The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​អូស្ត្រាលី​មក​មើល​កន្លែង​ដាក់​ជន​ភៀស​ខ្លួន

មន្ត្រី​អូស្ត្រាលី​មក​មើល​កន្លែង​ដាក់​ជន​ភៀស​ខ្លួន

ជន​ភៀស​ខ្លួន​ម្នាក់​កំពុង​ដើរ​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​លើ​កោះ​មួយ​នៅ​ប្រទេស​អូស្ត្រាលី។ AFP
ជន​ភៀស​ខ្លួន​ម្នាក់​កំពុង​ដើរ​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​លើ​កោះ​មួយ​នៅ​ប្រទេស​អូស្ត្រាលី។ AFP

មន្ត្រី​អូស្ត្រាលី​មក​មើល​កន្លែង​ដាក់​ជន​ភៀស​ខ្លួន

ភ្នំពេញៈ ភ្នំពេញ ប៉ុស្តិ៍ បាន​រក​ឃើញ​ថា មន្រ្តី​ជាន់​ខ្ពស់​ពី អូស្ត្រាលី បាន​មក​មើល​កន្លែង​ជាច្រើន​នៅ​កម្ពុជា រយៈ​ពេល ២ ខែ​ចុង​ក្រោយ​នេះ ដើម្បី​ពិនិត្យ​ទីតាំង​ដី ដែល​ជន​ភៀស​ខ្លួន​ពី​មជ្ឈមណ្ឌល​ឃុំ​ឃាំង​នៅ​កោះ Nauru អាច​មក​ស្នាក់​នៅ។

ប្រភព​ដោយ​ឡែក ដែល​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារ​តែ​ភាព​រសើប​នៃ​ការ​ចរចា​ដែល​កំពុង​បន្ត បាន​បញ្ជាក់​ក្នុង​ពេល​សប្តាហ៍​នេះ​ថា ដី​នៅ ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​វាយ​តម្លៃ​ដោយ​មន្រ្តី។ ភ្នំពេញ ប៉ុស្តិ៍ ដឹង​ទៀត​ថា ទី​តាំង​ដី​នៅ​រាជធានី​ភ្នំពេញ​ក៏​ត្រូវ​បាន​ចុះ​ពិនិត្យ​ដោយ​ប្រតិភូ​ផង​ដែរ។ កិច្ច​ព្រម​ព្រៀង​ដែល​ស្នើ​ឡើង​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បិទ​បាំង​ជា​ការ​សម្ងាត់​ចាប់​តាំង​ពី​លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរទេស​បាន​ប្រកាស​ជា​សាធារណៈ​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​រវាង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក Julie Bishop រដ្ឋ​មន្រ្តី​ការ​បរទេស​អូស្ត្រាលី កាល​ពី ខែ​កុម្ភៈ។ កាល​ពី​សប្តាហ៍​មុន ភ្នំពេញ ប៉ុស្តិ៍ បាន​រាយការណ៍​ថា មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​បាន​ថ្លែង​ថា លោក Scott Morrison រដ្ឋ​មន្រ្តី​អន្តោ​ប្រវេសន៍ និង​កិច្ច​ការ​ព្រំដែន​នឹង​មក​ដល់​កម្ពុជា «ប៉ុន្មាន​ថ្ងៃ​ខាង​មុខ» ហើយ​កិច្ច​ព្រម​ព្រៀង​ត្រូវ​រំពឹង​ថា នឹង​ចុះ​ហត្ថលេខា កាល​ពី​សប្តាហ៍​មុន។

សកម្មភាព​នេះ​កើត​ឡើង​ស្រប​ពេល​មន្រ្តី​ថ្មី ១០ នាក់​ត្រូវ​បាន​តែង​តាំង​នៅ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​គម្រោង​តាំង​លំនៅ​ថ្មី។ លោក Craig Chittick ឯក​អគ្គរដ្ឋ​ទូត​អូស្ត្រាលី ទទួល​បន្ទុក​បញ្ហា​ជួញ​ដូរ​មនុស្ស​បាន​កក់​បន្ទប់ ៤ តាម​រយៈ​ស្ថានទូត​អូស្ត្រាលី នៅ​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ពុធ ប៉ុន្តែ​ការ​កក់​នោះ​បាន​លុប​ចោល​វិញ។

លោក​ស្រី Amanda Vanstone អតីត​រដ្ឋ​មន្រ្តី​អន្តោ​ប្រវេសន៍​អូស្ត្រាលី ក៏​បាន​មក​ទស្សនា​ភ្នំពេញ នា​សប្តាហ៍​នេះ​ផង​ដែរ បើ​ទោះ​បី​ជា​ស្ថានទូត​អូស្ត្រាលី និង​លោក​ស្រី Vanstone ទាំង​ពីរ​នាក់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​មិន​ពាក់​ព័ន្ធ​នឹង​គម្រោង​តាំង​លំនៅ​ថ្មី សម្រាប់​ជន​ភៀស​ខ្លួន​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ បាន​បង្វែរ​សំណួរ​នេះ​ទៅ​ក្រសួង​ការ​បរទេស។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង បញ្ជាក់​ថា មិន​ទាន់​មាន​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា៖ «យើង​ឥឡូវ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ពិភាក្សា»៕

អត្ថបទគួរចាប់អារម្មណ៍