ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានឱ្យ​ដឹងថា នៅក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នេះ​កំណើន​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅក្នុង​ប្រទេស​កម្ពុជា មាន​ការកើនឡើង​គួរឱ្យ​កត់សម្គាល់ ដោយសារ​មាន​កំណើន​តម្រូវការ​លើ​ការបញ្ជាទិញ​ទំនិញ ការសិក្សា​អាជីវកម្ម និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​។

លោក តុល ញ៉ាក់ អគ្គនាយក​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ ១៦ មីនា​ថា នៅក្នុង​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩​ នេះ ពលរដ្ឋ​មិនអាច​ចេញ​ទៅ​ក្រៅ​បាន​សិស្ស​រៀន​តាម​ប្រព័ន្ធ​អនឡាញ និង​មន្ត្រីរាជការ​នៅតាម​ស្ថាប័ន ក៏​​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​ពី​ផ្ទះ ដែល​ធ្វើឱ្យ​ការប្រើប្រាស់​អ៊ីនធឺណិត​មាន​ការកើនឡើង ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​​ពី​តួលេខ​នៃ​កម្រិត​កើនឡើង​នោះទេ​។

លោក តុល ញ៉ាក់ បាន​បន្ត​ថា ម្យ៉ាងវិញ​ទៀត​នៅក្នុង​វិបត្តិ​នេះ​ពលរដ្ឋ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ក៏​កើនឡើង​ច្រើន​ផងដែរ​។ ​ជាមួយ​គ្នា​នេះ ពលរដ្ឋ​ជាច្រើន​​មិនអាច​ចេញ​ទៅ​ណា​មក​ណា​រួច ហើយ​​បាន​ចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩ និង​អនុវត្តតាម​ការណែនាំ​ ឬ​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ហើយ​​បាន​បញ្ជា​ទិញ​ទំនិញ​ពី​ទីផ្សារ​។

លោក តុល ញ៉ាក់ ថ្លែងថា​៖ «​លក្ខណៈ​ទាំងអស់​នេះ​មាន​ការប្រែប្រួល​ច្រើន ដែល​តួនាទី​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​បរិបទ​​នៃ​កូវីដ​ ១៩ មាន​ការលូតលាស់​ទៅលើ App ក៏​កើត​ច្រើន​។ អាច​និយាយ​បាន​ថា នៅក្នុង​បញ្ហា​ប្រឈម​នេះ​បាននិង​កំពុង​បង្កើត​ជា​ឱកាស​»​។

បើតាម​លោក តុល ញ៉ាក់ ទន្ទឹម​នឹង​មានឱកាស​ក៏មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ​នៅក្នុង​សេវា​អនឡាញ​នេះ​ពាក់ព័ន្ធ​នឹង​សេវា និង​សន្តិសុខ​បច្ចេកវិទ្យា​ក៏បាន​កើនឡើង​ផងដែរ​។ ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ក្រសួង​បាននិង​កំពុង​រៀបចំ​ធ្វើ​ច្បាប់ Cyber Security​។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៦ ខែមីនា​ថា ក្នុង​បរិបទ​កូវីដ​១៩​នេះ ពលរដ្ឋ​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ការកើនឡើង​ដែលមាន​រហូតដល់​ ១៥ ​លាន​ ៥ ​សែន​នាក់ គឺជា​អ្នកប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទដៃ មានន័យថា ប្រជាពលរដ្ឋ​ប្រើប្រាស់​ 3G ឬ​ 4G សម្រាប់​សេវា​អ៊ីនធឺណិត​។

ដោយឡែក​អ្នកប្រើប្រាស់​សេវា​អ៊ីនធឺណិត​នៅតាម​ផ្ទះ អគារ និង​ក្រុមហ៊ុន ដែល​អូស​ខ្សែកាប្លិ៍​ក្រោម​ដី ក្រោម​ទឹក និង​លើ​អាកាស​មាន​ចំនួន​ជិត​ ១ ​លាន​កន្លែង​។

លោក ជា វ៉ាន់ដេត ថ្លែងថា​៖ «​ក្នុងពេល​មាន​ការកើនឡើង​នេះដែរ​ក៏មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​បាន​ត្អូញត្អែរ​ពី​សេវា​អ៊ីនធឺណិត​មាន​ការយឺតយ៉ាវ ដែល​ធ្វើឱ្យ​​ប៉ះពាល់​ដល់​ដំណើរការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ ក៏ដូចជា ការសិក្សា​តាម​អនឡាញ​របស់​ក្មួយៗ​សិស្សានុសិស្ស​ក្នុង​បរិបទ​នេះ​»​។

ក៏ប៉ុន្តែ​លោក វី កៃយ៉ាសិទ្ធ អ្នក​គ្រប់គ្រង​ធនធានមនុស្ស​របស់​ក្រុមហ៊ុន​​អនឡាញ​ NHAM24 ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​នេះ ការបញ្ជាទិញ​ទំនិញ​តាម​អនឡាញ​របស់​ក្រុមហ៊ុន​លោក​មាន​ការកើនឡើង​ត្រឹមតែ​ចន្លោះ​ពី​ ៥ ទៅ​ ១០ ​ភាគរយ​ប៉ុណ្ណោះ​ ពោលគឺ​ស្ថិត​ក្នុង​កម្រិត​តិចតួច​នៅឡើយ​។

លោក​ថ្លែងថា​៖ «​ប្រព័ន្ធ​អនឡាញ​​ ឬ​ App ​សម្រាប់​បញ្ជា​ទិញ​ដែល​ក្រុមហ៊ុន​ខ្ញុំ​បង្កើតឡើង​នេះ គឺ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អតិថិជន ជាពិសេស​នៅក្នុង​អំឡុងពេល​កូវីដ​នេះ​ដែល​មិនអាច​ចេញ​ទៅ​ក្រៅ​បាន គឺ​ពួកគាត់​អាច​រក​ទិញ​អីវ៉ាន់ បន្លែ និង​ម្ហូប​ផ្សេងៗ​»​។

យ៉ាងណាក្ដី​លោក វី កៃយ៉ាសិទ្ធ បាន​បញ្ជាក់ថា ការប្រើប្រាស់​ App និង​បច្ចេកវិទ្យា​ផ្សេង​តាម​បណ្តាញ​អ៊ីនធឺណិត សម្រាប់​បញ្ជា​ទិញ​ទំនិញ​របស់​ពលរដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្ន​គឺ​មិនទាន់​បាន​ទូលំទូលាយ​នោះទេ ប៉ុន្តែ​នៅពេល​មាន​ការផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​​ជាច្រើន​នៅក្នុង​ប្រទេស​ពី​ ១ ​ថ្ងៃ​ ទៅ​ ១ ​ថ្ងៃ​ វា​នឹង​អាច​កើនឡើង​កាន់តែ​ច្រើន​នាពេល​អនាគត​៕