ព្រះសីហនុៈ កូនឈើប្រភេទនាងនួន និងកោងកាង ជាង ១៥ ០០០ ដើម ត្រូវបានក្រុមមន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ រួមទាំងប្រជាសហគមន៍ និងសិស្សានុសិស្ស ដាំនៅតាមបណ្ដោយផ្លូវក្នុងក្រុងព្រះសីហនុ ដងអូរឈើទាល និងជុំវិញបរិវេណអាងចម្រោះទឹកកខ្វក់ទាំង ៤ ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថានទឹកសមុទ្រ នៅពេលមានទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅព្រឹកថ្ងៃអង្គារថា កូនឈើកោងកាង ចំនួន ១១ ៥០០ ដើម ត្រូវបានក្រុមមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ និង ប្រជាសហគមន៍ សិស្សានុសិស្ស និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តនេះ នាំយកទៅដាំ នៅអមតាមដងអូរឈើទាល ដោយចាប់តាំងពីក្នុងបរិវេណនៃទីតាំងអាងចម្រោះទឹកកខ្វក់ទាំង ៤ រហូតដល់ចុងអូរឈើទាលជាប់មាត់ឆ្នេរ។
លោកបានបន្តថា ចំណែកកូនឈើនាងនួនប្រមាណ ៤ ០០០ ដើមផ្សេងទៀត ត្រូវបានក្រុមមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ នាំយកទៅដាំនៅតាមបណ្ដោយផ្លូវក្នុងក្រុងចំនួន ៤ ខ្សែ និង តាមលើខ្នងទំនប់បង្ហូរទឹកកខ្វក់ ដែលស្ថិតនៅស្របតាមដងអូរឈើទាលផងដែរ។
លោកចំរើន បានបញ្ជាក់ថា៖ «ការដាំកូនឈើទាំងនេះនៅតាមដងអូរ និងក្នុងបរិវេណអាងចម្រោះទឹកកខ្វក់គឺ ផ្ដល់ផលប្រយោជន៍ច្រើនយ៉ាងដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន ព្រោះវាមិនត្រឹមតែមានតួនាទីស្រូបយកនិងបញ្ចេញចោលនូវឧស្ម័នអុកស៊ីហ្ស៊ែន និងកាបូនិចប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយក្លិនស្អុយនៃទឹកកខ្វក់ និងជួយចម្រោះជាតិពុលនៅក្នុងទឹកផងដែរ»។
លោក គីម ថៃស័រ ប្រធានភូមិបាលក្រុងព្រះសីហនុ បានថ្លែងថា ការដាំកូនឈើនៅស្របតាមដងវិថី ក្នុងក្រុងព្រះសីហនុ និង ស្របតាមដងអូរឈើទាលនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីលើកស្ទួយសោភណភាពក្នុងទីក្រុង និងការកាត់បន្ថយការបំពុលបរិស្ថាន។
លោកបានបន្តថា មកទល់ពេលនេះ ក្រុមការងាររបស់លោក បានដាំកូនឈើនាងនួនបានជាង ៤ ០០០ ដើម នៅអមសងខាងផ្លូវក្នុងក្រុង បាន ៣ ខ្សែ រួមមាន ផ្លូវឯករាជ្យ ផ្លូវ ២ ធ្នូ និង ផ្លូវ ២៨ មិថុនា និង អមតាមប្រឡាយអូរឈើទាល រហូតដល់ចុងអូរឈើទាលជាប់ជើងភ្នំដំណាក់ស្តេច មានប្រវែងជាង ៣ គីឡូម៉ែត្រ។
លោកបានបញ្ជាក់ថា៖ «ការដាំកូនឈើនៅតាមដងវិថីនានាក្នុងក្រុង ដើម្បីកែលម្អបរិស្ថាន និង សោភណភាពក្នុងទីក្រុង ឲ្យមានភាពបៃតងស្រស់បំព្រង និងជួយកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ»។
កាលពីឆ្នាំ ២០១១ ឆ្នេរសមុទ្រប្រទេសកម្ពុជា ត្រូវបានក្រុមគណៈកម្មការក្លិបឆ្នេរសមុទ្រអន្តរជាតិ បានផ្ដល់ចំណាត់ថ្នាក់ ជាឆ្នេរស្អាតជាងគេលើសកលលោក និងបានដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជា ជាសមាជិកក្លិបឆ្នេរសមុទ្រអន្តរជាតិទៀតផង៕