ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​ធ្វើការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​កាន់តែខ្លាំង​បន្ថែមទៀត ខណៈ​ដែល​ចំនួន​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ ក្នុង​​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​នៅតែមាន​ការកើនឡើង​ជា​រៀងរាល់ថ្ងៃ​ដែល​មកដល់​ថ្ងៃទី​ ១៣ ខែ មីនា ឆ្នាំ​ ២០២១ មាន​រហូតដល់​ជាង ៧០០ ​ករណី​ហើយ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​បានឱ្យដឹងថា ក្រសួង​បាន​បន្ត​រកឃើញ​អ្នកឆ្លង​កូវីដ​ ១៩ ចំនួន ៤១ ​នាក់​បន្ថែមទៀត ​ដែល​សុទ្ធតែជា​ករណី​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ខណៈ​អ្នក​ជាសះស្បើយ​មាន​ចំនួន ២៤ ​នាក់​ ហើយ​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ​៦៥៦ ​នាក់​។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំង ៤១ ​នាក់ មាន​ជនជាតិខ្មែរ​ចំនួន ១២ ​នាក់ ជនជាតិ​ចិន​ ២៣ នាក់ ជនជាតិ​វៀតណាម​ ៤ នាក់ និង​ជនជាតិ​ថៃ ២ ​នាក់​។

អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី​៣ ​នេះ​បាន​កើតឡើង​ក្នុង​រាជធានី-ខេត្ត នៅ​ទូទាំង​ប្រទេស​ចំនួន​ ១០ ​ហើយ​ក្នុងនោះ​មាន​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្ត​កំពង់ចាម ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ដែល​រហូតមក​ដល់ពេលនេះ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​មាន​សរុប​ចំនួន​ ៧៩២ ​នាក់​។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២១ កម្ពុជា​បាន រកឃើញ​អ្នក​ឆ្លង​កូវីដ​ ១៩ សរុប​ចំនួន ១ ៣០៥ នាក់ ​ក្នុងនោះ​អ្នក​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៦៤៧ ​នាក់​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៦៥៦ ​នាក់ និង​មាន​អ្នកស្លាប់​ដោយសារ​កូវីដ​១៩ ចំនួន​ម្នាក់​។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួង​ការពារជាតិ និង លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​បន្តធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បន្ត​ប្រុងប្រយ័ត្ន​ឱ្យ​កាន់តែខ្លាំង​បន្ថែម​ទៀត ខណៈដែល​អាជ្ញាធរ​បាននិង​កំពុង​ត្រៀម​រៀបចំ​មន្ទីរពេទ្យ​បន្ថែម​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​។

លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់លោក​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ថា​៖ «​អនុវត្តតាម​បទបញ្ជា​របស់​សម្ដេចតេជោ​ក្នុង​ការរៀបចំ​មន្ទីរពេទ្យ​បម្រុង​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងករណី​មាន​តម្រូវ​ការចាំបាច់​។ ក្រុមការងារ​យើង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ទាំងយប់​ទាំងថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​មន្ទីរពេទ្យ​នេះ​អាច​ចាប់ផ្ដើម​ដំណើរការ​ត្រៀម​លក្ខណៈ​ព្យាបាល​ក្នុង​ពេល​យ៉ាងខ្លី​បំផុត​ដែល​អាចធ្វើ​ទៅបាន​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏បាន​អំពាវនាវ​ចំពោះ​បងប្អូន​ទាំងអស់​សូម​បន្ត​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ដើម្បី​ការពារ​ខ្លួនឯង គ្រួសារ សង្គមជាតិ និង​ប្រជាជន​នៅក្នុង​កាលៈទេសៈ​ដ៏លំបាក​នេះ ពីព្រោះ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ គឺ​ផ្តើមចេញពី​ខ្លួនឯង ដើម្បី​ការពារ​ខ្លួន​ និង​អ្នកដទៃ​។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី​ ឱ វណ្ណឌីន បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​កាន់តែ​ខ្លាំង​លើ​ស្ថានភាព​ឆ្លង​បច្ចុប្បន្ននេះ គឺ​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ដែល​កំពុង​ចរាចរ​យ៉ាងសកម្ម​ខ្លាំង​ក្លា​នៅក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី​បាន​លើកឡើង​​ថា​៖ «​វីរុស​បំប្លែង​ថ្មី​នេះ សាហាវ​ជាង និង​ខ្លាំង​ជាង​វីរុស​នាពេល​មុនៗ​ដែល​អាច​ធ្វើឱ្យ​បុគ្គល​ស្លាប់​បាន​គ្រប់​ពេលវេលា ដែល​ថ្មីៗ​នេះ យើង​មាន​ករណី​ស្លាប់​ម្នាក់​រួចទៅហើយ​ និង​នៅមាន​អ្នក​ដែល​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​មួយចំនួន​ទៀត​ដែរ​ដែល​ក្រុមគ្រូពេទ្យ​កំពុងតែ​ជួយ​សង្គ្រោះ​យ៉ាង​មមាញឹក​ជា​ទីបំផុត​»​។

លោកស្រី​បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅផ្ទះ​ និង​កុំ​ធ្វើការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​មិនត្រូវ​បង្ក​ការជួបជុំ​គ្នាច្រើន​ដូចជា​ពិធីមង្គលការ ឡើងផ្ទះ បុណ្យ​សាសនា​ផ្សេងៗ​ជាដើម ទាំងនេះ​ជា​វិធាន​ការជួយ​ដល់​ការកាត់ផ្តាច់​បាន​នូវ​ការចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​បាន​ជា​អតិបរមា​។

ទន្ទឹមនឹង​នេះដែរ ខណៈ​ពេល​ដែលមាន​ប្រទេសមួយ​ចំនួន​ផ្អាក​នូវ​ការចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ AstraZeneca ដោយសារ​មាន​បញ្ហា​ប៉ះពាល់​សុខភាព លោកស្រី ឱ វណ្ណឌីន បានធ្វើការ​ពន្យល់​ពី​ប្រភេទ​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​ពី​មជ្ឈមណ្ឌល​កូវ៉ាក់​មាន​ឈ្មោះថា កូវីសែល (Covishield) ផលិត​នៅ​ប្រទេស​ឥណ្ឌា​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ផលិត​ពី​ក្រុមហ៊ុន AstraZeneca​។

លោកស្រី​បានបញ្ជាក់​ទៀតថា​៖ «​តាម​ការបញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក​ដែលជា​អ្នកសម្របសម្រួល​ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​នេះ​មក​កម្ពុជា​ថា មកដល់​ពេល​នេះ​មិនទាន់មាន​បញ្ហា​ណាមួយ​ ឬ​ប្រតិកម្ម​ខ្លាំង​នៃ​វ៉ាក់សាំង​នេះ​ទេ ហើយ​វ៉ាក់សាំង​ដែល​ប្រទេស​យើង​កំពុង​ប្រើ​នេះ​មិនមែន​ជា​វ៉ាក់សាំង​ដែល​កំពុង​មាន​បញ្ហា​នៅ​ខាង​អឺរ៉ុប​នោះទេ​»​។

អ្នកនាំពាក្យ​ដដែល​បាន​បន្តថា អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ ក៏បាន​និយាយ​ដែរ​ថា ការបន្ត​ចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​កម្ពុជា ​នៅតែមាន​ភាពចាំបាច់​ដើម្បី​ប្រយុទ្ធ​នឹង​ការរាតត្បាត​នៃ​កូវីដ​១៩​ដែល​កំពុង​មាន​ការបារម្ភ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​នេះ​ផងដែរ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា គិតពី​ថ្ងៃទី​ ១០ ខែ​កុម្ភៈ​ ដល់​ថ្ងៃទី​ ១៣ ខែ មីនា ឆ្នាំ​ ២០២១ ក្រសួង​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) របស់​ចិន​លើក​ទី​១ ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​ចំនួន​ ១៦១ ៨១៨ ​នាក់ និង​អ្នក​ចាក់​លើក​ទី​២ បាន​ចំនួន ៩ ០៣៣ ​នាក់​។ ចំណែក​ក្រសួង​ការពារជាតិ​បាន​ឱ្យដឹង​ផងដែរ​ថា ក្នុង​រយៈពេល​ដូចគ្នានេះ ក្រសួង​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ លើក​ទី​១ ជូន​កងកម្លាំង​ចំនួន ១០៨ ៦៤៨ ​នាក់ និង​ចាក់​លើក​ទី​២ បាន​ចំនួន​ ៤៧ ៧៥១ ​នាក់​។

ម្សិលមិញ​នេះដែរ លោកស្រី​ ឱ វណ្ណឌីន បានបញ្ជាក់​ពី​ករណី​ស្លាប់​បុរស​ជនជាតិ​ខ្មែរ​អាយុ​ ៦៩ ​ឆ្នាំ​ម្នាក់​នៅក្នុង​ស្រុក​ពាមរក៍ ខេត្តព្រៃវែង​ដោយសារ​ជំងឺ​ស្ទះ​សរសៃ​បេះដូង មិនមែន​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ទេ​។ បុរស​រូបនេះ​មាន​តេស្ត​វិជ្ជមាន​កូវីដ​ ១៩​ និង​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រៃវែង​នៅ​ថ្ងៃទី​ ១៣ ខែមីនា ប៉ុន្តែ​អ្នកជំងឺ​រូបនេះ​មិនមាន​អាការ​ក្អក ហត់ និង​ក្តៅខ្លួន​ទេ​។

នៅពេល​ព្រឹក​ថ្ងៃទី​ ១៤ ខែមីនា បុរស​រូបនេះ​បានចេញ​ទៅ​ហាត់ប្រាណ​យ៉ាងយូរ ហើយ​ពេល​ត្រឡប់​មកវិញ គាត់​បាន​សម្រាន្ត​លក់​យ៉ាងយូរ ខណៈ​ដែល​អ្នក​នៅ​បន្ទប់​ជាមួយ​បាន​ដាស់​គាត់​ឱ្យ​ពិសា​បាយ​ព្រឹក ក៏​ឃើញ​ថា ជនរងគ្រោះ​រូបនេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​៕