ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាកម្ពុជាមានទំនាក់ទំនងល្អជាមួយចិនមិនមែនមានន័យថាកម្ពុជាបោះបង់ចោលទំនាក់ទំនងជាមួយប្រទេសដទៃទៀតនោះទេតែកម្ពុជាបានយកចិត្តទុកដាក់គិតគូរ និងថ្លឹងថ្លែងរវាងប្រទេសទាំងអស់លើពិភពលោក។
ការលើកឡើងនេះធ្វើឡើងក្រោយជំនួបសម្តែងការគួរសមរវាងឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំអាស៊ាន លោក Xu Bu និងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសួរពីភាពស្និទ្ធស្នាលគ្នាខ្លាំងនៃទំនាក់ទំនងរវាងកម្ពុជា និងចិនស្របពេលដែលទំនាស់សមុទ្រចិនខាងត្បូងនៅបន្តមានហើយកម្ពុជាហាក់មានភាពរកាំរកូសជាមួយវៀតណាម ទាក់ទងនឹងរឿងព្រំដែន។
លោក ចែម វីឌ្យ៉ា អនុរដ្ឋលេខាធិការក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ានបានថ្លែងប្រាប់អ្នកសារព័ត៌មានថាប្រទេសកម្ពុជាមិនដែលរើសអើងញាតិមិត្តនោះទេហើយគោលការណ៍កម្ពុជាគឺស្វែងរកមិត្តភាពជាមួយប្រទេសទាំងអស់លើពិភពលោកហើយចំពោះប្រទេសមហាអំណាចក៏មិនរើសអើសនោះដែរ។
លោកថា៖ «យើងចង់បានទំនាក់ទំនងល្អបំផុតជាមួយមហាអំណាចទាំងអស់មិនថាចិន រុស្ស៊ី អាមេរិក បារាំង អង់គ្លេស ហើយនៅលើផ្លូវសេដ្ឋកិច្ចគឺយើងបើកទូលាយឲ្យតែអ្នកណាមកគឺយើងស្វាគមន៍ទាំងអស់»។
លោក ចែម វីឌ្យ៉ា បានបន្ថែមថា៖ «ទាក់ទងនឹងសមុទ្រចិនខាងត្បូងគឺកម្ពុជាចង់ឲ្យអាស៊ាន និងចិនរក្សាទំនាក់ទំនងល្អដើម្បីឲ្យមានស្ថិរភាពនយោបាយមានសន្តិសុខយូរអង្វែង និងអនុគ្រោះដល់តំបន់អាស៊ីអាគ្នេយ៍ និងសមុទ្រអាស៊ីប៉ាស៊ីហ្វិកគឺមានកំណើនសេដ្ឋកិច្ចយូរអង្វែងហើយបើកាលណាជម្លោះចេះតែកើតមាននៅពេលនោះគឺទំនាក់ទំនងសេដ្ឋកិច្ចនឹងរអាក់រអួលហើយកម្ពុជាចង់សម្របសម្រួលធ្វើយ៉ាងម៉េចឲ្យបន្ធូរបរិយាកាសរវាងអាស៊ាន និងចិន»។
យ៉ាងណាក៏ដោយបើតាមលោក ចែម វីឌ្យ៉ា ជំនួបរវាងលោក Xu Bu និងលោក ហោ ណាំហុង គឺគ្រាន់តែជាកិច្ចសម្តែងការគួរសម និងអរគុណដល់កម្ពុជាដែលបានគាំទ្រប្រទេសចិនក្នុងឆាកអន្តរជាតិតែប៉ុណ្ណោះហើយភាគីកម្ពុជាក៏បានឆ្លើយតបចំពោះជំនួយជាច្រើនសន្ធឹកសន្ធាប់របស់ប្រទេសចិនលើគ្រប់ផ្នែកទាំងអស់ក្នុងការជួយដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចក្នុងប្រទេស៕