The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ក្រសួង​ការងារ​ចុះ​អប់រំ​កម្មករ ពី​របៀប​បញ្ចៀស​ពី​ការ​សន្លប់




មន្ត្រី​ក្រសួង​ការងារ​ចុះ​អប់រំ​កម្មករ ពី​របៀប​បញ្ចៀស​ពី​ការ​សន្លប់

មន្ត្រី​ក្រសួង​ការងារ​ចុះ​អប់រំ​កម្មករ ពី​របៀប​បញ្ចៀស​ពី​ការ​សន្លប់

121009_05b
កម្មកររោងចក្រ M V នៅខេត្តកំពង់ឆ្នាំងសន្លប់កន្លងមក សហការី

ភ្នំពេញៈក្រសួង​ការងារ​បាន​ចាប់​ផ្តើម​នូវ​កម្មវិធី​ថ្មី​មួយ​ ដោយ​ចុះ​ទៅ​តាម​រោងចក្រ​កាត់​ដេរ​នានា​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​ ដើម្បី​ធ្វើ​ការ​អប់រំ​ដល់​កម្មករ​ ពី​របៀប​នៃ​ការ​ចៀសវាង ពី​ការ​ដួល​សន្លប់ ពេល​កំពុង​ធ្វើ​ការ​។

លោក​ អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ​ មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា មន្រ្តី​របស់​ក្រសួង​ការងារ​ បាន​ចាប់​ផ្តើម​ចុះ​ទៅ​តាម​បណ្តា​រោង​ចក្រ​កាត់ដេរ​ ដើម្បី​អប់រំ​ណែនាំ​កម្មករ​ពី​របៀប​នៃ​ការ​ចៀស​វាង​ការ​ដួល​សន្លប់។

លោក អ៊ុំ  មាន​ និង មន្រ្តី​ពាក់ព័ន្ធ​ បាន​ចុះ​ទៅ​ដល់​រោងចក្រ​មួយ​ចំនួន នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ដែល​ជា​យុទ្ធនាការ​ដំបូង​ ដោយ​ពួក​គេ​បាន​ជួប​កម្មករ​ជា​ច្រើន​ពាន់​នាក់​។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ «ក្រសួង​នឹង​ធ្វើ​យុទ្ធនាការ​នេះ ឲ្យ​បាន​ច្រើន​រោងចក្រ​នៅ​ទូទាំង​ប្រទេស​» ។

មន្រ្តី​ក្រសួង​ការងារ បាន​ធ្វើ​ការ​ណែ​នាំ​ទៅ​ដល់​កម្មករ​ឲ្យ​ហូប​អាហារ​ដែល​មាន​អនាម័យ មាន​ជីវជាតិ គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ និង​កន្លែង​ធ្វើ​ការ ​របស់​ពួក​គេ ត្រូវ​មាន​ខ្យល់​អាកាស​ចេញ​ចូល​ឲ្យ​បាន​គ្រប់គ្រាន់។ លោក អ៊ុំ មាន​ បាន​ជំរុញ​ឲ្យ​ធ្វើ​ការ​សាក​សួរ​ បន្ថែម​ទៅ​លោក​ អ៊ុក​ សមវិទ្យា ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​ ដែល​លោក​ធ្វើ​ការ​ច្រើន​ជាមួយ​នឹង​យុទ្ធនាការ​នេះ​ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​ទេ​កាល​ពី​ម្សិលមិញ។

អ្នក​នាង អ៊ំ លីណា មន្រ្តី​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​គាំទ្រ​នូវ​កម្មវិធី​ថ្មី​របស់​ក្រសួង​ការងារ​នេះ​។ អ្នក​នាង​ថ្លែង​ថា៖ «ទោះ​បី​ជា​ការ​ចាប់​ផ្តើម​នេះ​មាន​ការ​យឺត​បន្តិច​ក៏ដោយ ប៉ុន្តែ​វា​ប្រសើរ​ដែល​មន្រ្តី​របស់​ក្រសួង​បាន​ធ្វើ​ការងារ​នេះ»។

អ្នក នាង​បន្ថែម​ថា​ មូល​ហេតុ​នៃ​ការ​ដួល​សន្លប់​របស់​កម្មករ គឺ​ដោយ​សារ​តែ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន ដែល​កម្មករ​ខ្លះ​ ធ្វើ​ការ​ថែម​ពី ៤ ទៅ ​៥​ ម៉ោង​ក្នុង​មួយ​ថ្ងៃ ​បន្ថែម​លើ​ការងារ​ធម្មតា​របស់​ពួក​គេ។ ការ​គេង​មិន​គ្រប់​គ្រាន់ ការ​ហូប អាហារ​មិន​មាន​អនាម័យ​ និង​មិន​មាន​ជីវជាតិ​គ្រប់គ្រាន់ ហើយ​ក៏​ផ្គួប​ផ្សំ​នឹង​បរិយាកាស​នៅ​កន្លែង​ធ្វើ​ការ​មិន​ល្អ​ផង​នោះ គឺជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​កម្មករ​សន្លប់​។

បើ​តាម អ្នក​នាង អ៊ំ លីណា​ រយៈ​ពេល​៩​ខែ​មក​នេះ​ មាន​កម្មករ​ដួល​សន្លប់​ជាង​១៥៦០​នាក់​៕ PN

អត្ថបទគួរចាប់អារម្មណ៍