ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នគរបាលជាតិប្រឆាំងគ្រឿងញៀនបានធ្វើការអំពាវនាវដល់មន្ត្រីកម្លាំងសមត្ថកិច្ច មន្ត្រីអប់រំ សិស្សានុសិស្ស និងប្រជាពលរដ្ឋជួយចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀន។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា៖ «បញ្ហាគ្រឿងញៀនគឺជាបញ្ហាប្រទាក់ក្រឡាគ្នាហើយអ្នកដែលរងគ្រោះគឺជាប្រជាពលរដ្ឋដូច្នេះត្រូវការយន្តការផ្សេងៗគ្រប់ពហុវិស័យនៅក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយហើយជំរុញ និងលើកទឹកចិត្តអ្នកដែលរងគ្រោះទៅទទួលសេវាព្យាបាលដើម្បីបង្រួមទីផ្សារនៃការប្រើប្រាស់»។
លោក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ១៦១៣៩ នាក់ និងបង្ក្រាបបាន ៧ ៩៧៩ ករណីដែលពាក់ព័ន្ធនឹងអ្នកជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន បើគិតជាមធ្យមគឺមនុស្សយ៉ាងហោចណាស់ប្រមាណ ៤៤ នាក់ត្រូវបានឃាត់ខ្លួនក្នុង ១ ថ្ងៃ។
លោក ថោង សុគន្ធា ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយអប់រំពី គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅសាលាគរុកោសល្យខេត្តស្វាយរៀងដែលមានការចូលរួមពីមន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីអប់រំ និងសិស្សានុសិស្សក្នុងខេត្តស្វាយរៀងជាច្រើនរយនាក់។
លោកថ្លែងថា អ្នកប្រើគ្រឿងញៀនចំនួន ១៦ ០០០ នាក់ ហើយក្នុងនោះមានអ្នកខ្លះត្រូវបានបញ្ជូនទៅពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងអប់រំនៅតាមផ្ទះ។អ្នកប្រើប្រាស់អាចមានច្រើនជាងនេះដោយសារតែថាអ្នកប្រើ ប្រាស់ គ្រឿងញៀនម្នាក់បានធ្វើការចែកចាយគ្រឿងញៀនទៅឲ្យអ្នក ៣ នាក់ ទៅ ៥ នាក់ផ្សេងទៀត។
លោកថ្លែងថា៖ «បើយើងចាប់បានម្នាក់មានន័យថា អាចមានមនុស្ស ៣ នាក់ផ្សេងទៀតដែលយើងអត់ទាន់ចាប់បានដូច្នេះ បើយើងគុណទៅចេញប៉ុន្មានម៉ឺននាក់ក្នុងចំណោមតែប៉ុណ្ណឹងលាននាក់ វាច្រើនណាស់ អ៊ីចឹងបើឡើងទៅដល់ ៥ ទៅ ៦ ម៉ឺននាក់ ដូច្នេះតម្រូវការគ្រឿងញៀនច្រើនណាស់ ហើយអ្នកដែលប្រើគ្រឿងញៀនម្នាក់ អាចចំណាយអស់ $១០ »។
លោកបញ្ជាក់ថា៖ «អ្នកប្រើប្រាស់គ្រឿងញៀនគឺជាទីផ្សារមួយដែលធ្វើឲ្យមានតម្រូវការគ្រឿងញៀន ដូច្នេះហើយបានជាជនខិលខូចគាត់នៅតែព្យាយាមនាំគ្រឿងញៀនចូលមកទោះបីជាយើងបង្ក្រាបយ៉ាងណាក៏ដោយកាលណាគាត់លក់ ដូរគ្រឿងញៀនហើយនៅក្នុងច្បាប់ គ្មានការលើកលែងទេ»។
មនុស្ស ១៦ ១៣៩ នាក់ និងជនបរទេស ៣១០ នាក់ត្រូវបានឃាត់ខ្លួនក្នុងឆ្នាំ ២០១៨៕