ភ្នំពេញ៖ ថ្នាក់​ដឹកនាំ និង​កងកម្លាំង​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំង​អស់​ ​ត្រូវ​តម្រូវ​ឲ្យ​យក​សំណាក​ធ្វើ​តេស្ត​រក​កូវីដ ១៩ ដោយសារ​តែ​មាន​ការ​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​នេះ ខណៈ​កម្លាំង​នគរបាល​ជាតិ​កង​អន្តរាគមន៍​នៅ​តំបន់​ក្រហម​ជាង ៨០ នាក់ ត្រូវ​បាន​ធ្វើ​តេស្តរក​ឃើញ​វិជ្ជមាន​ជំងឺ​ឆ្លង​នេះ​។

នៅ​ថ្ងៃទី ១០ ខែ​ឧសភា​នេះ មាន​ថ្នាក់​ដឹកនាំ និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រមាណ ១០០ នាក់ បាន​ធ្វើ​សំណាក​រហ័ស​រក​កូវីដ ១៩ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បន្ទាប់​ពី​កង​កម្លាំង​ទាំង​នោះ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​នៃ​ការ​បិទ​ខ្ទប់​នៅ​ទូទាំង​ប្រទេស ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ។

ការ​យក​សំណាក​ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ​នឹង​បន្ត​ធ្វើ​ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​អស់ ហើយ​មន្ត្រី​ដែល​មិន​ទាន់​បាន​ធ្វើ​តេស្ត​រួចរាល់ នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​បន្ទាយ ឬ​អង្គភាព​របស់​ខ្លួន​នោះ​ឡើយ។ នេះ​បើ​តាម​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ដឹកនាំ​ការ​យក​សំណាក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ។

លោក សៅ សុខា បាន​និយាយ​ថា កន្លង​មក​កង​កម្លាំង​កង​រាជអាវុធហត្ថ គឺ​បាន​ទទួល​ភារកិច្ច​ពី​រាជរដ្ឋាភិបាល​ចូលរួម​ជាមួយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការ​អនុវត្ត​នូវ​សេចក្តី​សម្រេច​ចិត្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​។

ក្នុង​ពេល​ដែល​រាជធានី​ភ្នំពេញ​បាន​បិទ​ខ្ទប់ គឺ​មាន​ការ​ផ្ទុះ និង​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ យ៉ាង​ខ្លាំង ដែល​វា​មិន​ត្រឹម​តែ​គំរាម​កំហែង​មក​លើ​ប្រជាពលរដ្ឋ​នោះ​ទេ សូម្បី​កងកម្លាំង​ដែល​អនុវត្ត​ភារកិច្ច​នេះ ក៏​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាលដាល​ផង​ដែរ។

លោក​បន្ត​ថា៖ «បើ​ទោះបី​កងកម្លាំង​អាវុធហត្ថ​ត្រូវ​បំពេញ​តួនាទី ក៏​តម្រូវ​ឲ្យ​កង​កម្លាំង​អាវុធហត្ថ​ខ្លួន​ឯង​ត្រូវ​មាន​ការ​ការពារ​ខ្លួន និង​ត្រូវ​បញ្ចៀស​ការ​ឆ្លង​ជំងឺ​នេះ ដើម្បី​រក្សា​សុវត្ថិភាព​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ ក្នុង​ការ​អនុវត្ត​បន្ត​នៃ​ការ​បិទខ្ទប់ ឬ​ការពារ​សុវត្ថិភាព​សន្តិសុខ​ក្នុង​សង្គម»។

លោក​បញ្ជាក់​ទៀត​ថា៖ «ការ​សម្រេច​ចិត្ត​ធ្វើ​ការ​ត្រួត​ពិនិត្យ​សុខភាព​កងកម្លាំង​យើង​មុន​គេ ក្នុង​នោះ រួម​មាន​ទាំង​ខ្ញុំ​មួយ​ទៀត ត្រូវ​ធ្វើ​តេស្ត​មុន​គេ ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​រីក​រាលដាល​ទៅ​កាន់​កងកម្លាំង​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​មាន​បញ្ហា​លំបាក​ក្នុង​ពេល​ខាង​មុខ»។

បើ​តាម​លោក សៅ សុខា មាន​ចំណុច​ពិសេស​ចំនួន ២ ដែល​តម្រូវ​ឲ្យ​កងកម្លាំង​កង​រាជ​អាវុធហត្ថ ត្រូវ​តែ​ធ្វើ​តេស្ត​យក​សំណាក​រក​ជំងឺ​កូវីដ ១៩ នេះ គឺ​ទី១ ដោយសារ​តែ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ គឺ​ជា​ករណី​ថ្មី​សម្រាប់​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​អនុវត្ត​សេចក្តី​សម្រេច​នេះ។

ចំណែក​ទី២ ដោយសារ​តែ​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល គឺ​បាន​ធ្វើ​ការ​ផ្តាស់ប្តូរ​ចិត្ត​យ៉ាង​ឆាប់​រហ័ស ដែល​តម្រូវ​ឲ្យ​កង​កម្លាំង​ទាំង​អស់ ត្រូវ​តែ​ត្រៀម​ជា​ស្រេច​នូវ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

លោក​បន្ថែម​ថា៖ «រ៉ាបិស​តេស្ត​នេះ យើង​នឹង​​យក​ធ្វើ​តេស្ត​លើ​បុគ្គលិក​យើង​ទាំង​អស់​ថា តើ​មាន​អ្នក​ណា​ផ្ទុក​មេរោគ​កូវីដ ១៩ អត់ ដើម្បី​យើង​គ្រប់គ្រង​គោលដៅ​យើង និង​ការ​ឆ្លង​ចូល​មក​ក្នុង​អង្គភាព​កងកម្លាំង អនុវត្ត​កង​រាជ​អាវុធហត្ថ​នេះ។ អ៊ីចឹង​ហើយ បាន​ជា​យើង​ធ្វើ​តេស្ត​នេះ ខណៈ​មន្ត្រី​ដែល​យើង​បាន​ធ្វើ​តេស្ត​ប្រមាណ ១០០ នាក់​នេះ គឺ​មិន​មាន​វិជ្ជមាន​កូវីដ ១៩ នោះ​ទេ»។

ប៉ុន្តែ បើ​តាម​លោក សៅ សុខា ក្នុង​រយៈពេល​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍ ២០ កុម្ភៈ គឺ​មាន​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជាង ១០ នាក់ បាន​ឆ្លង​រួច​មក​ហើយ ដោយសារ​តែ​ពួក​គេ​បាន​ឆ្លង​ពី​ក្រុម​គ្រួសារ។

យ៉ាង​ណា​ក្តី មន្ត្រី​មួយ​ចំនួន​បាន​ព្យាបាល​ជា​សះស្បើយ​អស់​ហើយ ខណៈ​មួយ​ចំនួន​ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល។

ជាមួយ​គ្នា​នេះ លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​នេះ គឺ​មាន​កម្លាំង​នគរបាល​ជាតិ​កង​អន្តរាគមន៍​ប្រមាណ​ជាង ៨០ នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ ១៩។

លោក​បន្ត​ថា កម្លាំង​អន្តរាគមន៍​ទាំង​ជាង ៨០ នាក់​នេះ គឺ​ជា​ក្រុម​ប្រចាំ​ការ​នៅ​តំបន់​ក្រហម​ដែល​ជា​ទីតាំង​សម្បូរ​​ប្រជាពលរដ្ឋ​ឆ្លង​ជំងឺ​កូវីដ ១៩។

លោក​បញ្ជាក់​ថា៖ «កង​កម្លាំង​នគរបាល​ជាតិ​កង​អន្តរាគមន៍​ពិត​ជា​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ ពិត​ប្រាដក​មែន ហើយ​កងកម្លាំង​ទាំង​អស់​នោះ ជា​ក្រុម​ការងារ​ប្រចាំ​ការ​នៅ​ក្នុង​តំបន់​ក្រហម​ចំណុច​ច្រមុះ​ជ្រូក​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ»៕