ភ្នំពេញ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម​កំពុង​ចុះ​អង្កេត តាមដាន និង​ស្រង់​តម្លៃ​ទំនិញ​គ្រឿង​ឧបភោគ​បរិភោគ​នៅ​តាម​ទីផ្សារ​នានា ពិសេស​​ក្នុង​ភូមិសាស្រ្ដ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ដ​កណ្ដាល ដើម្បី​កុំ​ឲ្យ​ជន​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ទំនិញ​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន «ក.ប.ប.» បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នា​ថ្ងៃ​នេះ​ថា មន្ត្រី​សាខា ក.ប.ប. បាន​ចាប់​ផ្ដើម​ចុះ​អង្កេត តាមដាន និង​ស្រង់​តម្លៃ​ទំនិញ​គ្រឿង​ឧបភោគ​បរិភោគ​នៅ​តាម​ទីផ្សារ​នានា​តាំង​ពី​ថ្ងៃទី ១៤ ខែ​មេសា រហូត​មក។ ប៉ុន្ដែ​ការ​ចុះ​អង្កេត​នេះ គោលដៅ​សំខាន់ គឺ​ភូមិសាស្រ្ដ រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ដើម្បី​កុំ​ឲ្យ​ជន​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ទំនិញ​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ខ្ទប់។

លោក​បាន​ថ្លែង​ថា៖ «ការ​ចុះ​អង្កេត​នេះ គឺ​ស្រប​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី បាន​ធ្វើ​ការ​សំណូមពរ​ដល់​អាជីវករ​សូម​មេត្តា​កុំ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ទំនិញ​ក្នុង​អំឡុង​ពេល​ដែល​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​បិទ​ខ្ទប់ (Lockdown) ដើម្បី​ទប់ទល់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍ ២០កុម្ភៈ»។

មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះអង្កេត និងតាមដាន តម្លៃទំនិញ នៅផ្សារដើមគរ ក្នុងខណ្ឌទួលគោក នៅថ្ងៃទី ១៥ ខែមេសានេះ។ រូបថត CCF

លោក​បាន​បញ្ជាក់​ថា៖ «បើ​តាម​ការ​ក្ដាប់​មើល​សភាពការណ៍​ទូទៅ ថ្លៃ​នៃ​ទំនិញ គឺ​មិន​ប្រែប្រួល​ច្រើន​ទេ។ ហើយ​ដំណើរការ​នៃ​ការ​អនុវត្ដ​ការ​ឃ្លាំ​ពិនិត្យ​នេះ គឺ​យើង​បន្ត​ធ្វើ​រហូត​ទៅ​ទៀត តាម​អនុសាសន៍​របស់​សម្ដេច​នាយក​រដ្ឋមន្រ្ដី»។

លោក ផាន អូន ថ្លែង​នា​អំឡុង​ពេល​កំពុង​ចុះ​អង្កេត​តម្លៃ​ទំនិញ​នានា​នៅ​តាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​ថា ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​សង្កេត​ឃើញ​ថា តម្លៃ​ទំនិញ​មាន​លក្ខណៈ​ធម្មតា មិនមាន​ការ​ប្រែប្រួល​នោះ​ទេ។

លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន បាន​ថ្លែង​សារ​ពិសេស កាល​ពី​យប់​ថ្អៃទី ១៤ ខែ​មេសា ពាក់ព័ន្ធ​ការ​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ តាមរយៈ​សារ​ពិសេស​នេះ លោក​នាយក​រដ្ឋមន្រ្ដី​បាន​បញ្ជា​ឱ្យ​ក្រសួង​ពាណិជ្ជកម្ម​បញ្ចេញ​ស្បៀង​ដូចជា អង្ករ មី ជាដើម​ ទៅ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​លក់​ឱ្យ​ប្រជាជន​ក្នុង​តម្លៃ​សមរម្យ កុំ​ឱ្យ​ជន​ឆ្លៀត​ឱកាស​លក់​ដំឡើង​ថ្លៃ។

លោក​នាយក​រដ្ឋមន្រ្ដី​ថ្លែង​ថា៖ «យើង​មិន​អាច​ទុក​ឱ្យ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​តាម​ចិត្ដ​នោះ​ទេ។ សូម​បងប្អូន (ពលរដ្ឋ) ស៊ូទ្រាំ​រយៈពេល ១៤ ថ្ងៃ ដើម្បី​កាត់​ផ្ដាច់​ការ​ចម្លង (វីរុស​កូវីដ ១៩)»៕

មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះអង្កេត និងតាមដាន តម្លៃទំនិញ នៅផ្សារដើមគរ ក្នុងខណ្ឌទួលគោក នៅថ្ងៃទី ១៥ ខែមេសានេះ។ រូបថត CCF