ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ឆ្នាំ​ ២០១៨ កន្លង​ទៅ​នេះ​កងទ័ព​ជើងគោក​បាន​ត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​តាម​តំបន់​ព្រំដែន​ជាង​ ៥ ​ពាន់​ករណី ហើយ​ថា​ស្ថានភាព​សន្តិសុខ​នៅ​តាម​ព្រំដែន​កាលពី​ឆ្នាំ​មុន​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ ២០១៧ ឆ្ងាយ​ណាស់​។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និង​​ជា​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២ មករា ថា​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ​កងទ័ព​ជើងគោក​បាន​ត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​សរុប​បាន​ចំនួន ៥១៩៣ ករណី​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​។ លោក​ក៏​បាន​ប្រៀបធៀប​ស្ថានភាព​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ឆ្នាំ​ ២០១៨ ថា​មាន​ភាព​ល្អប្រសើរ​ជាង​ឆ្នាំ​ ២០១៧ ​ទៅ​ទៀត​។

លោក​បញ្ជាក់​ថា​៖ «​ជាង​ ៥ ​ពាន់​ករណី​គឺ​ពាក់ព័ន្ធ​បទល្មើស​ព្រំដែន​ដូចជា​ឆ្លងដែន​ខុសច្បាប់ គ្រឿងញៀន កាប់​ឈើ ការនាំ​ពលករ​ខុស​ច្បាប់​ហើយ​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ការឆ្លង​ព្រំដែន​។ យើង​បន្ត​ការអនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​រួម​គ្នា​ទប់ស្កាត់​នូវ​បណ្តា​បទល្មើស​ដែល​កើតឡើង​តាម​បណ្តោយ​ព្រំដែន​»​។

លោក​បន្ថែម​ថា​កងយោធពល​ខេមរភូមិន្ទ​បាន​ពង្រឹង​ប្រៀប​ការពារ​ជាតិ​លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ព្រំដែន​ធ្វើ​ល្បាត​ជា​ប្រចាំ​ដើម្បី​ត្រួតពិនិត្យ គ្រប់គ្រង​សភាពការណ៍ និង​ភូមិសាស្ត្រ​ទទួល​ខុសត្រូវ និង​ចូលរួម​ទប់ស្កាត់ បទល្មើស​ផ្សេងៗ និង​សកម្មភាព​ឆ្លងដែន​ខុស​ច្បាប់​ព្រមទាំង​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិតខាង​ដោះស្រាយ​បញ្ហា ផ្សេងៗ​ដែល​កើត​មាន​ដោយ​សន្តិវិធី និង​បាន​អនុវត្ត​ភារកិច្ច​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី​យ៉ាង​ហ្មត់ចត់ ដែល​ធ្វើឲ្យ​ស្ថានភាព​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​មាន​ភាព​ល្អប្រសើរ​ជាង​ឆ្នាំ​ ២០១៧ ឆ្ងាយ​ណាស់​។

លោក​បញ្ជាក់​ថា​៖ «​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំ​ ២០១៧ ​ឆ្ងាយ​ណាស់​យើង​មិន​មាន​បញ្ហា​អ្វី​ដែល​ជាការ​លំបាក​ទេ​។ នៅ​តាម​បណ្តោយ​ព្រំដែន​យើង​សហការ​គ្នា​បាន​ល្អ​ណាស់​។ ពេល​ខ្លះ​ពេល​យើង​ឃើញ​មាន​បាតុភាព យើង​បាន​សហការ​ជាមួយ​គ្នា​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​បណ្តោយ​ព្រំដែន​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​តាម​ព្រំដែន​ទាំងអស់​មាន​លក្ខណៈ​ប្រក្រតី​ធម្មតា​»​។

លោក​បាន​បន្ថែម​ថា​ពេល​មាន​បទល្មើស​គឺ​កងទ័ព​ឈរ​មុខ​គេ​ព្យាយាម​ដោះស្រាយ​នៅ​នឹង​កន្លែង​ដើម្បី​រក្សា​ព្រំដែន​ឲ្យ​មាន​ស្ថិរភាព និង​សន្តិភាព ហើយ​ថា​កងយោធពល​ខេមរភូមិន្ទ​ដែល​នៅ​តាម​បណ្តោយ​ព្រំដែន​បាន​យាមល្បាត​យ៉ាង​រឹងមាំ និង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង​ដើម្បី​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ដែល​ជា​តំបន់​អភិវឌ្ឍន៍ និង​ទីផ្សារ​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​។

កាលពី​ខែ​សីហា​ឆ្នាំ​ ២០១៧ បញ្ហា​វិវាទ​ព្រំដែន​កម្ពុជា-ឡាវ​បាន​ឡើង​កម្ដៅ​ដោយសារ​កងទ័ព​ឡាវ​បាន​ចូល​មក​ឈរ​ជើង​នៅ​តំបន់​អូរអាឡៃ និង​អូរតាង៉ាវ ស្ថិត​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​។ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ បាន​ឯកភាព​គ្នា​សរសេរ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើសុំ​បញ្ជូន​អ្នក​ជំនាញការ​ព្រំដែន​បារាំង​មក​ជួយ​វាស់វែង និង​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​តាម​ព្រំដែន​នេះ​ផងដែរ ខណៈ​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម​ក៏​បាន​សន្យា​ដែរ​ថា​នឹង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​បណ្តា​សន្ធិសញ្ញា កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ ហើយ​ក៏​ប្តេជ្ញា​រួម​គ្នា​ដោះស្រាយ​រាល់​បញ្ហា​ព្រំដែន និង​ពន្លឿន​ការបោះបង្គោល​ព្រំដែន​ឲ្យ​ឆាប់ចប់​ដើម្បី​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​មួយ​ប្រកប​ដោយ​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

ប្រធាន​បណ្តាញ​ជនជាតិ​ដើម​ភាគតិច​ប្រចាំ​ខេត្ត​មណ្ឌលគិរី​លោក គ្រើង តុលា បាន​ថ្លែង​ថា​កន្លង​ទៅ​មាន​ករណី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ច្រើន​តែ​ ១ ​ខែ​កន្លង​ទៅ​នេះ​ហាក់បី​ដូចជា​មាន​លក្ខណៈ​ថយចុះ​។ លោក​ក៏​បាន​សម្តែង​ការព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ការហូរ​ចូល​ខុស​ច្បាប់​នូវ​បន្លែ និង​ផ្លែឈើ​វៀតណាម​ដែល​បាន​ធ្វើឲ្យ​កសិករ​ខ្មែរ​ដែល​ជា​អ្នក​ដាំដុះ​បន្លែ និង​ផ្លែឈើ​មាន​ការព្រួយបារម្ភ​ពី​ការបាត់​ទីផ្សារ​។

លោក​បញ្ជាក់​ថា​៖ «​យើង​មាន​ការ​ព្រួយបារម្ភ​ពី​បន្លែ​ និង​ផ្លែឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​។ យើង​ព្រួយបារម្ភ​ពី​សុខភាព​របស់​ពួកយើង ដោយសារ​តែ​បន្លែ និង​ផ្លែឈើ​របស់​វៀតណាម​មាន​ជាតិគីមី​ច្រើន ហើយ​យើង​ព្រួយបារម្ភ​ដោយសារ​តែ​ពលរដ្ឋ​គ្មាន​ទីផ្សារ​លក់​បន្លែ​ផ្លែឈើ​របស់​ខ្លួន​»៕