ព្រះវិហារៈ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែងថា ការធ្វើ​តេស្ដ​ពី​មន្ទីរពិសោធន៍​បង្ហាញ​ថា អ្នក​ជាប់ពន្ធនាគារ​ចំនួន ១៤៧ ​នាក់​ នៅ​ខេត្ត​ព្រះវិហារ​មិន​មាន​ជំងឺ​កូវីដ​ ១៩ ​នោះទេ វា​គ្រាន់តែ​ជា​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយធំ​ជា​ក្រុម​តែប៉ុណ្ណោះ ដោយ​ពួកគេ​កើត​មាន​អាការ​ក្អក ក្ដៅខ្លួន​ និង​ហៀរ​សំបោរ​។

លោកស្រី វណ្ណឌីន បាន​ថ្លែង​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ក្រសួង​សុខាភិបាល​ទទួល​បាន​ព័ត៌មាន​ករណី​សង្ស័យ​ជំងឺ​គ្រុន​ផ្ដាសាយធំ​លើ​ក្រុម​អ្នក​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃ​ទី​ ៣១ សីហា និង​ក្រោយពី​ក្រុមគ្រូពេទ្យ​ជំនាញ​ចុះ​ស្រាវជ្រាវ​ និង​ពិនិត្យ គឺ​បាន​បែងចែក​ឱ្យនៅ​ដាច់ដោយឡែក​រវាង​ក្រុម​អ្នក​ជាប់ពន្ធនាគារ​ជា​ ៣ ​ក្រុម​។

ក្នុងចំណោម​ទាំង​​ក្រុម​នោះ​គឺ​ក្រុម​អ្នកឈឺ​ចំនួន​ ១៤៧ ​នាក់​ក្នុង​នោះ​ជា​ស្ដ្រី​ចំនួន​ ១៩ ​នាក់​ត្រូវ​បាន​យក​សំណាក​មក​ធ្វើតេស្ដ ក្រុម​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​ផ្ដាសាយធំ​ចំនួន​ ១១ ​នាក់ និង​ក្រុម​មិន​សង្ស័យ​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​ចំនួន​ ៣២៦ ​នាក់​។ លទ្ធផល​ធ្វើតេស្ដ​លើ​អ្នក​ជាប់​ពន្ធនាគារ​ទាំង​ ១៤៧ ​នាក់​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១ កញ្ញា គឺ​អវិជ្ជមាន​ជំងឺ​កូវីដ​ ១៩ តែ​ជា​ការឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​។

លោកស្រី​ថា​៖ «​ដូច្នេះ​មិនមែន​ជា​ករណី​ជំងឺ​កូវីដ​១៩​នោះទេ ហើយ​លទ្ធផល​វិភាគ​មន្ទីរពិសោធន៍​ក៏បាន​បញ្ជាក់​ដែរ​ថា ជា​ករណី​ជំងឺ​ផ្តាសាយធំ (Influenza A) ដែល​ជា​ជំងឺ​អាច​ឆ្លង​បន្ត​គ្នា​បាន​ក្នុង​ទ្រង់ទ្រាយ​បែបនេះ ប្រសិនបើ​បុគ្គល​ម្នាក់ៗ​មិន​បាន​អនុវត្ត​កិច្ចការពារ​ខ្លួន​បាន​ត្រឹមត្រូវ​ទេនោះ​។ ក្រុម​ការងារ ក៏បាន​អប់រំ​សុខភាព ដើម្បី​ឲ្យ​អ្នក​នៅក្នុង​ពន្ធនាគារ​ទាំងអស់​ចេះ​ការពារខ្លួន​កុំ​ឲ្យ​មាន​ការចម្លង​បន្ត​គ្នា​បន្ថែម​ទៀត​»​។

លោកស្រី​ ឱ វណ្ឌឌីន បញ្ជាក់​ទៀតថា ស្ថានភាព​សុខភាព​របស់​អ្នកជំងឺ​ទាំង​ ១៤៧ ​នាក់​គឺ​មាន​សភាព​ល្អប្រសើរ​ជា​បណ្តើរៗ និង​ស្ថិតក្រោម​ការតាមដាន​ដោយ​យកចិត្ត​ទុកដាក់​ពី​ក្រុមគ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ​។

កាលពី​ពាក់កណ្ដាល​ខែសីហា ព្រះសង្ឃ​វត្ត​ប្រាសាទ​នាងខ្មៅ​ចំនួន​ ៣៤ ​អង្គ ស្ថិត​ក្នុង​ភូមិ​ចា ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ ក៏​ធ្លាប់​ត្រូវបាន​ក្រសួង​សុខាភិបាល​យក​សំណាក​ទៅធ្វើ​តេស្ដ​ជំងឺ​កូវីដ​ ១៩ ​ដែរ បន្ទាប់ពី​ព្រះសង្ឃ​ទាំងនោះ​បាន​ចេញ​រោគសញ្ញា​ផ្ដាសាយ​។ លទ្ធផល​ធ្វើតេស្ដ​បញ្ជាក់ថា ព្រះសង្ឃ​ទាំងនេះ​គ្រាន់តែ​ឆ្លង​ជំងឺ​ផ្ដាសាយ​ធម្មតា​ប៉ុណ្ណោះ​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ គឺមាន​អ្នក​ជាប់ឃុំ​ជាង​ ៤០០ ​នាក់​។ លោក​បន្ត​​ថា កាលពី​ពេល​ថ្មីៗ​នេះ​គឺមាន​អ្នក​ជាប់ឃុំ​ថ្មី និង​មាន​អ្នក​ជាប់ឃុំ​ចំនួន​ ១១ ​នាក់​ ទើប​បាន​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក ហើយ​បញ្ចូន​ឱ្យ​ទៅ​រស់នៅក្នុង​បន្ទប់​ឃុំឃាំង​ជាមួយ​អ្នក​ជាប់ឃុំ​ចាស់ៗ​ផ្សេងទៀត​។ លោក​ថា​៖ «​យើង​មិនដឹងថា ឆ្លង​ពី​ណា ថា​តើ​ឆ្លង​ពី​អ្នក​នៅក្នុង​ពន្ធនាគារ​ស្រាប់ ឬ​មួយ​ក៏​ឆ្លង​ពី​អ្នក​ទើប​ចូល​ថ្មី វា​អត់ទាន់​កំណត់​បាន​»​។

ចំណែក​លោក​វេជ្ជបណ្ឌិត គួង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ដែរ​ថា ការ​ផ្ទុះឡើង​ការឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​ជា​ក្រុម​នៅក្នុង​ពន្ធនាគារ​នេះ អាច​ឆ្លង​ដោយសារ​នៅពេល​ក្រុម​អ្នក​ជាប់​ពន្ធនាគារ​ចេញ​មក​ធ្វើ​ពលកម្ម នៅ​ខាងក្រៅ​បន្ទប់​ជាប់ឃុំ​។

លោក​បន្តថា រាល់​សាច់ញាតិ​ចូលទៅ​សួរសុខទុក្ខ​អ្នក​ជាប់ឃុំ​គឺ​ត្រូវ​ឆ្លងកាត់​វិធានការ​សុខាភិបាល​ជាមុន ដូចជា វាស់កម្ដៅ និង​លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល​នៅ​មាត់ច្រក​ចេញចូល​នៃ​ពន្ធនាគារ ហើយ​ការសន្ទនា​រវាង​សាច់ញាតិ និង​អ្នក​ជាប់​ពន្ធនាគារ​គឺ​ឆ្លងកាត់​របាំង​កញ្ចក់​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ពន្ធនាគារ​ហ្នឹង​គឺ​បាន​អនុវត្តតាម​វិធាន​នៃ​ការចម្លង​កូវីដ​ ១៩​។ អ៊ីចឹង​! ការការពារ​ចម្លងជំងឺ​កូវីដ​១៩​នេះ វា​ក៏​ជា​ការការពារ​ការចម្លង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​ដែរ និង​ក៏​អាច​ការពារ​ជំងឺឆ្លង​តាមផ្លូវ​ដង្ហើម​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់អារម្មណ៍​នោះ គឺថា​ពួកគាត់​អាច​ឆ្លង​តាមរយៈ​គ្នា​គាត់ នៅពេល​អ្នក​ជាប់​ពន្ធនាគារ​ចេញមក​ធ្វើ​ការងារ​នៅ​ខាងក្រៅ​អគារ​ឃុំឃាំង​»​។

លោក គួង ឡូ បានបញ្ជាក់​ទៀតថា អ្នក​ជាប់ឃុំ​ដែល​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ ទាំងនោះ នៅពេល​នេះ​គឺ​មាន​អាការ​ធូរស្រាល​ឡើងវិញ​ហើយ ក្រោយពី​ពួកគេ​ទទួល​បាន​ថ្នាំលេប​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​។ លោក​បន្តថា ក្រោយពី​ការផ្ដល់​ថ្នាំ​ឱ្យ​លេប​បាន​ចំនួន​ ៣ ​ថ្ងៃ​ ខាង​មន្ត្រី​ពេទ្យ​របស់​មន្ទីរ​សុខាភិបាល ខេត្តព្រះវិហារ​នឹង​ចុះទៅពិនិត្យ​សុខភាព​រាល់​អ្នក​ជាប់ឃុំ​ទាំងនោះ​ម្ដងទៀត ហើយ​នឹង​បន្ត​តាមដាន​រហូត​ពួកគេ​​ជាសះស្បើយ​ទាំងស្រុង​។

កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ថា គ្មាន​ករណី​ជំងឺ​កូវីដ​ ១៩ ​ថ្មី​ទៀត​នោះទេ និង​ក៏​គ្មាន​ករណី​ជាសះស្បើយ​ថ្មី​នោះដែរ​ ខណៈ​ដែល​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ ​១៩ ​ទាំងអស់​នៅ​កម្ពុជា​មាន​សរុប​ចំនួន​ ២៧៤​ ​នាក់ ក្នុង​នោះ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២៦៦ ​នាក់ និង​នៅសល់​តែ​ ៨ ​នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​៕