ព្រះវិហារៈ អភិបាលរង​ខេត្តព្រះវិហារ​លោក​ គោស៊ុំ ប៊ុនសឿត ពី​ម្សិលមិញ​លើកឡើង​ថា សកម្មភាព​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តព្រះវិហារ​មាន​ការថយ​ចុះ​ប្រមាណ​ជិត​ ៩០ ​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ការយក​ចិត្ត​ទុកដាក់​បន្ថែមទៀត ដើម្បី​ឲ្យ​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​វែង​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​វឌ្ឍនភាព​ និង​ទិសដៅ​ការងារ​បន្ដ​រដ្ឋបាលខេត្ត​ព្រះវិហារ​ពី​ម្សិលមិញ​នា​ទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក​ គោស៊ុំ ប៊ុនសឿត ថ្លែង​ថា​បញ្ហា​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តព្រះវិហារ​មាន​ការថមថយ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​កន្លង​ទៅ​។

រាជរដ្ឋាភិបាល​ប្រគល់​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ទៅ​លោក​ សៅ សុខា អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​លោក​បាន​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះបង្ក្រាប​ និង​ទប់ស្កាត់​ជា​ហូរហែ​។

លោក​ថ្លែងថា​៖ «​ជារួម​គឺ​នៅ​ខ្វះ​ចន្លោះ​តិចតួច​ខ្ញុំ​មិនអាច​ធានា​ថា​ល្អ​ ១០០ ​ភាគរយ​ទេ​។ ប៉ុន្ដែ​បទល្មើស​ព្រៃឈើ​គឺ​ថយ​ច្រើន​ប្រហែល​ជា​ជិត​ ៩០ ​ភាគរយ​ហើយ​បើ​យើង​ប្រៀបធៀប​ទៅ​ឆ្នាំ​កន្លង​ទៅ​ដោយសារ​នៅ​ឆ្នាំនេះ​យើង​ប្រើប្រាស់​វិធានការ​ក្ដៅ​របស់​ឯកឧត្តម​ សៅ សុខា​។ ប៉ុន្ដែ​ខ្ញុំ​មិន​ចាំ​ចំនួន​តួលេខ​នៃ​ការបង្ក្រាប​បទល្មើស​ជាក់លាក់​ទេ​គឺ​វា​ថយចុះ​ច្រើន​មែន​»​។

លោក​ថា បទល្មើស​ព្រៃឈើ​នៅ​មាន​សេសសល់​តិចតួច ដោយសារ​ពលរដ្ឋ​សហគមន៍​កាប់​ឈើ​ដឹក​តាម​ម៉ូតូ ដើម្បី​យក​ធ្វើ​ផ្ទះ ឬ​ធ្វើ​ក្រោល​គោ​ក្របី​របស់​អ្នកភូមិ​។ ប៉ុន្ដែ​ចំពោះ​ការកាប់​ឈើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដឹក​តាម​រថយន្ត ឬ​គោយន្ត​គឺ​គ្មាន​សកម្មភាព​បន្តទៀត​ទេ​។

លោក​ ពីង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​ទាំងអស់​បាន​បង្កើន​សកម្មភាព​របស់​ខ្លួន​ទ្វេដង​ក្នុង​ការចុះ​ល្បាត និង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តាម​ផ្លូវ និង​ក្នុង​តំបន់​ព្រៃឈើ​។

លោក​បញ្ជាក់ថា​៖ «​ករណីនេះ​យើង​ចុះ​ល្បាត​ជាប្រចាំ ឥឡូវ​នេះ​គ្មាន​បទល្មើស​ព្រៃឈើ​ទេ យើង​បង្ក្រាប​អស់ហើយ​។ វា​នៅ​សេសសល់​តិចតួច​ដែរ ពលរដ្ឋ​សហគមន៍​យើង​គាត់​ [​កាប់​យក​] ​ទៅ​ធ្វើ​ផ្ទះ ឬ​គាត់​កាប់​ទៅ​ជួសជុលផ្ទះ​គាត់ ហើយ​រឿង​អ្នក​កាប់​ឈើ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គឺ​គ្មានទេ យើង​ចាប់​អស់ហើយ​»​។

លោក​បន្ដថា ការថយចុះ​បទល្មើស​ព្រៃឈើ​នេះ​គឺ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន និង​ពង្រឹង​ការអនុវត្ត​ច្បាប់​យ៉ាងតឹងរ៉ឹង​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ ដូច្នេះ​វា​ជា​ជោគជ័យ​ថ្មី​មួយ​សម្រាប់​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តព្រះវិហារ​។

លោក​ ឡោ ចាន់ មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះវិហារ​ថ្លែង​ពី​ម្សិលមិញ​ថា បទល្មើស​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​ពិតជា​មានការ​ថមថយ​មែន ប៉ុន្ដែ​ប្រហែល​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ លោក​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​ការយកចិត្ត​ទុកដាក់​បន្ថែមទៀត ដើម្បី​ការពារ​កុំ​ឲ្យ​បទល្មើស​ព្រៃឈើ​មាន​សកម្មភាព​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​សាកសួរ​ទៅ​ពលរដ្ឋ​សហគមន៍ និង​ចុះ​សង្កេត​តាម​មូលដ្ឋាន​មួយចំនួន​ដែរ គឺ​មាន​ការថមថយ​មែន ប៉ុន្ដែ​អាជ្ញាធរ​មិនគួរ​ផ្អាក​សកម្មភាព​អនុវត្ត​ច្បាប់​ត្រឹមនេះ​ទេ​។ យើង​ត្រូវតែ​បង្កើន​ការអប់រំ ការបង្ក្រាប​ហ្នឹង​បន្ថែម​ទៀត​។ ​ឥឡូវនេះ​វា​មាន​បទល្មើស​ដែរ តែ​វា​តិចតួច​ទេ​គឺ​វា​មិនសូវ​ដឹកឈើ​គគ្រឹកគគ្រេង​ដូច​មុន​»​។

អ្នកស្រី ភោគ ហុង សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ប្រចាំ ខេត្ត​ព្រះវិហារ​ថ្លែង​ពី​ម្សិលមិញ​ថា អ្នកស្រី និង​ពលរដ្ឋ​សហគមន៍​ព្រម​ទាំង​មន្ត្រី​បរិស្ថាន​ប្រមាណ​ជាង​ ២០ ​នាក់​ បាន​ចុះល្បាត​ក្នុង​តំបន់​ព្រៃឡង់​ចាប់ពី​ថ្ងៃទី​ ១៦-១៩ ​ឧសភា​បាន​ជួប​បទល្មើស​ ៣ ​ករណី​តូចៗ​ប៉ុណ្ណោះ​។ អ្នកស្រី​អះអាង​ថា បទល្មើស​ព្រៃឈើ​មាន​ការថយចុះ​គួរ​ឲ្យ​​កត់សម្គាល់​។

អ្នកស្រី​និយាយថា​៖ «​ពួកខ្ញុំ​បាន​ចុះ​ល្បាត​ជាមួយ​មន្ត្រី​បរិស្ថាន​រយៈពេល​ ៣ ​ឬ​ ៤ ​ថ្ងៃ​មុននេះ​បាន​ជួប​អ្នកបាញ់​សត្វព្រៃ និង​កាប់​រាន​ដីព្រៃ​ដែរ ប៉ុន្ដែ​ពួកគាត់​មិនទាន់​បាន​ធ្វើ​សកម្មភាព​អ្វី​ទេ ហើយ​មន្ត្រី​យើង​ក៏​គាត់​ឲ្យ​ធ្វើ​កិច្ចសន្យា​ដែរ​។ បើ​បាន​វា​ថមថយ​បទល្មើស​អ៊ីចឹង​ទៅ ព្រៃឈើ​យើង​ប្រហែល​ជា​នៅ​គង់វង្ស​។ ប៉ុន្ដែ​ខ្ញុំ​មិនដឹងថា វា​ស្ងាត់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទេ​ចាំមើល​យើង​សង្កេតមើល និង​បន្ត​ចុះ​ល្បាត​បន្ថែម​ទៀត​»៕