
លោក ប៊ុន ហុន (ជួរមុខ ពីខាងស្ដាំទី២) រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកកិច្ចការទំនាក់ទំនង ចូលរួមក្នុងវេទិកាជាមួយសង្គមស៊ីវិល នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឲ្យមន្ទីរជំនាញនានា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដាក់ចេញពេលវេលាឲ្យបានជាក់លាក់ ដើម្បីរៀបចំវេទិកាពិគ្រោះយោបល់ឲ្យបាន ២ ដងក្នុង ១ ឆ្នាំ ជាមួយក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍តាមមូលដ្ឋានរបស់ខ្លួនដើម្បីរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ និងបង្ហាញពីការទទួលខុសត្រូវនៅថ្នាក់ក្រោមជាតិ។
ការប្រកាសបែបនេះបានធ្វើឡើងនៅក្នុងទិវាសង្គមស៊ីវិលកាលពីថ្ងៃអង្គារ ដោយលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកកិច្ចការទំនាក់ទំនងជាមួយក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងនៅចំពោះមុខអ្នកចូលរួមប្រមាណ ៣០០ នាក់ ដែលភាគច្រើនជាសមាជិកក្រុមអង្គការមិនមែនរដ្ឋាភិបាល។
លោក ប៊ុន ហុន និយាយថា៖ «ចំណុចនេះ ជាចំណុចមួយដែលយើងចង់ជំរុញ មិនមែនត្រឹមតែថ្នាក់ជាតិទេ គឺថ្នាក់ក្រោមជាតិទៀត ព្រោះថា ថ្នាក់ក្រោមជាតិនេះ យើងបានធ្វើសេចក្តីណែនាំច្រើនដងហើយ។ យើងបានណែនាំឲ្យគាត់រៀបចំវេទិការវាងរដ្ឋបាលខេត្ត រាជធានី ជាមួយនឹង អង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពនៅក្នុងក្របខ័ណ្ឌខេត្តហ្នឹងក្នុងមូលដ្ឋានរបស់គាត់»។
ជាមួយនឹងការណែនាំជាថ្មីនេះ លោកថា កន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានណែនាំជាច្រើនដងមកហើយបន្ទាប់ពីចេញសេចក្តីណែនាំលេខ ០៤០ កាលពីឆ្នាំ ២០១៨ និងលិខិតចុះថ្ងៃទី ១៤ ខែ មីនា ថ្មីៗនេះទៀត ដោយឲ្យរដ្ឋបាល ខេត្ត រាជធានី ទាំងអស់ កំណត់ការរៀបចំនូវវេទិការវាងរដ្ឋបាលរាជធានី ខេត្ត ជាមួយនឹងអង្គការសង្គមស៊ីវិលដែលធ្វើការនៅ ក្នុងមូលដ្ឋានរបស់ខ្លួន យ៉ាងតិចឲ្យបាន ២ ដងក្នុង ១ ឆ្នាំ។
លោកបញ្ជាក់ថា៖ «អ្វីដែលយើងចង់បាន គឺដើម្បីឲ្យគាត់រកឲ្យឃើញនូវបញ្ហាប្រឈមនានាដែលកើតឡើងរវាងកិច្ចការដែលអង្គការសង្គមស៊ីវិលធ្វើនោះ តើមានការខ្វះខាតអី? ប្រឈមបញ្ហាអ្វីខ្លះ? ប៉ុន្តែនៅតែមិនទាន់ឃើញមានលទ្ធផលល្អនៅឡើយទេ នៅខ្វះចន្លោះ។ ឥឡូវនេះ គឺក្រសួងបានជំរុញឲ្យកំណត់កម្មវិធី ពេលវេលាជាក់លាក់ថា ក្នុងឆ្នាំ ២០១៩ នេះក្នុងខេត្ត-រាជធានីនីមួយៗត្រូវរៀបចំវេទិកាជាមួយអង្គការសង្គមស៊ីវិលហ្នឹងនៅថ្ងៃណា? ឲ្យធ្វើរបាយការណ៍មកក្រសួងដើម្បីតាមដានក្នុងការអនុវត្តកិច្ចការនេះ»។
បើតាមលោក ប៊ុន ហុន ការកំណត់កម្មវិធីនេះ គឺដើម្បីឲ្យមានការទទួលខុសត្រូវនៅក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យគាត់រកឲ្យឃើញថាតើវាមានបញ្ហាប្រឈមរវាងសង្គមស៊ីវិល និងអាជ្ញាធរថ្នាក់ក្រោម ព្រោះកន្លងមកមានបញ្ហាយល់គ្នាមិនច្បាស់លាស់ ឧទាហរណ៍ធ្វើពិធីនេះ ពិធីនោះមានថ្នាក់ស្រុក ថ្នាក់ឃុំអីទៅហាមឃាត់ជាដើម។
លោកបញ្ជាក់ថា៖ «អ៊ីចឹងហើយ សំណូមពរថា ពេលដែលរៀបចំវេទិការនេះ សូមឲ្យអង្គការសង្គមស៊ីវិលនៅក្នុងមូលដ្ឋាននីមួយៗ យកលេខទំនាក់ទំនងរបស់រដ្ឋបាលរាជធានី ខេត្តមួយ ដើម្បីដោះស្រាយគ្នាភ្លាមៗក្នុងករណីដោះមិនចេញទេ សូមទាក់ទងមកខ្ញុំមក ខ្ញុំហ្នឹងដោះស្រាយ សម្របសម្រួលបញ្ហាហ្នឹង»។
មន្ត្រីអង្គការ The Halo Trust ម្នាក់ដែលបដិសេធបញ្ចេញឈ្មោះ បានថ្លែងថា ខេត្តដែលលោកកំពុងប្រចាំការធ្វើការ ពុំទាន់មានការរៀបចំវេទិកានេះនៅឡើយទេ។ លោកចង់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាឲ្យមានការរៀបចំនូវវេទិកាដ៏មានសារៈសំខាន់នេះឲ្យបានឆាប់។
លោកថា៖ «តាំងពីចុងឆ្នាំ ២០១៨ រហូតមកដល់ឆ្នាំ ២០១៩ នេះ ខ្ញុំមិនដែលទាន់បានទទួលលិខិតឲ្យចូលរួមដូចជាសេចក្តីរៀបរាប់នេះទេ មិនដែលមានទេ»។
ចំណែកលោកស្រី នេត ចិន្តា នាយិកាប្រតិបត្តិអង្គការ OIC ក៏ថ្លែងដែរថា លោកស្រីចង់ឲ្យមានវេទិកានេះ កើតឡើងឲ្យបាន ឆាប់ៗ ហើយក្នុងនាមសង្គមស៊ីវិលមួយដែរ លោកស្រីក៏ចង់ឃើញមានការពិភាក្សាគ្នាឲ្យបានច្បាស់លាស់ និងទៀងទាត់រវាងសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន។
លោកស្រីបញ្ជាក់ថា៖ «ដោយសារតែផែនការនេះថ្មី ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវការពេលវេលាក្នុងការរៀបចំដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់ខ្លួនប្រចាំឆ្នាំដែរ ហើយម្យ៉ាងទៀតអាចនឹងខ្វះខាតកញ្ចប់ថវិកាដែលធ្វើឲ្យពួកគាត់មិនទាន់អាចរៀបចំវេទិកានេះឡើង។ តែយើងរំពឹងថា វេទិកានៅតាមខេត្តនេះនឹងលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗ»។
លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា ខេត្តរបស់លោកមិនទាន់បានរៀបចំវេទិកានេះនៅឡើយទេ ព្រោះតែពេលវេលាមមាញឹកច្រើន។ យ៉ាងណាក្តីលោក អះអាងថា រដ្ឋបាលថ្នាក់ខេត្តនឹងខិតខំពន្លឿនយ៉ាងណាឲ្យមានវេទិកានេះជាមួយសង្គមស៊ីវិលតាមមូលដ្ឋាន នៅក្នុងត្រីមាសទី ២ ក្នុងឆ្នាំនេះ។
លោកបញ្ជាក់ថា៖ «ការរៀបចំវេទិកាមិនទាន់ពេលវេលានេះ មិនទាក់ទងនឹងបញ្ហាថវិកាអីទេគឺដោយសារយើងគ្មានពេលវេលាគ្រប់គ្រាន់។ ការជួបគ្នានេះ គឺជាការល្អដែលគេអាចស្វែងយល់បានអ្វីជាបញ្ហាដើម្បីរួមគ្នាពិនិត្យ ដោះស្រាយ ដែលកន្លងទៅ ខេត្តពុំដែលមានបញ្ហាអ្វីជាមួយសង្គមស៊ីវិលនោះទេ»៕