ភ្នំពេញៈ មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​ក.ប.ប​.) នៃ​ក្រសួងពាណិជ្ជកម្ម បន្ត​អនុវត្ដ​ការត្រួតពិនិត្យ​គុណភាព អាល់កុល ជែល​លាងដៃ តាម​បណ្តា​ផ្សារ ឱសថស្ថាន និង​ផ្ទះ​លក់ទំនិញ ខណៈ​នៅ​ថ្ងៃទី​ ២៨ ​ខែឧសភា​នេះ បង្ក្រាប​បាន​អាល់កុល​ក្លែងក្លាយ​ជាង ១០៤ លីត្រ​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​បន្ទាយមានជ័យ​។

លោក ផាន អូន អគ្គនាយក ក.ប.ប បាន​ថ្លែងថា តាមរយៈ​ការចង្អុលបង្ហាញ​ពី​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ក្នុង​បរិបទ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍ ២០ កុម្ភៈ​» អគ្គនាយកដ្ឋាន ក.ប.ប បាន​បន្ត​ទាំង​ប្រទេស បង្កើន​សកម្មភាព​ត្រួតពិនិត្យ​គុណភាព​អាល់កុល​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ដាក់លក់ និង​ចែកចាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។

លោក​ថ្លែងថា ជា​លទ្ធផល​នៅ​ថ្ងៃទី​ ២៨ ខែឧសភា​នេះ មន្ត្រី​ជំនាញ​សាខា ក.ប.ប​. ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​គុណភាព អាល់កុល ជែល​លាងដៃ និង​តាមដាន​ទំនិញ​ក្លែងក្លាយ​នៅ​តាម​បណ្តា​ផ្សារ ឱសថស្ថាន និង​ផ្ទះ​លក់ទំនិញ ក្នុង​ខេត្តបន្ទាយមានជ័យ​ក៏​បង្ក្រាប់បាន អាល់កុល​ក្លែងក្លាយ (​មេតាណុល​) ១០៤,៥ លីត្រ​។

លោក​បាន​ថ្លែងថា​៖ «​មន្ត្រី​ជំនាញ​របស់​យើង​បាន​រកឃើញ អាល់កុល​សម្លាប់​មេរោគ​ក្លែងក្លាយ (​មេតាណុល​) ចំនួន​ ១០៤,៥ លីត្រ​។ បន្ទាប់មក​មន្ត្រី​ជំនាញ បានធ្វើ​កំណត់ហេតុ​ដកហូតយក​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​»​។

អគ្គនាយកដ្ឋាន ក.ប.ប ក៏បាន​បញ្ជាក់ដែរថា អំឡុង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ «​សហគមន៍ ២០ កុម្ភៈ​» អាល់កុល​ក្លែងក្លាយ​ចំនួន ៤០ ៦២៥ លីត្រ​ប្រមាណ​ជាង ៤០ តោន​ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បង្ក្រាប​ជា​បន្តបន្ទាប់​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​។

បើតាម ក.ប.ប សារធាតុ​គីមី​មេតាណុល​គឺជា​សារធាតុពុល​។ ការប្រើប្រាស់​មេតាណុល​ធ្វើជា​សារធាតុ​សម្លាប់​មេរោគ​មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ក្នុងការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យប៉ះពាល់​សុខភាព​របស់​អ្នក​ប្រើ​ទៀតផង ដូចជា​បណ្តាលឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការរំលាយ​អាហារ ឬ​អាច បណ្តាលឱ្យ​ស្លាប់​បាន ប្រសិនបើ​យកទៅ​លាយ​ជាមួយ​ស្រា​ហើយ​បរិភោគ​លើស​កម្រិត​នោះ​។

ក.ប.ប អំពាវនាវ​ដល់​អាជីវករ​លក់ដុំ លក់រាយ ម្ចាស់​ឱសថស្ថាន ម្ចាស់​ផ្សារ​ទំនើប និង​អ្នក​នាំចូល​ផលិតផល​អាល់កុល​ទាំងអស់ សូមកុំ​យក​សារធាតុ​មេតាណុល​បន្លំ​ជា​អាល់កុល​លក់​ជូន​ពលរដ្ឋ ព្រោះ​សកម្មភាព​នេះ​មិន​ត្រឹមតែ​មិនអាច​ទប់ស្កាត់​ការចម្លង​មេរោគ ឬ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើ​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំ​ដល់​ការប្រឈម​ចំពោះ​ច្បាប់​ដល់​ខ្លួន​ថែម​ទៀតផង​៕