សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បដិសេធ ចំពោះ​ការចោទប្រកាន់​ដែល​ថា ខ្លួន​បាន​រំលោភបំពាន​យក​ដី​ប្រជាពលរដ្ឋ​នៅ​ភូមិ​តានី ឃុំ​រុនតាឯក​ក្នុង​ស្រុក​បន្ទាយស្រី​ទៅ​ធ្វើជា​ភូមិ​ធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ខណៈ​ពលរដ្ឋ ២៤ ​គ្រួសារ​ក្នុងចំណោម​ ៣៨ ​គ្រួសារ​ក្នុង​តំបន់​នោះ​នៅ​មិនទាន់​ទទួលយក​តាម​ការដោះស្រាយ​របស់​អាជ្ញាធរ​អប្សរា​នៅឡើយ​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិអប្សរា​លោក ឡុង កុសល ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ការធ្វើ​ភូមិ​ធម្មជាតិ​នៅ​ភូមិ​តានី​ឃុំ​រុនតាឯក​ស្រុក​បន្ទាយស្រី គឺជា​រឿង​ដែល​បាន​ដោះស្រាយ​រួចរាល់​ជាច្រើន​ឆ្នាំ​មកហើយ​។ អាជ្ញាធរ​មិនបាន​រំលោភបំពាន​ដី​ប្រជាពលរដ្ឋ​ទេ ព្រោះ​បញ្ហា​ត្រូវបាន​សម្របសម្រួល​ និង​ដោះស្រាយ​រួចហើយ​។

លោក​បញ្ជាក់ថា​៖ «​អត់​ដែលមាន​ស្ថាប័នរដ្ឋ​ណា​ទៅ​ទន្ទ្រាន​ដី​ប្រជាពលរដ្ឋ​ទេ អាជ្ញាធរ​អប្សរា​ក៏​គ្មាន​រឿង​អី​ដែល​ត្រូវ​ទៅ​ទន្ទ្រាន​ដី​ហ្នឹង​យកមក​គ្រប់គ្រង​អី​ដែរ​។ ប៉ុន្តែ​ជា​ដំណោះស្រាយ​យើង​បាន​ធ្វើការ​ដោះដូរ យើង​បាន​ធ្វើការ​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ​កន្លងមក ប្រជាពលរដ្ឋ​ទទួល​បាន​ការដោះស្រាយ​រួចរាល់​អស់ហើយ​ពី​គណៈកម្មការ​ជំនាញ​ដែល​ចុះទៅ​ធ្វើ​កិច្ចការងារ​ហ្នឹង​»​។

ចំពោះ​ការធ្វើ​ភូមិ​ធម្មជាតិ​ដើម្បី​ទាក់ទាញ​ទេសចរ​នេះ មន្ត្រី​ជំនាញ​មាន​គោលការណ៍ ដោះស្រាយ​បញ្ហា​ត្រឹមត្រូវ​ច្បាស់លាស់ នៅឡើយ​តែ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​មិនព្រម​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុង​ការធ្វើ​កិច្ចការ​នេះ​រួមគ្នា​ប៉ុណ្ណោះ​។ លោក​ថ្លែង​ទៀតថា​៖ «​មាន​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ចូលរួម​សហការ មិន​អនុវត្ត​ទៅ​តាម​ច្បាប់ និង​អ្វីដែល​បាន​ព្រមព្រៀង​គ្នា​ក្នុងពេល​កន្លងទៅ ហើយ​គាត់​ចេះតែ​តវ៉ា គាត់​ថា អ៊ីចេះ ថា​អ៊ីចុះ​ទៅ​តាម​ការញុះញង់​របស់​ជនខិលខូច​មួយចំនួន​ដែល​មាន​បំណង​ផ្សេង​»​។

លោក ហួន រ៉ាវុធ ហៅ​ ហ៊ុម អាយុ​ជាង​ ៣០ ​ឆ្នាំ ​ជា​តំណាង​ពលរដ្ឋ​ ២៤ ​គ្រួសារ​នៅ​ភូមិ​តានី ឃុំ​រុនតាឯក បាន​ថ្លែងថា បញ្ហាដីធ្លី​នៅ​ទីនោះ​ដើមឡើយ​គឺ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន ៣៨ ​គ្រួសារ ប៉ុន្តែ​ដោយ​មាន​ការសម្របសម្រួល​ដោះស្រាយ​ពលរដ្ឋ​មួយចំនួន​បានទទួល​យក​នៅ​សល់​ ២៤ ​គ្រួសារ​ទៀត​ដែល​មិនទាន់​ទទួល​យក​តាមការ​ដោះស្រាយ​របស់​អាជ្ញាធរ​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​ត្រង់​ថា អាជ្ញាធរ​អប្សរា​បាន​ទៅ​ទិញ​ដី​ប្រជាពលរដ្ឋ ដើម្បី​ដោះដូរ​ឱ្យ​អ្នក​នៅ​ភូមិ​ផ្សេង​។ ដោយឡែក​ពលរដ្ឋ​ទាំង​ ៣៨ ​គ្រួសារ​ដែល​មិន​ព្រម​លក់​ដី​ហ្នឹង​គឺ​សុំ​ធ្វើការ​ដោះដូរ​ជា​ដី ប៉ុន្តែ​ការដោះដូរ​ជា​ដី​ហ្នឹង​គឺ​មិនបាន​គ្រប់គ្នា​ទេ គឺ​បានតែ​ ១៤ ​គ្រួសារ ដែល​ព្រម​ទទួល​សំណង​ដោយ​ក្នុង​ ១ ​គ្រួសារ​បាន​ដី​ទំហំ ២០ ​គុណ​ ៣០ ​ម៉ែត្រ អ៊ីចឹង​សល់​ ២៤ ​គ្រួសារ​ដែល​មិន​ព្រម​ទទួល​យក​តាម​ការដោះស្រាយ​»​។

លោក​ ពុធ ប៉ុន អាយុ​ ៤០ ​ឆ្នាំ​ តំណាង​ប្រជាពលរដ្ឋ​ម្នាក់ទៀត​ថ្លែងថា ប្រជាពលរដ្ឋ​ទាំង​ ២៤ ​គ្រួសារ​ចង់​បាន​ដី​ចំនួន​ ៩៦ ​ហិកតា​សម្រាប់​ពួកគាត់​ធ្វើការ​បែងចែក​គ្នា​ទៅតាម​សភាព​ជាក់ស្តែង ព្រោះ​ពួកគាត់​ធ្លាប់​អាស្រ័យផល និង​កាន់កាប់​ដី​នេះ​ជាច្រើន​ឆ្នាំ​មកហើយ​។

លោក​ថា ការបែងចែក​របស់​អាជ្ញាធរ​មិន​ស្មើភាព​គ្នា ដោយ​អ្នកខ្លះ​បាន​លុយ អ្នកខ្លះ​បាន​ដី ហើយ​ដី​នោះ​ទៀតសោត​មាន​ទំហំ​មិន​ស្មើគ្នា​។ លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​គេ​សម្រេច​ឱ្យ​ទំហំ​ ២០ ​គុណ​ ៣០ ​ម៉ែត្រ អ៊ីចឹង​យើង​ទទួល​យក​អត់​បានទេ វា​អត់​សមរម្យ ដី​តូចពេក​គិត​ទៅ​បើ​យក​ទៅជា​កន្លែង​ដាក់​ម៉ុង​មិន​គ្រាន់​ផង​។ ពលរដ្ឋ​សុទ្ធតែ​ធ្លាប់​កាន់កាប់​ដី​រាប់​ហិកតា​ដល់​ឱ្យ​គ្នា​ប៉ុណ្ណឹង​ចែកគ្នា​ម៉េច​កើត គ្រួសារ​ខ្លះ​មាន​សមាជិក​ច្រើន​រាប់សិប​នាក់​ឯណោះ​»​។

លោក សួស ណារិន មន្ត្រី​សមាគម​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប​ថ្លែង​ថា អាជ្ញាធរ​ជាតិ​អប្សរា​គួរតែ​កាត់​ឆ្វៀល​ដី​តំបន់​នោះ​ជូន​ពលរដ្ឋ ឬ​ផ្តល់​សំណង​សមរម្យ​ដល់​ពួកគាត់​។ លោក​បញ្ជាក់ថា​៖ «​ការឈូសឆាយ​យក​ដី​ពលរដ្ឋ ដោយ​ពុំមាន​ផ្តល់​សំណង គឺជា​ការរំលោភ​លើ​សិទ្ធិ​កាន់កាប់​ដីធ្លី ទោះបី​ពួកគាត់​ពុំមាន​បណ្ណ​កម្មសិទ្ធិ​ក៏ដោយ ហើយ​យើង​ក៏​ទទួលស្គាល់​ថា អាជ្ញាធរ​ភូមិ ឃុំ បាន​ដឹងឮ ទទួល​ស្គាល់​ថា ពិតជា​ដី​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​មែន​»៕