ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ ១៩ ដែលនៅសល់ម្នាក់ចុងក្រោយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺមិនមានស្ថានភាពធ្ងន់ធ្ងរនោះទេហើយនឹងអាចចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ៗ។
លោកស្រី ឱ វណ្ណឌីន បញ្ជាក់កាលពីយប់ថ្ងៃទី ៩ កញ្ញា ថា អ្នកជំងឺកូវីដ ១៩ ចុងក្រោយ ដែលត្រូវបញ្ជូនចេញពីមណ្ឌលសុខភាពចាក់អង្រែ ទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ គឺដើម្បីបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់ការព្យាបាលដោយសារមន្ទីរពេទ្យនេះគឺបណ្តុំទៅដោយអ្នកឯកទេសផ្នែកជំងឺសួត និងក្រុមគ្រូពេទ្យជំងឺទូទៅ។
លោកស្រីថា៖ «អ្នកជំងឺគាត់មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់ ឬមិនមានជំងឺប្រចាំកាយនោះទេ។ គ្រាន់តែភាពវិជ្ជមានវីរុសកូវីដ១៩របស់គាត់បានបន្តក្នុងរយ:ពេលយូរ ដែលមានអ្នកជំងឺខ្លះក៏ធ្លាប់ព្យាបាលមានរយ:ពេលយូរដែរ»។
លោកស្រីបន្តថា៖ «ខ្ញុំសង្ឃឹមថា ការផ្លាស់ប្តូរទីកន្លែង និងក្រុមគ្រូពេទ្យព្យាបាលសម្រាប់គាត់ និងអាចជួយជំរុញឲ្យស្ថានភាពអ្នកជំងឺនឹងអាចមានការប្រែប្រួលទៅរកភាពឆ្លើយតបសរីរាង្គរបស់គាត់កាន់តែបានល្អបន្ថែមទៀត ដោយនីតិវិធីព្យាបាលរបស់ក្រុមគ្រូពេទ្យឯកទេសនៅទីនោះ។ អ្នកជំងឺក៏ប្រហែលជានឹងអាចវិវត្តទៅរកភាពជាសះស្បើយក្នុងពេលឆាប់ៗនេះផងដែរ»។
នៅក្នុងរយៈពេលជិត ១ ខែចុងក្រោយនេះកម្ពុជាបានរកឃើញករណីនាំចូលកូវីដថ្មីតែមួយករណីប៉ុណ្ណោះគឺអ្នកដំណើរមកពីប្រទេសបារាំងមកដល់កម្ពុជាកាលពីថ្ងៃទី ៣០ ខែសីហា ប៉ុន្តែអ្នកជំងឺរូបនេះត្រូវបានក្រសួងសុខាភិបាលរាយការណ៍ថា បានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យនៅថ្ងៃទី ៧ កញ្ញា។
គិតចាប់តាំងពីថ្ងៃរកឃើញករណីជំងឺកូវីដ ១៩ ដំបូងនៅកម្ពុជានៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ គឺមកដល់ពេលនេះមានមនុស្សចំនួន ១០៩១៣៣ នាក់ត្រូវបានធ្វើតេស្ដរកជំងឺកូវីដ ១៩ ហើយក្នុងចំណោមនោះមានចំនួន ២៧៤ នាក់ត្រូវបានរកឃើញវិជ្ជមាន។ ក្នុងចំណោមអ្នកជំងឺទាំងនោះមាន ២៧៣ នាក់ ត្រូវបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននៅសល់តែម្នាក់ទៀតប៉ុណ្ណោះមិនទាន់ជាសះស្បើយ។
ទោះយ៉ាងណានាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារខ្លួនឱ្យបានជាប់ជានិច្ចដូចជាពាក់ម៉ាស់ លាងសម្អាតដៃ អង្គុយ និងឈរត្រូវរក្សាគម្លាតពីគ្នា ពន្យារពេលរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀងការចាក់ធុងបាស់រាំជាដើម និងមិនត្រូវធ្វើដំណើរចេញក្រៅផ្ទះឡើយក្នុងករណីដែលមិនមានការចាំបាច់។
ការក្រើនរំឭកឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នថែរក្សាសុខភាពនេះគឺដោយសារកម្ពុជានៅតែបន្តរងការគំរាមកំហែងឆ្លងចេញពីប្រទេសនៅក្នុងតំបន់ និងពិភពលោកដែលជំងឺកូវីដ ១៩ នៅតែកំពុងបន្តរាតត្បាតខ្លាំងក្លានៅឡើយ៕