ព្រះសីហនុៈ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា មន្ត្រី​នៃ​មន្ទីរ​ការងារ​កំពុង​បន្ត​សម្របសម្រួល​ករណី​ថៅកែ​កាស៊ីណូ​ជាតិចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​រត់ចោល​ដោយ​មិន​បើក​ប្រាក់ខែ​ជូន​បុគ្គលិក ខណៈ​ជម្រើស​​របស់​ក្រសួង​មាន​ទាំង​ការដាក់​លក់​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ដើម្បី​ទូទាត់​សំណង ប៉ុន្តែ​មន្ត្រី​សហជីព​ថា គួរ​មាន​ខ្ទង់​ប្រាក់​ណា​មួយ​ដោះស្រាយ​សិន​។

កាលពី​ល្ងាច​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០១៩ បុគ្គលិក​ជនជាតិ​ចិន និង​ជនជាតិខ្មែរ​ជាច្រើន​នាក់​ដែល​ធ្វើការ​នៅ​កាស៊ីណូ​ឈ្មោះ «​ដាយម៉ិនស៊ី​សាខា​ទី​ ២» ស្ថិតក្នុង​សង្កាត់​លេខ​ ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​បាន​មក​ស្វែងរក​កិច្ចអន្តរាគមន៍​ពី​សមត្ថកិច្ច​ឲ្យ​ជួយ​ដោះស្រាយ ក្រោយ​ថៅកែ​របស់​ពួកគេ​បាន​រត់ចោល ហើយ​មិន​បើកប្រាក់​ខែ​ជូន​ដល់​បុគ្គលិក​។

លោក ហេង សួរ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ចំពោះ​ករណី​នេះ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ទៅដល់​កាស៊ីណូ​ខាងលើ​នេះ ដើម្បី​សម្របសម្រួល និង​ធ្វើការ​ដោះស្រាយ​។ លោក​បន្ត​ថា ក្នុងករណី​នេះ​បើ​ទោះ​ជនជាតិ​ណាក៏ដោយ​ (​បុគ្គលិក​កម្មករ​) ​មិន​ថា បរទេស​ ឬ​ខ្មែរ​នោះទេ​ឲ្យ​តែមាន​កិច្ចសន្យា​ការងារ​ស្របច្បាប់​គឺ​ក្រសួង​នឹង​ដោះស្រាយ​ជូន​។

លោក​បាន​បញ្ជាក់ថា​៖ «​មន្ទីរការងារ​កំពុងតែ​ធ្វើ​កិច្ចការងារ​នេះ ហើយ​កំពុង​សម្របសម្រួល​។ ជាគោលការណ៍​ឲ្យ​តែ​ពេលណា​ពាក់ព័ន្ធ​នឹង​ការបិទទ្វារ​ក្ស័យធន (​រោងចក្រ​) គឺ​យើង​មិន​បារម្ភ​ទេ ព្រោះ​យើង​មាន​ច្បាប់​ក្ស័យធន ហើយ​នឹង​មាន​បញ្ជី​ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​​ (​របស់​ក្រុមហ៊ុន​) ដើម្បី​ទូទាត់​ផលប្រយោជន៍​ជូន​បងប្អូន​និយោជិត​»​។

លោក​ ភុល ភ័ស្តា អធិការ​នគរបាល​ក្រុងព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​កាលពី​ថ្ងៃ​ពុធ​ថា បន្ទាប់ពី​មាន​ការតវ៉ា​មន្ត្រី​នៃ​មន្ទីរ​ការងារ​បាន​ចុះមក​ដោះស្រាយ ហើយ​ស្ថានភាព នៅពេល​នេះ​ក៏បាន​ស្ងប់ស្ងាត់​ផងដែរ​។ លោក​បន្តថា ក្រោយ​បញ្ចប់​ការតវ៉ា​នេះ​នីតិវិធី​បន្ត​គឺ​មន្ត្រី​នៃ​មន្ទីរ​ការងារ​កំពុង​ដោះស្រាយ​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​នៃ​មន្ទីរ​ការងារ អ្នកទទួល​ដោះស្រាយ​ណា​ទាក់ទង​ទៅ​មន្ទីរការងារ​ទៅ ប៉ុន្តែ​ខ្ញុំ​ដឹង​តែ​ថា រឿង​ហ្នឹង​បាន​ចប់​ហើយ​ (​ឈប់​តវ៉ា​)»​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​បាន​លើកឡើងថា វិធានការ​ដែល​ថា​មន្ទីរ​ការងារ​នឹង​សម្រេច​លក់​ទ្រព្យ​របស់​ក្រុមហ៊ុន​នេះ​អាច​ជា​វិធានការ​មួយ​ដែល​ត្រូវ​ប្រើ​ពេលវេលា​វែង​ដែល​ធ្វើឲ្យ​បុគ្គលិក​កម្មករនិយោជិត​ទាំងអស់​ត្រូវ​ចំណាយពេល​រង់ចាំ​យូរ ខណៈ​ដែល​ពួកគេ​កំពុង​គ្មាន​ប្រាក់ចំណូល​នោះ​។

លោក​បន្តថា​៖ «​ត្រូវការ​ប្រើពេល​វែង​នៅក្នុង​ការលក់​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន យក​ប្រាក់​មក​ឲ្យ​កម្មករនិយោជិត ហើយ​ស្មុគស្មាញ​ទៀត​។ ដូច្នេះ​រដ្ឋ​ត្រូវតែ​មាន​ខ្ទង់​ថវិកា​ណាមួយ​នៅក្នុង​ការទូទាត់​ជូន​កម្មករ​និយោជិត​មុន ហើយ​បើ​ច្បាប់​ត្រូវ​ចំណាយ​ទឹកប្រាក់​ប៉ុន្មាន​យក​មក​ដោះស្រាយ​សិន​។ បន្ទាប់មក​ចាំ​យើង​បំពេញ​នីតិវិធី​ក្នុង​ការលក់ និង​ចាត់ចែង​ (​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​) ​តាម​ក្រោយ​ទើប​ជួយ​សម្រាល​បន្ទុក​របស់​បងប្អូន​យើង​បាន​»​។

សម្រាប់​លោក ប៉ាវ ស៊ីណា ករណី​ដែល​កាស៊ីណូ និង​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​បិទទ្វារ​ជា​បន្តបន្ទាប់​នោះ ព្រោះ​តែ​មាន​កត្តា​ ២ ​យ៉ាង​​គឺ​ការបិទ​ល្បែង​អនឡាញ និង​ការប្រកាស​មិន​ឲ្យ​ជនបរទេស​ធ្វើការ​លើ​មុខរបរ​ ១០ ​មុខ ប៉ុន្តែ​ត្រូវបាន​លុបចោល​វិញ​ដែល​ជា​ហេតុ​ឲ្យ​ជនបរទេស ជាពិសេស​ជនជាតិ​ចិន​ដែល​បាន​សម្រុក​មក​កម្ពុជា​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ​៕