ុក គឹមលេខ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការដែល​មាន​មតិ​រិះគន់​នូវ​ចំណុច​ទាំងអស់​នេះ​គឺ​សុទ្ធតែ​ជា​ធាតុ​ចូល​សម្រាប់​កែតម្រូវ​ឲ្យ​ច្បាប់​នេះ​កាន់តែ​ល្អ​នៅពេល​សេចក្តី​ព្រាងច្បាប់​នេះ ត្រូវ​បាន​អនុម័ត​​ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ធរមាន​។

លោក​បន្តថា ក្នុង​ដំណាក់កាល​នេះ គឺ​ក្រុម​ការងារ​បច្ចេកទេស​កំពុង​តែ​ប្រមូល​ធាតុ​ចូល​ពី​គ្រប់ភាគី ព្រោះ​នេះ​វា​គ្រាន់តែ​ជា​សេចក្តី​ព្រាង​បឋម​នោះទេ ដោយ​ត្រូវ​រង់ចាំ​ការជជែក ដើម្បី​ទទួល​បាន​មតិ​ពី​គ្រប់​មជ្ឍដ្ឋាន​ជាច្រើន​ទៀត​។ បើតាម​លោក​ គឹមលេខ សេចក្តី​ព្រាង​ច្បាប់​នេះ​ទើបតែ​បញ្ជូន​ឲ្យ​ថ្នាក់​រាជធានី-ខេត្ត​ទាំង ២៥ ពិនិត្យ និង​ទទួល​ធាតុ​ចូល​មក​វិញ ដើម្បី​ធ្វើការ​ជជែក​ពិភាក្សា​ជាថ្មី​ជាមួយ​អង្គការ​សង្គមស៊ីវិល និង​អន្តរក្រសួង មុន​នឹង​បញ្ចូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​រដ្ឋាភិបាល ធ្វើការ​ពិនិត្យ​ និង​សម្រេច​បន្តទៀត​។

លោក​ថា​៖ «​សុំ​ឲ្យ​អ្នក​ប្រតិកម្ម​ទាំងអស់​មើល​ខ្លឹមសារ​នៃ​សេចក្តីព្រាង​ច្បាប់​នេះ​ឲ្យ​អស់ ព្រោះ​ខ្លឹមសារ​នេះ​គឺ​ហាម​ខើច​លើ​ខើច​ក្រោម​លេច​ខ្លាំង​នៃ​កេរ​ភេទ​។ បានន័យថា​ស្លៀក​ឡើង​លេច​ (​កេរភេទ​) ហើយ​ដើរ​តាម​ទីសាធារណៈ​ទៀត​។ ប៉ុន្តែ​ស្លៀក​ខ្លី​ចុះ​នៅក្នុង​បន្ទប់​នៅក្នុង​ផ្ទះ ស្លៀក​អី​ស្លៀក​ចុះ មិន​បាន​ហាម​ទេ​»​។

លោក គឹមលេខ បញ្ជាក់​ថា ​សេចក្តី​ព្រាងច្បាប់​នេះ​គឺ​មាន​ខ្លឹមសារ​ល្អៗ​ជាច្រើន​ក្នុង​ការការពារ​នូវ​សកម្មភាព​បំពាន​នឹង​អសីលធម៌​នៅក្នុង​សង្គម​រាល់ថ្ងៃ​ដូច​ជា​ការបញ្ញត្តិ​ហាម​គ្រប់​អនីតិជន​អាយុ​ក្រោម ១៨ ​ឆ្នាំ​មិន​ឲ្យ​ចូល​លេង​ក្នុង​ក្លិប​កម្សាន្ត មិន​ឲ្យ​សេព​គ្រឿង​ស្រវឹង ឬ​ចែកចាយ និង​ទិញ​លក់​គ្រឿង​ស្រវឹង​ដាច់ខាត ហើយ​ជនណា​លួងលោម លើកទឹកចិត្ត ឬ​បង្កលក្ខណៈ​ឲ្យ​អនីតិជន​អាយុ​ក្រោម ១៨​ ​ឆ្នាំ​សេព​គ្រឿង​ស្រវឹង​នឹង​ត្រូវ​ទទួលទោស​ទណ្ឌ​តាមច្បាប់​នេះ​។

តាម​សេចក្តី​ព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​មាន ៨ ជំពូក និង​ ៤៨ មាត្រា បាន​ធ្វើការ​ហាម​រាល់​ការធ្វើ​សកម្មភាព​ប៉ះពាល់​សោភណភាព​នៅ​ទីសាធារណៈ​ដូចជា​ការហាល ឬ​ការព្យួរ​សម្លៀកបំពាក់ ឬ​សម្ភារ​ផ្សេងៗ​នៅលើ​អគារ តាម​ទីធ្លា​ជាប់​ដងផ្លូវ ឬ​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​។

ចំពោះ​ការចាក់ ការជះ ឬ​ការបង្ហូរ​វត្ថុរាវ សំណល់​កង្វក់​នៅ​ទីសាធារណៈ ការដាក់​តាំង ឬ​ការលក់​ទំនិញ​បំពាន​លើ​ទីសាធារណៈ​គ្មាន​សណ្តាប់ធ្នាប់ និង​ការតបណ្តាញ​ខ្សែ​អគ្គិសនី ខ្សែកាប ខ្សែ​ទូរស័ព្ទ ឬ​ខ្សែបណ្តាញ​ផ្សេងៗ​ទៀត​រួមទាំង​ការរំខាន​ដោយ​សំឡេង​ធុងបាស់​ការស្រែក​ខ្លាំងៗ​ក្នុង​ពេលវេលា​មិន​សមស្រប​ដែល​នាំ​ការរំខាន​ដល់​អ្នក​ជុំវិញខ្លួន ក៏​ត្រូវ​បាន​ហាមឃាត់​ផងដែរ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែងថា តាមពិត​ទៅ​ប្រទេស​កម្ពុជា​គឺ​ត្រូវការ​ច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​នេះ​ជា​ចាំបាច់ ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម​។ ប៉ុន្តែ​បញ្ហា​នៅត្រង់​ថា នៅពេល​បង្កើត​ច្បាប់​នេះ តើ​មាន​ការជជែក​ពិភាក្សា និង​ប្រឹក្សា​យោបល់​ពី​គ្រប់ភាគី ជាពិសេស​សំឡេង​គណបក្ស​ប្រឆាំង​បាន​កម្រិត​ណា ដើម្បី​ឲ្យ​ច្បាប់​នេះ​អាច​អនុវត្ត​ទៅ​មាន​ប្រសិទ្ធភាព និង​ទូលំទូលាយ​។

ចំពោះ​ការហាមប្រាម​ការស្លៀកពាក់​ខ្លី​ចេញ​កេរភេទ និង​ហាម​ដោះអាវ​តាម​ទីសាធារណៈ​នោះ​លោក​យល់ថា ចំណុច​ត្រង់​នេះ​ហាក់​ចែង​ហួស​ព្រំដែន​បន្តិច ប្រសិន​បើ​គិត​ពី​សុខ​សុវត្ថិភាព​របស់​ពលរដ្ឋ​គឺ​ច្បាប់​នេះ​គួរតែ​កំណត់ និង​ផ្តោត​ទៅលើ​ការប្រើប្រាស់​សម្លៀកបំពាក់​បែប​ណា​ដែល​អាច​បង្ក​ឲ្យ​មាន​ភាពអសន្តិសុខ​ដល់​សង្គម​វិញ​។ «​រឿង​ការស្លៀកពាក់​របស់​ប្រជាពលរដ្ឋ​ទូទៅ​មិន​គួរណា​ចែង​ក្នុង​ច្បាប់​នោះ​ទេ ព្រោះ​ច្បាប់​ខុសពី​សីលធម៌ ច្បាប់​មាន​លក្ខណៈ​ចាប់បង្ខំ មិន​អាច​បដិសេធ​បាន ហើយ​បើ​ធ្វើ​ខុស​នឹង​ត្រូវ​ទទួលទោស​ទណ្ឌ​តាម​ហ្នឹង​។ ចំណែក​សីលធម៌ បើ​ពលរដ្ឋ​មិន​គោរព​ប្រតិបត្តិ​តាម​ការរស់នៅ​នោះ​ទេ នោះ​គ្រាន់តែ​មាន​ការស្តីបន្ទោស ឬ​តិះដៀល​ពី​សង្គម​តែ​ប៉ុណ្ណឹង​ឯង​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍