ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលកម្ពុជាបានអះអាងកាលពីម្សិលមិញថា កម្ពុជានៅមិនទាន់បានចុះហត្ថលេខាក្នុងការបញ្ជូនពលករទៅធ្វើការនៅប្រទេសកាតានៅឡើយទេ ដោយសារកំពុងស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវបន្ទាប់ពីមានការជួបគ្នាពីរដងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសកាតា។
លោក ហូ វុទ្ធី អគ្គនាយករងនៃក្រសួងការងារបានឲ្យដឹងពីថ្ងៃម្សិលមិញថា មន្ត្រីកម្ពុជាបានជួបជជែកពិភាក្សាជាមួយមន្ត្រីមកពីប្រទេសកាតាពីរលើករួចហើយប៉ុន្តែការសម្រេចបញ្ជូនពលករទៅធ្វើការនៅប្រទេសកាតានៅមិនទាន់សម្រេចនៅឡើយ។
លោកលើកឡើងថា៖ «យើងមិនទាន់បញ្ជូនពលករពីកម្ពុជាយើងទៅទីនោះនៅឡើយទេព្រោះយើងមិនទាន់រៀបចំនីតិវិធីច្បាប់គ្រប់គ្រាន់ណាមួយមិនទាន់មានពលករដែលចង់ទៅធ្វើការនៅប្រទេសនោះផងដោយសារតែទទួលបានប្រាក់ខែទាបហើយនិងបរិយាកាសខុសប្លែកច្រើនពីប្រទេសយើង ដែលធ្វើឲ្យមានការលំបាកក្នុងការរស់នៅសម្រាប់ពលករពីកម្ពុជា»។
តាមរបាយការណ៍ព័ត៌មានកាសែត the Gulf Times រាយការណ៍ថា ប្រទេសចំនួនប្រាំថ្មីទៀតទំនងជានឹងបញ្ជូនពលកររបស់ខ្លួនទៅកាន់ប្រទេសកាតា គឺមានប្រទេសវៀតណាម បូស្ន៊ីហេហ្ស៊ីហ្គោវីណា ម៉ាសេដ្វាន កម្ពុជា ហើយនិងប្រទេសបង់ក្លាដែស។
លោក ហូ វុទ្ធី ថ្លែងថា ពលករកម្ពុជាយើងមិនចង់ទៅធ្វើការនៅកាតាទេ ព្រោះប្រាក់បៀវត្សរ៍មិនខុសពីធ្វើការនៅប្រទេសថៃរួមទាំងសំបុត្រយន្តហោះនិងអាហារមានតម្លៃថ្លៃផងព្រមទាំងអាកាសធាតុ ក្ដៅជាងកម្ពុជាខ្លាំង។
លោកបន្តថា៖ «យើងមិនអាចបញ្ជូនពួកគេទៅ នៅពេលបច្ចុប្បន្ននេះបាននោះទេ។ យើងត្រូវការធ្វើការបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាពលករមានជំនាញដែលអាចទទួលបានប្រាក់ខែខ្ពស់សិន»។ លោកបន្ថែមថា ពួកគេកំពុងសិក្សាស្រាវជ្រាវពីគ្នានៅឡើយមុននឹងធ្វើការសម្រេចចិត្ត។
លោក ហូ វុទ្ធី បានបញ្ជាក់ដែរថា៖«យើងបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំហើយដែលភាគីទាំងពីរនឹងបន្តសិក្សាម្ដងទៀតពីករណីនេះប៉ុន្តែយើងយល់ថា កម្មករឬពលករដែលពុំមានជំនាញពួកគេនឹងមិនទៅធ្វើការនៅប្រទេសកាតាទេ ព្រោះពួកគេទទួលបានប្រាក់ខែទាប។ យើងនឹងប្ដូរផែនការដោយធ្វើការបញ្ជូនកម្មករជំនាញទៅជំនួសវិញព្រោះពួកគេនឹងទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងនេះប៉ុន្តែយើងត្រូវការពេលវេលាថែមទៀតដើម្បីធ្វើការបណ្ដុះបណ្ដាលឲ្យក្លាយជាកម្មករជំនាញ»។
លោកវុទ្ធី បញ្ជាក់ថា នៅមិនទាន់អាចប៉ាន់ប្រមាណថា តើពេលណាដែលពលករកម្ពុជាអាចនឹងត្រូវបញ្ជូនទៅប្រទេសកាតានៅឡើយ។ លោក បន្តថា៖«យើងមិនទាន់ហ៊ានកំណត់ថាតើនៅឆ្នាំណាទេ ដែលយើងនឹងចាត់បញ្ជូនពលករឲ្យទៅធ្វើការនៅកាតា។ យើងត្រូវធ្វើការសិក្សាបន្ថែមទៀតលើករណីនេះហើយក៏មិនដឹងថាតើកិច្ចប្រជុំជាមួយមន្ត្រីកាតាជាថ្មីទៀតនឹងធ្វើនៅពេលណាដែរទេ»។
ប្រធានមន្ទីរជ្រើសរើសពលករនៃក្រសួងការងារប្រទេស កាតាលោក Fawaz al-Rayis បានមានប្រសាសន៍នៅក្នុងកាសែត the Gulf Time ដែលទើបចេញផ្សាយថា៖ «ចំនួនកម្មករ និងពលករដែលគេធ្វើការជ្រើសរើសពីប្រទេសថ្មីៗទាំងនេះនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងដោយច្បាប់ទីផ្សារនៃតម្រូវការនិងការផ្គត់ផ្គង់»៕ PN