ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ មួយ​ចំនួន​ និង​មេធាវី​ការពារ​លោក​ កឹម សុខា សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​អនុ​ប្រធាន​ ២ រូប​នៃ​អតីត​គណបក្ស​​ប្រឆាំង​មួយ​នេះ​ ដោយ​លើក​ឡើង​ថា​ ការ​តែងតាំង​លោក សម រង្ស៊ី ​ធ្វើ​ជា​ប្រធាន​ស្តីទី​បាន​រំលោភ​លក្ខន្តិកៈ​ អាច​ធ្វើ​ឲ្យ​បែក​បាក់​ផ្ទៃ​ក្នុង ​ធ្វើ​ឲ្យ​ក្បាល​ម៉ាស៊ីន​ជាប់​គាំង​ និង​​ជា​ការ​ប្រមាថ​ដល់​ឆន្ទៈ ​មនសិការ​របស់​លោក កឹម សុខា​។

ការ​ថ្លែង​បែប​នេះ ​ធ្វើ​ឡើង ​បន្ទាប់​ពី​សេចក្តី​ថ្លែង​ការណ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ស្រី មូរ សុខ​ហួរ ​និង​លោក​ អេង ឆៃ​អ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​ ១៨ ​ខែ ធ្នូ ​ដែល​បាន​បញ្ជាក់​ថា ​លោក ​សម រង្សី​ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​ចៀស​វាង​មិន​ឲ្យ​ក្បាល​ម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​ជាប់​គាំង​ក្រោយ​ពី​ គណបក្ស​ត្រូវ​បាន​រំលាយ ដោយ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​បាន​អះអាង​ថា​ មន្ត្រី​ និង​សកម្ម​ជន​គណបក្ស​ភាគ​ច្រើន​បាន​ជ្រើសរើស​លោក​ សម រង្ស៊ី ​ធ្វើ​ជា​ប្រធាន​ដោយ​សារ​តែ​លោក​មាន​លក្ខណៈ​ដែល​ធ្វើ​ឲ្យ​គេ​ទទួល​ស្គាល់​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ដោយ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ ​និង​ប្រជា​ប្រិយភាព​។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា ​ដើម្បី​ធានា​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​មាន​ថ្នាក់​ដឹកនាំ​ដ៏​ខ្លាំង​មួយ ដែល​អាច​តស៊ូ​ប្រកប​ដោយ ប្រសិទ្ធ​ភាព​ក្នុង​ការ​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ប្រធាន​ កឹម សុខា ​និង​ការ​រក្សា​សេចក្តី​សង្ឃឹម​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល ចង់​បាន​ការ​ផ្លាស់ប្តូរ​ដោយ​វិជ្ជមាន​ និង​​មិន​អាច​បណ្តាល​ឲ្យ​គណបក្ស​នៅ​ជាប់​គាំង​បែប​នេះ​ ​ត្រូវ​តែ​ផ្តួចផ្តើម​គំនិត​ ធ្វើ​ឲ្យ​គណបក្ស​ដំណើរ​ការ​ទៅ​មុខ។ ​

សេចក្តី​​ថ្លែង​ការណ៍​ក៏​បាន​សម្តែង​ការ​សោកស្តាយ​ដែល​គណៈ​កម្មាធិការ​អចិន្រៃ្តយ៍​មិន​អាច​កោះ​ប្រជុំ​បាន​ដោយ​សារ​តែ​មាន​សមាជិកនៅ​ប្រទេស​ កម្ពុជា ​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច​ ហើយ​អ្នក​ខ្លះ​ត្រូវ​លាក់​ខ្លួន​ ដូច្នេះ​ហើយ​លក្ខន្តិកៈ​គណបក្ស​មិន​អាច​យក​មក​អនុវត្ត​បាន​ទេ​ ហើយ​ថា​ អនុ​ប្រធាន​ទី ៣ ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ​ប៉ុល ហំម​ ដែល​សព្វ​ថ្ងៃ​រស់​នៅ​ប្រទេស​ កម្ពុជា ​មិន​អាច​បញ្ចេញ​យោបល់​របស់​លោក​ជា​សាធាណៈ​បាន​ទេ​។

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា​៖​ «លោក សម រង្ស៊ី​ នឹង​បំពេញ​តួនាទី​ជា​ប្រធាន​ស្តីទី​នេះ​ក្នុង​រយៈ​​ពេល​បណ្តោះ​អាសន្ន​ (រួច​ផុត​ពី​ភាព​អាសន្ន)​ រហូត​ដល់​ថ្ងៃ​ដែល​លោក​ប្រធាន ​កឹម សុខា ​ទទួល​បាន​​សេរីភាព​ពេញ​លេញ​វិញ​ ហើយ​អាច​សម្តែង​មតិ​របស់​លោក​​ជា​សាធារណៈ​ដោយ​ខ្លួន​ឯង​។ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ក្បាល​ម៉ា​ស៊ីន​មួយ​ច្បាស់លាស់​ និង​រឹងមាំ​ដែល​អាច​សម្រេច​គោល​ដៅ​របស់​គណបក្ស​​គឺ​ការ​ធ្វើ​ឲ្យ​លទ្ធិប្រជា​ធិបតេយ្យ​រស់​ឡើង​វិញ ​នៅ​កម្ពុជា​»។

លោក ​អ៊ូ ច័ន្ទ​រ័ត្ន ​អតីត​តំណាង​រាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លើក​ឡើង​ថា ​ការ​តែងតាំង​លោក​ សម រង្ស៊ី ​ធ្វើ​ជា​ប្រធាន​ស្តីទី​ នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​គ្នា ​និង​ខ្វែង​គំនិត​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​បក្ស​ដែល​មាន​ទំនោរ​ទៅ​រក​លោក ​កឹម សុខា ​និង​លោក ​សម រង្ស៊ី​ ហើយ​ថាប្រសិន​បើ​ជម្លោះ​ផ្ទៃ​ក្នុង​នៅ​តែ​បន្ត​ទៀត​ ធ្វើ​ឲ្យ​គណបក្ស​ពិបាក​នឹង​ចៀស​រួច​ពី​ការ​បែក​បាក់​គ្នា។

លោក​បញ្ជាក់​ថា​៖ «ប្រសិន​បើ​នៅ​តែ​​បន្ត​ដូច្នេះ​ទៀត វា​ពិបាក​នឹង​ចៀស​រួច​ណាស់​ [ពី​ការ​បែក​បាក់]។​ បើ​សិន​ធ្វើ​ឲ្យ​បញ្ហា​ផ្ទៃ​ក្នុង​​មាន​ម្តង​ហើយ​ម្តង​ទៀត​ អា​ហ្នឹង​ការ​បែកបាក់ ​វា​អាច​កើត​មាន​ហើយ។​ ​អ្នក​នយោបាយ​​អាច​​ទ្រាំ​នឹង​បញ្ហា​បែប​នេះ​ម្តង​ហើយ​ៗ​តែ​បើ​ញឹកញាប់​ពេក​ជួន​កាល​ទ្រាំ​លែង​បាន​ ហើយ​ប្រជា​ពលរដ្ឋ​ក៏​លោក​ធុញ​ទ្រាន់​បញ្ហា​បែប​នេះ​ដែរ»។

លោក​ អ៊ូ ច័ន្ទ​រ័ត្ន ​បាន​សម្តែង​ការ​សោកស្តាយ ​ចំពោះ​សេចក្តី​ថ្លែង​ការណ៍​ ដែល​បាន​លើក​ឡើង​ថា​ សមាជិក​នៅ​ប្រទេស​ កម្ពុជា ​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច ​ហើយ​អ្នក​ខ្លះ​ត្រូវ​លាក់​ខ្លួន​ដោយ​សារ​ថា​ការ​លើក​ឡើង​នេះ​អាច​ជា​​ការ​ប្រមាថ​ដល់​ការ​ខិតខំ​ និង​លះបង់​តស៊ូ ​របស់​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស។

លោក​ គង់ គាំ ​អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​មួយ​នេះ​ ថ្លែង​ថា ​ការ​តែង​តាំង​លោក ​សម រង្ស៊ី ​ធ្វើ​ជា​ប្រធាន​ស្តីទី​បាន​រំលោភ​​លក្ខន្តិកៈ​ និង​បទ​បញ្ជា​ផ្ទៃ​ក្នុង​ដោយ​​ពុំមាន​ការ​ឯកភាព​គ្នា​ដែល​ធ្វើ​ឲ្យ​លោក​សម រង្ស៊ី មិន​អាច​ធ្វើ​ជា​ប្រធាន​ស្តីទី​បាន​ទេ​ហើយ​ថា​ការ​តែងតាំង​នេះ​នឹង​ធ្វើ​ឲ្យ​ក្បាល​ម៉ាស៊ីន​សង្គ្រោះ​ជាតិ​ជាប់​គាំង។

លោក​បញ្ជាក់​ថា​៖ «គេ​មាន​គោលការណ៍​ព្រមព្រៀង​គ្នា​ដែល​មុន​ធ្វើ​ការ​សម្រេច​ត្រូវ​តែ​មាន​ការ​យល់ព្រម​ទាំង​សង​ខាង ​ហើយនៅ​ពេល​ដែល​គ្មាន​ការ​យល់​ព្រម​ទាំង ២ នាក់​ដូច្នេះ​ការ​សម្រេច​នោះ​គឺ​មិន​ត្រឹមត្រូវ។ ​ក្បាល​ម៉ាស៊ីន​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជាប់គាំង​ និង​ស្ថាន​ការណ៍​នឹង​កាន់​តែ​អាក្រក់​ដោយ​សារ​តែ​លោក​សម រង្ស៊ី ​តែង​តែ​បង្ក​ការ​លំបាក​ដល់​រដ្ឋាភិបាល»។

លោក ចាន់ ចេន មេធាវី​របស់ លោក កឹម សុខា ​​ថ្លែង​តាម​រយៈ​ហ្វេស​​ប៊ុក​ផ្ទាល់​ខ្លួន ​នៅ​ថ្ងៃ​ទី ១៧​ ខែធ្នូ​នេះ​ថា ​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី ​ដែល​ថា​មតិ​យោបល់​ទាំង​អស់​របស់​ខ្មែរ ​ក្នុង​ប្រទេស​សុទ្ធ​តែ​មិន​យក​ជា​ការ​បាន ​ព្រោះ​ស្ថិត​ក្រោម​គំនាប និង​បញ្ជា​របស់​លោក​ ហ៊ុន សែន​ គឺជា​លេស​ដើម្បី​បោកប្រាស់​អ្នក​គាំទ្រ​ខ្លួន​នៅ​ក្រៅ​ប្រទេស​ឲ្យ​គាំទ្រ​ឲ្យ​ខ្លួន​ធ្វើ​បក្ស​ប្រហារ ​ដើម្បី​បាន​អំណាច​ ហើយ​ទង្វើ​នេះ​គឺជា​ការ​ប្រមាថ​ដល់ ឆន្ទៈ​មនសិការ​របស់​លោក​ កឹម សុខា​។

លោក​បញ្ជាក់​ថា​៖ «ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះ​ភាព​​អង់​អាច​ក្លាហាន ​ការ​លះបង់ ​និង​ឧត្តម​គតិ​អ្នក​ដែល​តស៊ូ​ នៅ​ក្នុង​សមរភូមិ​នយោបាយ​ក្នុង​ប្រទេស​ ដូច​ជា​ លោក​ប្រធាន​ កឹម សុខា ​ក៏​ដូច​ជា​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​មេធាវី ​និង​ជា​ពិសេស​សកម្មជន​ CNRP​ នៅ​ក្នុង​ប្រទេស»។

ការ​ខ្វែង​គំនិត​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​បក្ស​ដែល​មាន​ទំនោរ​ទៅ​រក​លោក កឹម សុខា ​និង​លោក ​សម រង្ស៊ី នេះ​បាន​ផ្ទុះ​ឡើង​នៅ​ពេលដែល​លោក​ សម រង្ស៊ី ​ប្រធាន​ចលនា​សង្គ្រោះ​​ជាតិ (CNRM) ​ត្រូវ​បាន​​អនុម័ត​ដោយ​សន្និសីទ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​សម្រេច​ជ្រើស​រើស​លោក​ជា​ «ប្រធាន​ស្ដីទី» ​គណបក្ស​រហូត​ដល់​លោក​ កឹម សុខា ដែល​កំពុង​ស្ថិត​ក្រោម​ការ​​​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ​ «ក្បត់​ជាតិ» មាន​សេរីភាព​ពេញ​លេញ​ឡើង​វិញ៕