
ភ្នំពេញៈ ការរង់ចាំតុលាការក្នុងសំណុំរឿងដែលបង្កពីកូដកម្ម ហិង្សាដឹកនាំដោយសហជីពនៅរោងចក្រកាត់ដេរ សាប្រ៊ីណា ក្នុងខេត្ត កំពង់ស្ពឺ កាលពីខែ ឧសភា និងខែ មិថុនា ត្រូវសហជីពសេរីកម្មករបានចោទថា អ្នកគ្រប់គ្រងបានផ្អាកមន្ត្រីខ្លួនក្នុងរោងចក្រនេះដោយខុសច្បាប់។
លោក ស៊ុន វណ្ណនី ប្រធាន លោក សែម សុភ័ក្រ្ត អនុប្រធាន និងលោក ជី សាក់ឡា អគ្គលេខាធិការនៃសហជីពសេរីកម្មករក្នុងរោងចក្រកាត់ដេរ សាប្រ៊ីណា ត្រូវសន្តិសុខប្រាប់ពីការបញ្ឈប់ការងារខណៈព្យាយាមវិលត្រឡប់ទៅធ្វើការវិញនៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីអវត្តមានអស់ ៥ខែ ចាប់ពីមានកូដកម្មកើតឡើង។
លោក វណ្ណនី និយាយថា៖ «ខ្ញុំមានការភ្ញាក់ផ្អើល ពេលដឹងថា ខ្ញុំក៏ត្រូវគេព្យួរការងារដោយគ្មានការជូនដំណឹងមុន។ ខ្ញុំទើបតែដឹងពេលទៅធ្វើការនៅព្រឹកថ្ងៃចន្ទ ព្រោះសន្តិសុខ គេមិនអនុញ្ញាតឲ្យខ្ញុំចូលរោងចក្រទេ»។
លិខិតចុះហត្ថលេខាដោយនាយកក្រុមហ៊ុន សាប្រ៊ីណា ដាក់ទៅមន្ទីរការងារខេត្ត កំពង់ស្ពឺ បញ្ជាក់ថា អ្នកទាំងបីត្រូវរោងចក្រព្យួរការងារនៅថ្ងៃ ទី៥ ខែ កញ្ញា ដោយសារតែបានរំលោភច្បាប់ការងារជាច្រើនករណី រួមទាំងអវត្តមានគ្មានច្បាប់ផង។
មន្រ្តីរោងចក្រ សាប្រ៊ីណា ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
អ្នកទាំងបីស្ថិតក្នុងចំណោមកម្មករ ១៦ នាក់ ដែលប្រឈមនឹងការចោទប្រកាន់របស់តុលាការ ពីបទញុះញង់ឲ្យប្រើអំពើហិង្សា ដែលបានបង្ករបួសដល់មនុស្សយ៉ាងតិច ២៣ នាក់ ក្នុងនោះមាននគរបាល និងបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត។ លោក សុភ័ក្រ្ត ត្រូវចាប់ខ្លួននៅកន្លែងកើតហេតុក្នុងកូដកម្មថ្ងៃ ទី៣ ខែ មិថុនា ហើយបានជាប់ឃុំរយៈពេលជិត ៥ខែ។ លោក វណ្ណនី និងលោក សាក់ឡា ត្រូវតុលាការកោះហៅទៅសាកសួរនៅខែ សីហា ហើយត្រូវបានដោះលែង រង់ចាំការជំនុំជម្រះ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ថ្លែងថា ការព្យួរការងារនិងការបញ្ឈប់ដោយខុសច្បាប់ ពុំមែនជារឿងថ្មីក្នុងឧស្សាហកម្មកាត់ដេរទេ។
លោក គង់ អាទិត្យ អនុប្រធានសហជីព ស៊ីខៅឌូ បានថ្លែងថា ក្នុងករណីដូចគ្នានេះដែរ ក្នុងខេត្ត កណ្តាល បុរសពីរនាក់ដែលរៀបចំលក្ខន្តិកៈសហជីព ស៊ីខៅឌូ ត្រូវបានបញ្ឈប់ពីរោងចក្រ Meridian Industries Garment កាលពីខែមុន។
លោក សុខ ឡោ នាយកប្រតិបតិ្តនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ឲ្យដឹងពីម្សិលមិញថា ស៊ីខៅឌូ បានដាក់ពាក្យប្តឹងទាមទារឲ្យទទួលយកចូលធ្វើការវិញ នៅថ្ងៃ ទី១ ខែ វិច្ឆិកា ហើយក្រុមប្រឹក្សាបានបង្គាប់ឲ្យកម្មករទាំងបីនាក់ចូលធ្វើការបណ្តោះអាសន្នវិញ ដោយសារតែក្រុមប្រឹក្សាកំពុងស៊ើបអង្កេតពីការបញ្ឈប់ពួកគេពីការងារ។
ការហៅទូរស័ព្ទនិងអ៊ីមែលទៅរោងចក្រ Meridian ពី ភ្នំពេញ ប៉ុស្តិ៍ ពុំទទួលបានចម្លើយតបទេ កាលពីម្សិលមិញ៕ TK