ស្វាយរៀងៈ មន្រ្តីសហព័ន្ធសហជីពចលនាកម្មករ ៤ នាក់ត្រូវសាលាដំបូងខេត្តស្វាយរៀងប្រកាសសាលក្រមពីថ្ងៃចន្ទឲ្យជាប់ឃុំ ១៣ ខែ និងពិន័យប្រាក់ ៣ លានរៀលក្នុងម្នាក់ៗក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ប្រព្រឹត្ត កាលពីខែសីហាឆ្នាំ ២០១៤ ប៉ុន្តែជនជាប់ចោទថាអយុត្តិធម៌។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករបានថ្លែងពីថ្ងៃអង្គារម្សិលមិញនេះថាមន្រ្តី ៤ រូបនេះមិនបានប្រព្រឹត្តដូចការចោទទេហើយការកាត់ទោសនេះមិនអាចទទួលយកបានឡើយដោយលោកស្នើឲ្យតុលាការពិចារណាឡើងវិញ។
លោកថា៖ «លោកនឹងប្ដឹងឧទ្ធរណ៍ហើយបើសាលាឧទ្ធរណ៍តម្កល់សាលក្រម និងចាប់ខ្លួនមន្រ្តីខ្ញុំទាំង ៤ នាក់នេះខ្ញុំនឹងអំពាវនាវដឹកនាំការតវ៉ាទ្រង់ទ្រាយធំមួយទូទាំងខេត្តស្វាយរៀងតែម្តង»។
លោកប្រាប់ថាអ្នកដែលប្តឹងគឺលោក កែវ គង់ អធិការក្រុងបាវិតដោយសារអធិការរូបនេះចង់កម្ចាត់សហជីពលោកដែលតែងតែជួយកម្មករ។
លោក ទួន សារ៉ែន អគ្គលេខាសហព័ន្ធខាងលើជាមនុស្សម្នាក់ដែលជាប់ក្នុងបណ្តឹងនោះបានថ្លែងថាកម្មកររោងចក្រយូលីបានពឹងមកសហជីពឲ្យជួយអន្តរាគមន៍ក្នុងការទាមទារលក្ខខណ្ឌការងារកាលពីថ្ងៃទី ១៣-១៨ សីហាឆ្នាំមុនហើយពួកលោកបានចុះទៅប្រាប់កម្មករមិនឲ្យបិទផ្លូវតែបែរជាត្រូវគេចោទថាជាអ្នកញុះញង់ឲ្យបិទផ្លូវទៅវិញ។
លោកថា៖ «រឿងនេះអយុត្តិធម៌បំផុតតែខ្ញុំមិនខ្លាច និងមិនគេចខ្លួនឡើយ»។
លោក កែវ គង់ បានបដិសេធអធិប្បាយកាលពីម្សិលមិញ៕