ភ្នំពេញៈ គណៈកម្មការទប់ស្កាត់ករណីសន្លប់នៃក្រសួងការងារ នឹងធ្វើរបាយការណ៍ទៅកាន់រដ្ឋមន្រ្តីពីករណីកម្មករជាច្រើននាក់បានដួលសន្លប់នៅក្នុងរោងចក្រចំនួន ៦ ក្នុងសួនឩស្សាហកម្មវឌ្ឍនៈ ២ ក្នុង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសុក្រ និងថ្ងៃសៅរ៍ និងបានសុំយោបល់ធ្វើការផាកពិន័យចំពោះរោងចក្រដែលមិនគោរពតាមកិច្ចព្រមព្រៀងជាមួយក្រសួង។
មន្រ្តីគណៈកម្មការទប់ស្កាត់ករណីសន្លប់នៃក្រសួងការងារសុំមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងកាលពីម្សិលមិញថា ខាងគណៈកម្មការបានចុះកិច្ចព្រមព្រៀងជាមួយនឹងរោងចក្រទាំងអស់ដោយឲ្យកម្មករចូលមកធ្វើការនៅថ្ងៃចន្ទ ព្រោះទុកពេលឲ្យពួកគេសម្រាក ប៉ុន្តែ រោងចក្របានធ្វើខុសពីកិច្ចព្រមព្រៀង ដោយឲ្យកម្មករមកធ្វើការនៅថ្ងៃសៅរ៍ ទើបបានបណ្តាលឲ្យកម្មករជាច្រើននាក់ត្រូវដួលសន្លប់ថែមទៀត។
លោកថ្លែងថា៖ «ថ្ងៃចន្ទនេះគណៈកម្មការនឹងស្នើទៅកាន់លោករដ្ឋមន្រ្តីដើម្បីសុំគោលការណ៍ដើម្បីធ្វើការផាកពិន័យរោងចក្រណាដែលមិនស្តាប់តាមការណែនាំរបស់គណៈកម្មការ»។
លោកឲ្យដឹងដែរថា ការសន្លប់នេះអាចមកពីជំងឺផ្លូវអារម្មណ៍ដែលពួកគេមានភាពភ័យខ្លាចតៗគ្នានៅពេលបានឃើញមិត្តរួមការងារដួលបន្តគ្នា ប៉ុន្តែ មិនមានអ្នករងគ្រោះធ្ងន់ធ្ងរទេ។
ទាក់ទងនឹងការចំណាយក្នុងការព្យាបាល លោក ម៉េង ហុង អនុប្រធានបេឡាជាតិរបបសន្តិសុខសង្គម (ប ស ស) បានថ្លែងថា៖ «ការរ៉ាប់រងការព្យាបាល ទាំងអស់គឺជាការទទួលខុសត្រូវរបស់បេឡាជាតិរបបសន្តិសុខសង្គមក្នុងការចេញថ្លៃព្យាបាលជូនពួកគាត់។ កម្មករមិនបាច់ចំណាយប្រាក់ផ្ទាល់ខ្លួនទេ»។
ពាក់ព័ន្ធនឹងការដួលសន្លប់ដែរលោក តឹប ប៊ុនថេន នាយប៉ុស្តិ៍នគរបាល សង្កាត់ក្រាំងពង្រ បានឲ្យដឹងថា កម្មកររោងចក្រប្រមាណ ១៣០ នាក់បានសន្លប់កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍។
លោកឲ្យដឹងថា កម្មករត្រូវបាននាំយកទៅមណ្ឌលសុខភាពនិងគ្លីនិកឯកជន នៅក្បែរនោះភ្លាមៗ បន្ទាប់ពីកម្មករជាច្រើនដួលសន្លប់ក្នុងពេលកំពុងតែធ្វើការងារកាលពីព្រឹកថ្ងៃសុក្រ។
លោក ប៊ុនថេន អះអាងថា៖ «ខ្ញុំបានចុះទៅពិនិត្យរោងចក្រដែលមានកម្មករសន្លប់ ប៉ុន្តែ មិនបានធុំក្លិនសារធាតុគីមី ឬឃើញមានបញ្ហាណាមួយពាក់ព័ន្ធនឹងបរិស្ថានក្នុងរោងចក្រទេ»។
លោកសន្និដ្ឋានលើមូលហេតុនៃការសន្លប់កម្មករថា មកពីសុខភាពកម្មករខ្សោយបូករួមនឹងការតក់ស្លុតនៅពេលឃើញមិត្តរួមការងារដួលសន្លប់បន្តគ្នាជាច្រើននាក់។ លោកថា៖ «កម្មករខ្លះងើបតាំងពីម៉ោង ៤ ទៀបភ្លឺមករង់ចាំជិះឡានមកធ្វើការ គេគេងបានតិចហូបក៏តិចទើបធ្វើឲ្យសុខភាពពួកគេចុះខ្សោយ»។
លោក ប៊ុនថេន បន្តឲ្យដឹងដែរថា នេះមិនមែនជាលើកដំបូងដែលកម្មករនៅតំបន់ឧស្សាហកម្ម វឌ្ឍនៈ ២ សន្លប់ទេ ពីមុនមានកម្មករសន្លប់ច្រើនជាងនេះដែល បណ្តាលមកពីការហូរប្រេងម៉ាស៊ីន និងការភាយក្លិនចូលក្នុងកន្លែងធ្វើការ។
លោកបន្តថា៖ «យើងនឹងចុះទៅទីនោះម្តងទៀតនៅថ្ងៃស្អែកដើម្បីពិនិត្យមើលស្ថានភាពព្រោះពួកគេត្រូវត្រឡប់ទៅធ្វើការវិញនៅថ្ងៃចន្ទនេះ ដូច្នេះយើងបារម្ភខ្លាចពួកគេជួបបញ្ហានេះម្តងទៀត»។
លោក ប៉ុក វណ្ណថាត អនុប្រធាននាយកដ្ឋានសុខភាពការងារនៃក្រសួងការងារ មិនអាចទាក់ទងបានទេ កាលពីថ្ងៃម្សិលមិញ។
លោក ថន ថុល អគ្គលេខាធិការរងនៃសហជីពសេរីកម្មករ (FTU) បានឲ្យដឹងកាលពីម្សិលមិញថា លោកមិនទាន់ដឹងពីមូលហេតុដែលធ្វើឲ្យកម្មករសន្លប់នៅឡើយទេ ព្រោះសហជីពលោកមិនមានក្នុងរោងចក្រទាំងនេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំនឹងព្យាយាមរកមូលហេតុក្នុងរឿងនេះ តែនេះចាត់ថាជាដំណឹងល្អដែរ ដែលមិនមានកម្មករណាម្នាក់ជួបបញ្ហាធ្ងន់ធ្ងរ»។
លោកយល់ឃើញថា ករណីនេះវាជាកំហុសរបស់ភាគីរោងចក្រព្រោះវា អាចបណ្តាលមកពីបរិយាកាសនៅក្នុងរោងចក្រទាំងនោះមិនល្អ ទើបប៉ះពាល់ដល់សុខភាពកម្មករ។
រោងចក្រជួបបញ្ហាទាំង ៦ នោះមានដូចជា Newpex Co.,Ltd រោងចក្រ Accasette Garment Co.,Ltd រោងចក្រ Moha Garments Co.,Ltd រោងចក្រ Dongdu Textile (Cambodia) Co.,Ltd រោងចក្រ Papillion Textile (Cambodia) Co.,Ltd និង រោងចក្រ Boltex factory។
លោក វេង វុទ្ធី អនុប្រធានមណ្ឌលសុខភាព ពងទឹក ជាទីដែលមានកម្មករជាច្រើនត្រូវបញ្ជូនទៅព្យាបាលនៅទីនោះ បានឲ្យដឹងថា កម្មករបានត្រឡប់ទៅផ្ទះតាំងពីថ្ងៃសៅរ៍ ព្រោះពួកគេបានធូរស្បើយអស់ហើយ។
លោកបន្តថា៖ «កម្មករបាននិយាយថា មុនពួកគេសន្លប់ គេបានធុំក្លិនថ្នាំចេញពីដុំក្រណាត់ថ្មីដែលទើបនាំចូល»។ លោកថា វាក៏បណ្តាលមកពីសុខភាពខ្សោយរបស់កម្មករដែរ ព្រោះកម្មករខ្លះបានងើបមកធ្វើការតាំងពីព្រលឹមពេក។
លោកអះអាងបន្តថា៖ «មានហេតុផលជាច្រើនដែលធ្វើឲ្យពួកគេសន្លប់ដូចជាក្លិនមិនល្អ នៅកន្លែងធ្វើការក្តៅពេក និងសុខភាពពួកគេមិនល្អ»៕