ភ្នំពេញៈ ប៉ុន្មានថ្ងៃនេះមានការផ្សាយព័ត៌មានថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នឹងត្រូវបញ្ចប់អាណត្តិរបស់ខ្លួន ដោយសារតែធ្វើការហួសតួនាទីធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនពេញចិត្ត ប៉ុន្តែបើផ្អែកតាមមន្ត្រីជាន់ខ្ពស់គឺការបញ្ចប់អាណត្តិស្ថាប័នមួយនេះ មិនមែនដោយសារការពេញចិត្តឬមិនពេញចិត្តពីនាយករដ្ឋមន្ត្រីនោះទេ ព្រោះជាធម្មតា បើរដ្ឋាភិបាលត្រូវផុតអាណត្តិទី៦ នេះ ឧត្តមក្រុមប្រឹក្សាក៏ត្រូវបញ្ចប់ស្របតាមព្រះរាជក្រឹត្យដែរ។
ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ លោក ឈឹម ផលវរុណ ថ្លែង ពីថ្ងៃអាទិត្យថា ពាក់ព័ន្ធនឹងរឿងពេញចិត្ត ឬមិនពេញចិត្ដ គឺអាចមើលឃើញទៅនឹងដំណើរការ ដែលលោក ហ៊ុន សែន បានទទួលពីឧត្ដមក្រមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រៀងរាល់សប្ដាហ៍។ បេសកកម្មរបស់ប្រតិភូគណបក្ស តែងតែធ្វើរបាយការណ៍គោរពជូនលោកនាយករដ្ឋមន្ត្រី និងផ្ដល់យោបល់ថែមទៀត។ លិខិតជារបាយការណ៍ និងយោបល់ គឺបានទៅដល់លោក ហ៊ុន សែន រហូតដល់លោកចាត់វិធានការជាបន្ដបន្ទាប់។
លោក ឈឹម ផលវរុណ បន្ថែមថា ថ្មីៗនេះមានរបាយការណ៍មួយពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ហើយលោក ហ៊ុន សែន បានចេញលិខិតណែនាំឱ្យក្រសួងកសិកម្ម អភិបាលខេត្ដរតនគិរី និងខេត្ដមណ្ឌលគិរី ត្រូវពិនិត្យអនុវត្ដ អំពីភាពអសកម្មនៃការទប់ស្កាត់បទល្មើសព្រៃឈើតាមសំណើយោបល់របស់ឧត្ដមក្រុមប្រឹក្សា។ ដូចរឿងទំនាស់ដីធ្លី និងបញ្ហាផ្សេងៗទៀត លោក ហ៊ុន សែន ទទួលយកនូវរបាយការណ៍ ហើយតែងតែចាត់វិធានការទៅស្ថាប័ន ក្រសួងពាក់ព័ន្ធពិនិត្យ សិក្សា។
ដូច្នេះលោក ហ៊ុន សែន ទទួលយកធាតុចូល ដែលជាស្មារតីដើមនៃការបង្កើត [ឧត្ដមក្រមប្រឹក្សា] នេះ។
មួយវិញទៀតលោកថា មានការយល់ខុសទៅលើការអញ្ជើញរដ្ឋមន្ត្រីយោងតាមនីតិវិធី ការពិត នៅក្នុងព្រះរាជក្រឹត្យ គឺឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មិនមែនជាអ្នកកោះអញ្ជើញរដ្ឋមន្រ្ដីទេ គឺក្រុមប្រឹក្សាជាអ្នកស្នើ គោរពជូនលោក ហ៊ុន សែន ក្នុងកម្មវត្ថុអញ្ជើញរដ្ឋមន្រ្ដី មកពិភាក្សាក្នុងក្របខ័ណ្ឌឧត្ដមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់។
លោកបញ្ជាក់ថា៖ «អ៊ីចឹងហើយបានជាក់ស្ដែងយើងធ្វើលិខិត សំណើសុំយោបល់ សុំការអនុញ្ញាតពីសម្ដេច [ហ៊ុន សែន] ក្នុងការគោរពអញ្ជើញរដ្ឋមន្រ្ដី គោរពជូនទៅសម្ដេច ហើយបានសម្ដេច លោកចារឯកភាព ចារយល់ព្រម បានឧត្តមក្រុមប្រឹក្សារៀបចំលិខិតគោរពអញ្ជើញរដ្ឋមន្រ្ដីដើម្បីដឹកនាំប្រតិភូក្រសួងសាមីមកចូលរួម។ អ៊ីចឹងយើងធ្វើអ៊ីចឹង អត់ដែលមានធ្វើលើសហ្នឹងទេ គឺទាល់តែសម្ដេចយល់ព្រមបានយើងគោរពអញ្ជើញរដ្ឋមន្រ្ដី។ អត់មានខុសអីទេ»។
លោកបញ្ជាក់ថា៖ «យើងមើលជាក់ស្ដែង ឧត្ដមក្រុមប្រឹក្សា ដូចអត់មានធ្វើអីលើសពីតួនាទីផង។ តួនាទីរបស់ឧត្ដមក្រុមប្រឹក្សាមានចែងនៅក្នុងមាត្រា ១០ ជាពិសេសនៅកថាខណ្ឌទី៣ តាមដានអំពីប្រសិទ្ធភាពនៃការអនុវត្ដច្បាប់ អនុវត្ដគោលនយោបាយ។
លោកបញ្ជាក់ថា៖ «ការបញ្ចប់ក្រុមការងារឧត្ដមក្រុមប្រឹក្សានេះ គឺត្រូវធ្វើឡើងស្របតាមព្រះរាជក្រឹត្យ ព្រោះជាស្ថាប័នដែលបង្កើតឡើងដោយព្រះរាជក្រឹត្យ។ ក្រុមការងារនេះ គឺបានកើតចេញពីការចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ដោយការចូលរួមនោះ ដោយការស្ម័គ្រចិត្ដ មិនមានការបង្ខំ»។
ទាក់ទិននឹងការផ្សាយនេះដែរ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង តាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី ៨ មិថុនា បានភ្ជាប់ទៅនឹងការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលស្រង់សម្តី អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញការមិនពេញចិត្តក្នុងការបំពេញភារកិច្ចរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយចំនួនដែលធ្វើការបញ្ចេញអំណាចហួសខ្លាំងពេក។ ពួកគេធ្វើការហួសដែនសមត្ថកិច្ចរបស់ខ្លួនទាក់ទិននឹងការអញ្ជើញរដ្ឋមន្រ្តីនានាមកបំភ្លឺធ្វើដូចខ្លួនជាតុលាការ។
លោក សាប៊ុង ក៏បានភ្ជាប់ទៅនឹងការផ្សាយរបស់វិទ្យុបារាំង ដែលស្រង់សម្តីលោក ផៃ ស៊ីផាន ដដែលថា មូលហេតុចម្បង ដែលជំរុញឲ្យលោក ហ៊ុន សែន បញ្ជាក់ពីការបញ្ចប់យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅអាណត្តិក្រោយ ព្រោះតែកន្លងមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយចំនួនហាក់បានដើរហួសពីតួនាទីរបស់ខ្លួន។ ព្រោះសមាជិកនៃឧត្តមក្រុមប្រឹក្សានេះ បានកោះហៅរដ្ឋមន្ត្រីមួយ ចំនួនមកចោទសួរ និងបានជ្រៀតជ្រែកលើកិច្ចការងាររបស់កងទ័ព និងកងនគរបាលជាតិ។
ទោះយ៉ាងណា លោក សាប៊ុង ក៏បានបញ្ជាក់ថា លោក ផៃ ស៊ីផាន បានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយមួយនោះ កុំផ្សាយប្រាសចាកពីខ្លឹមសារដើមរបស់លោក ហ៊ុន សែន ព្រោះលោកនាយរដ្ឋមន្ត្រី ពុំបានផ្តល់អនុសាសន៍ពីទិដ្ឋភាពដូចដែលប្រព័ន្ធផ្សព្វផ្សាយនោះបានចុះផ្សាយនោះទេ។
ជាមួយគ្នានេះ សមាជិកឧត្តមក្រុមប្រឹក្សារូបនេះក៏បានលើកពីសម្តីរបស់លោក ឈឹម ផលវរុណ ថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺយោងតាមព្រះរាជក្រឹត្យ ឯការលើកឡើងផ្សេងពីនេះ គឺមិនពិតនោះទេ ហើយថា អ្នកដែលទទួលបានព័ត៌មាននោះអាចទទួលបានព័ត៌មានលើស ឬក៏ខុសពីការពិតជាក់ស្តែង។
លោកបន្ថែមថា៖ «ឯកឧត្តមឈឹម ផលវរុណ បានបញ្ជាក់បន្ថែមថាសម្តេចនាយករដ្ឋមន្ត្រី គ្រាន់តែលើកឡើងទាក់ទងនឹងកិច្ចការយោធា សម្តេចតេជោមិនយល់ព្រមឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិចូលប្រជុំក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់តាមការស្នើសុំនោះទេដោយកិច្ចការយោធាជាបញ្ហាសន្តិសុខជាតិមិនអាចនិយាយជាសាធារណៈបានឡើយ»។
លោក សាប៊ុង លើកឡើងថា ក្នុងនាមជាប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលធ្លាប់បានចូលរួមបំពេញបេសកកម្មកន្លងមក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពីគណបក្សខ្មែរក្រោក សូមបញ្ជាក់ថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការបង្កើតឡើងក្រោមទស្សនទានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងន័យផ្តល់ជាធាតុចូលជូនរដ្ឋាភិបាល ស្របតាមគោលការណ៍ប្រមូលពហុគំនិតជាធនាគារខួរក្បាល ដើម្បីចូលរួមកសាងអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងជាកញ្ចក់ឆ្លុះ បញ្ចាំងរាល់ទិដ្ឋភាពអសកម្មនានារបស់មន្ត្រីថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបញ្ជាក់ថា៖ «ចំពោះអាណត្តិនៃយន្តការនេះ គឺនឹងបញ្ចប់ទៅវិញតាមការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលខ្លឹមសារនេះបានបញ្ជាក់ច្បាស់ក្នុងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាពិសេសមានការព្រមព្រៀងគ្នាជាឯកច្ឆន្ទរវាងបណ្តាគណបក្សទាំងឡាយជាមួយនឹងសម្តេចតេជោនាយករដ្ឋមន្ត្រីទៀតផង»។
ប្រធានបក្សខ្មែរក្រោករូបនេះបន្តថា អ្វីដែលសំខាន់ គឺរយៈពេល ៤ ឆ្នាំ ដែលសេសសល់ បក្សរបស់លោកនឹងខិតខំបម្រើពលរដ្ឋឲ្យអស់លទ្ធភាពក្នុងការបម្រើផលប្រយោជន៍ប្រជាជាតិកម្ពុជាពីការបំផ្លាញរបស់ជនខិលខូច មន្ត្រីគ្រាប់ល្ពៅជាដើម។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធធ្វើអត្ថាធិប្បាយ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ស្របចំពោះការបញ្ចប់ក្រុមការងារឧត្ដមក្រុមប្រឹក្សានេះ។
លោកថា៖ «ខ្ញុំគិតថា បើរដ្ឋាភិបាលបញ្ចប់ក្រុមនេះ វាល្អដែរ ព្រោះក្រុមនេះបង្កើតទៅអត់ឃើញមានប្រសិទ្ធភាពការងារ ឬក៏ជួយរដ្ឋាភិបាលទេ បន្ទុកចំណាយថវិកាជាតិច្រើនជាង អត្ថប្រយោជន៍ដែលរដ្ឋាភិបាលទទួលបាន»។
លោកថា រដ្ឋាភិបាលមានស្ថាប័នគ្រប់គ្រាន់ ក្នុងការដំណើរការនីតិវិធីការងារ អ្វីដែលសំខាន់គ្រាន់តែជំរុញឱ្យមានប្រសិទ្ធភាពទៅបានហើយ៕