ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​បាន​ចាត់ទុក​អនុសាសន៍​មួយចំនួន​របស់​លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ដែល​លើកឡើង​នៅក្នុង​សម័យប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​ ៤២ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​ថ្ងៃទី ២៥ ​កញ្ញា​ថា មាន​ចរិត​នយោបាយ ហើយ​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ​មួយ​គឺ​មាន​សិទ្ធិ​មិន​អនុវត្ត​តាម​អនុសាសន៍​ទាំងនោះ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា អនុសាសន៍​លើកឡើង​ក្នុង​របាយការណ៍​របស់​លោកស្រី រ៉ូណា ស្ម៊ីត ដែល​មាន​ចរិត​ជា​នយោបាយ​នោះ​គឺ​មាន​ ២-៣ ​ចំណុច​ប៉ុណ្ណោះ​ដូចជា​ការស្នើឱ្យ​ទម្លាក់​បទចោទប្រកាន់​ដើម្បី​ដោះលែង​លោក កឹម សុខា ការស្នើ​ឱ្យ​រៀបចំ​ការបោះឆ្នោត​ឃុំ សង្កាត់ ដើម្បី​ផ្ដល់​អាសនៈ​ដល់​សមាជិក​ក្រុមប្រឹក្សា​របស់​អតីត​បក្ស​សង្គ្រោះជាតិ​ឡើងវិញ និង​ការស្នើ​កុំឱ្យ​មាន​ការរឹតត្បិត​សិទ្ធិសេរីភាព​ជួបជុំ​ជាដើម​។

លោក ម៉ាលីន បន្ត​ថា​កម្ពុជា​គឺ​មាន​សិទ្ធិ​សម្រេច​អនុវត្ត ឬ​មិន​អនុវត្ត​តាម​អនុសាសន៍​ទាំងនោះ នៅពេល​ពិនិត្យ​ឃើញ​ថា​អនុសាសន៍​ទាំងនោះ​ផ្ទុយ​ទៅ​នឹង​ច្បាប់​។ ប៉ុន្តែ​លោក​ថា​ក៏​មាន​អនុសាសន៍​ជាច្រើន​ត្រូវ​បាន​ស្វាគមន៍ និង​ទទួល​យក​ដោយ​រដ្ឋាភិបាល​ដែរ ដោយសារ​អនុសាសន៍​ទាំងនោះ​ផ្អែក​លើ​ទិដ្ឋភាព​បច្ចេកទេស​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព ស្របពេល​ការគោរព​សិទ្ធិមនុស្ស​នៅក្នុង​ពិភពលោក​មិន​មាន​ប្រទេស​ណា​មួយ​អាច​អនុវត្ត​បាន​ល្អ​ឥតខ្ចោះ​នោះ​ឡើយ​។

លោក​ថា​៖ «​សំខាន់​ការអនុវត្ត​បាន​ ឬ​មិនបាន គឺ​អាស្រ័យ​លើ​រដ្ឋ​អធិបតេយ្យ​មួយ​។ មាន​តែ​រដ្ឋ​អធិបតេយ្យ​ផ្ទាល់ខ្លួន​ដែល​ដឹងថា តើ​អនុសាសន៍​ណា​ដែល​អាច​អនុវត្ត អនុសាសន៍​ណា​ដែល​ស្របតាម​បញ្ញត្តិ​ច្បាប់ ហើយ​អនុសាសន៍​ដែល​មិន​អាច​អនុវត្ត​បាន​ដោយសារ​ផ្ទុយ​ទៅ​នឹង​ទិដ្ឋភាព​ច្បាប់​របស់​ខ្លួន​»​។

ប៉ុន្តែ​ទោះយ៉ាងណា មន្ត្រី​រដ្ឋាភិបាល​រូបនេះ​បន្ថែម​ថា ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ដែល​ចំណុច​ខ្លះ​មាន​ចរិត​ជា​នយោបាយ និង​ចំណុច​ខ្លះ​ទៀត​ស្រប​តាម​បច្ចេកទេស​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព ព្រោះ​សំណើ​នៅក្នុង​របាយការណ៍​របស់​លោកស្រី រ៉ូណា ស្ម៊ីត មួយ​ចំនួន​គឺ​បាន​មកពី​មន្ត្រី​អតីត​បក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ប្រឆាំង​។

លោក​បន្តថា​៖ «​ដូចជា​គាត់​ជួប​ជាមួយ​ភាគី​យើង​ (​រដ្ឋាភិបាល​) ​គឺ​គាត់​ទទួល​បាន​ការវិវឌ្ឍ​ (​ផ្នែក​គោរព​សិទ្ធិមនុស្ស​) អ៊ីចឹង​!​គាត់​បាន​លើក​ឡើង​នៅក្នុង​របាយការណ៍​គាត់​ដែរ ហើយ​នៅ​ពេល​គាត់​ជួប​ជាមួយ​អតីត​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​មាន​និន្នាការ​ប្រឆាំង ហើយ​គាត់​ទទួល​បាន​សំណើ​នោះ គាត់​ក៏បាន​លើកឡើង​នៅក្នុង​របាយការណ៍​ហ្នឹង​ដែរ អាហ្នឹង​ជា​រឿង​ធម្មតា​របស់​អ្នករាយការណ៍​»​។

ការលើក​ឡើង​ពី​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​លោកស្រី រ៉ូណា ស្ម៊ីត បាន​ថ្លែង​ពី​របាយការណ៍​របស់​លោកស្រី​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​នៅ​ថ្ងៃទី​ ២៥ ខែកញ្ញា​ដោយបាន​លើកឡើង​ពី​កង្វល់​ជុំវិញ​ការគោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី​ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ធានា​អំពី​សង្គម​មួយ​ដែល​អនុវត្ត​ឱ្យបាន​ពេញលេញ​ឡើងវិញ តាម​គោលការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។

លោកស្រី​បានលើក​ឡើង​ថា សំឡេងឆ្នោត​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤២% នៅតែ​ត្រូវ​បាន​បដិសេធ ហើយ​ការឃុំ​ខ្លួន​លោក កឹម សុខា គឺធ្វើ​ឡើង​មុន​ការជំនុំជម្រះ​ដែល​ជា​ការរំលោភ​ទៅលើ​សិទ្ធិ​ក្នុង​ការទទួល​បាន​ការជំនុំជម្រះ​ក្ដី​ដោយ​យុត្តិធម៌ រួមទាំង​ការចេញ​ដីកា​កោះហៅ និង​ចាប់ខ្លួន​សមាជិក​អតីត​បក្សប្រឆាំង​ជាង ១០០ ​នាក់​ផ្សេងទៀត​គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​បទចោទប្រកាន់​ច្បាស់លាស់​។

លោកស្រី​បញ្ជាក់ថា​៖ «​ដល់​ពេល​ដែល​ត្រូវ​រៀបចំ​ឱ្យ​មាន​គោរព​សិទ្ធិ និង​សេរីភាព​នៅ​កម្ពុជា​ឡើងវិញ និង​ត្រូវ​ធានា​ថា​រាល់​សិទ្ធិ និង​សេរីភាព​ដែល​រដ្ឋាភិបាល​បាន​ទទួល​យក​ដោយ​ស្ម័គ្រចិត្ត​គឺ​ត្រូវបាន​អនុវត្ត​ដោយ​រីករាយ​ដោយ​អ្នក​ទាំងអស់​គ្នា​នៅក្នុង​ប្រទេស​នេះ​។ តាម​និយមន័យ សិទ្ធិមនុស្ស គឺ​ផ្ដោតលើ​មនុស្ស មិនមែន​ទៅលើ​នយោបាយ​នោះទេ​»​។

ទោះជា​យ៉ាងណា គណៈប្រតិភូ​តំណាង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ លោក ណី សំអុល បាន​ឆ្លើយតប​ចំពោះ​របាយការណ៍​របស់​លោកស្រី រ៉ូណា ស្ម៊ីត នេះ​ថា​ពុំ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​រូបភាព​ពិត​ទាំងមូល​របស់​កម្ពុជា​នោះទេ ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​កំពុងតែ​រស់នៅ​ក្នុង​ភាពសប្បាយ​រីករាយ និង​ជីវិត​ដែល​ពោរពេញ​ទៅ​ដោយ​សន្ដិភាព សន្ដិសុខ និង​ការអភិវឌ្ឍ​ដ៏គួរ​ឱ្យ​កត់សម្គាល់ និង​ថា គណបក្ស​នយោបាយ និង​បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​អនុវត្ត​សិទ្ធិ​នយោបាយ​របស់ខ្លួន​ដោយ​ស្របច្បាប់ និង​បទប្បញ្ញត្តិ​ដែល​មាន​ស្រាប់​។

លោក ណី សំអុល លើក​ឡើង​ថា​៖ «​ការ​ញុះញង់​អំពើ​ក្បត់ជាតិ ការអំពាវនាវ​ឱ្យ​មាន​ការធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ សកម្មភាព​បែប​នេះ មិនមែន​ជា​សិទ្ធិ​នយោបាយ​នោះឡើយ​»​។

ចំណែក​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​បង្ហាញ​ការសោកស្ដាយ​ចំពោះ​របាយការណ៍​របស់​លោកស្រី រ៉ូណា ស្ម៊ីត និង​ចាត់ទុក​ថា​ជា​របាយការណ៍​ឈ្លានពាន និង​ជ្រៀតជ្រែក​កិច្ចការ​កម្ពុជា​ដែល​ជា​រដ្ឋ​អធិបតេយ្យ​ពេញលេញ​មួយ​។

លោក​បន្ត​ថា​លោកស្រី រ៉ូណា ស្ម៊ីត គឺ​បាន​ធ្វើ​ហួស​ពី​កាតព្វកិច្ច​ទទួល​ខុសត្រូវ​របស់​មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក​ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា​លោកស្រី គួរតែ​ពង្រឹង​ការងារ​របស់​លោក​ស្រី​ក្នុង​ន័យ​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជា​ជាង​ដើរតួនាទី​តុលាការ​អត្តនោម័ត ឬ​ជា​អ្នក​នយោបាយ​គ្រប់គ្រង​ជោគវាសនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​»​។

ប៉ុន្តែ​លោក សឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក​បាន​ថ្លែងថា អ្វី​ដែល​លោកស្រី រ៉ូណា ស្ម៊ីត បានលើកឡើង​អំពី​ក្ដីកង្វល់​លើ​រឿង​សិទ្ធិ​នយោបាយ និង​សិទ្ធិមនុស្ស​នេះ​គឺ​សុទ្ធតែ​បង្ហាញ​អំពី​ការពិត​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​នាពេល​កន្លង​មក ព្រោះ​រឿងរ៉ាវ​ទាំងនេះ​ក៏​ត្រូវ​បាន​សមាគម​អាដហុក​ចុះ​ពិនិត្យ​ឃើញ​ដោយផ្ទាល់ និង​បាន​ចងក្រង​ជា​ទិន្នន័យ​ទុក​ផងដែរ​។

លោក​បន្ត​ថា ​ការមិន​ទទួល​យក​អនុសាសន៍​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការធានា​ឱ្យ​មាន​ការគោរព​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​ឡើងវិញ​នេះ​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​ប្រឈមមុខ​ថែម​ទៀត​ជាមួយ​បណ្ដា​ប្រទេស​លោក​ សេរី ដែល​ពួកគេ​កំពុងតែ​តាមដាន និង​ឃ្លាំមើល​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​យើង​ឃើញ​ហើយ​ការបង្កើត​ច្បាប់​របស់​សភា​សហរដ្ឋ​អាមេរិក ហើយ​សភា​សហភាព​អឺរ៉ុប​គឺ​គេ​កំពុង​បន្ត​នីតិវិធី (​រឿង EBA) ហើយ​យើង​ដឹងថា ការមិន​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ វា​មាន​ផលប៉ះពាល់​ជាច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា ហើយ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​គឺ​កម្មករ​ជាដើម​»​។

ប៉ុន្តែ​ទោះ​យ៉ាងណា​នៅក្នុង​សម័យប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី ៤២ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​ ២៥ ​កញ្ញា​តំណាង​ប្រទេស​ចិន និង​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​លើកឡើង​ដោយ​ការពារ​អធិបតេយ្យភាព​កម្ពុជា និង​បាន​កោតសរសើរ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​ការអភិវឌ្ឍ និង​ការលើក​កម្ពស់​សិទ្ធិ​នានា ខណៈ​តំណាង​សហភាព​អឺរ៉ុប អង់គ្លេស និង​ប្រទេស​មួយ​ចំនួន​ទៀត​បាន​ថ្លែង​ចូលរួម​គាំទ្រ​លោកស្រី រ៉ូណា ស្ម៊ីត ស្នើឱ្យ​រដ្ឋាភិបាល​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ឡើងវិញ​៕