ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​អ្នកប្រវត្តិសាស្ត្រ​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​អនុញ្ញាត​ឲ្យ​លោក​ សម រង្ស៊ី ប្រើប្រាស់​ទឹកដី​របស់​អាមេរិក​ធ្វើ​អំពើ​ភេរវកម្ម​ប្រឆាំង​ប្រទេស​កម្ពុជា​ដើម្បី​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​ដោយ​មិន​បាន​គោរព​ទៅតាម​ច្បាប់​ជាតិ​ និង​អន្តរជាតិ​នោះឡើយ​។

ការចោទប្រកាន់​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​ ១៩ ខែ​កញ្ញា​ម្សិលមិញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោម​ប្រធានបទ «​ករណី​ប្រមាថ​ព្រះមហាក្សត្រ​» នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy បាន​មក​ដល់​កម្ពុជា​។

ការចោទប្រកាន់​នេះ​ក៏​ធ្វើ​ឡើង​បន្ទាប់ពី​ក្រសួង​ការបរទេស​អាមេរិក​កាលពី​ថ្ងៃទី​ ១៨ ខែ​ កញ្ញា ឆ្នាំ ២០១៩ តាមរយៈ​អ្នក​នាំពាក្យ លោកស្រី Morgan Ortagus បាន​ចេញ​សេចក្តី​ប្រកាស​ជា​វីដេអូ​ខ្លី​មួយ​ដោយ​បង្ហាញ​ការព្រួយបារម្ភ​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ហើយ​បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​របស់​អតីត​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ថ្មីៗ​នេះ​។

លោកស្រី Ortagus បាន​លើក​ឡើង​នៅក្នុង​សារ​ជា​វីដេអូ​ដែល​មាន​រយៈពេល ៥៤ វិនាទី​ដូច្នេះ​ថា​៖ «​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​អំពី​ស្ថានភាព​គាបសង្កត់​ខាង​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបបំបាត់​ការ​រឹតបន្តឹង​ខាង​នយោបាយ​នានា​លើ​បុគ្គល​គ្រប់រូប​រួមទាំង​លោក​ កឹម សុខា និង​ដោះលែង​សកម្មជន​នយោបាយ​ដែល​ត្រូវបាន​ចាប់ខ្លួន​តាម​ទំនើងចិត្ត និង​ដោយ​ខុស​ច្បាប‍់​»​។

ជា​ការឆ្លើយតប​លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​ធ្វើបាន​តាម​ការអំពាវនាវ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ឱ្យ​ដោះលែង​សមាជិក​នៃ​អតីត​គណបក្សប្រឆាំង​នោះ​បាន​ទេ​ដោយសារ​តែ​រំលោភ​ទៅនឹង​សិទ្ធិអំណាច​របស់​តុលាការ​។

លោក​បញ្ជាក់ថា​៖ «​ការបង្គាប់ ឬ​សំណូមពរ​មកកាន់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​យើង​មិន​អាច​ធ្វើ​បានទេ យើង​អត់​មាន​អំណាច​ទៅធ្វើ​ដើម្បី​រុករាន​គ្របដណ្តប់​ទៅលើ​កាតព្វកិច្ច​របស់​តុលាការ​»​។

លោក​បន្តថា​ការអំពាវនាវ​របស់​អាមេរិក​ធ្វើឡើង​ដោយសារ​តែ​អាមេរិក គឺជា​អ្នក​នៅ​ពីក្រោយ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថ្លែងថា​៖ «​ការលើកឡើង​របស់​មន្ត្រី​ការបរទេស សហរដ្ឋអាមេរិក គឺ​លើកឡើង​ក្នុង​មនោសញ្ចេតនា និង​អារម្មណ៍​ដែល​គាត់​បាន​ប្រើប្រាស់​ក្រុម​ (CNRP) ​ហ្នឹង​។ បើ​គាត់​មិន​យកចិត្ត​ទុកដាក់​មាន​តែ​គាត់​បោះបង់​ក្រុម​ហ្នឹង​ចោល​»​។

លោក​ ផៃ ស៊ីផាន បាន​ចោទ​សហរដ្ឋអាមេរិក​ថា បាន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រើប្រាស់​ទឹកដី​របស់​អាមេរិក​ធ្វើ​អំពើ​ភេរវកម្ម​ប្រឆាំង​ប្រទេស​កម្ពុជា​។ លោក​បញ្ជាក់​៖ ​​«​តាមច្បាប់​នៅ​សហរដ្ឋអាមេរិក គ្មាន​ច្បាប់​ណាមួយ​ចែង​ឲ្យ​រដ្ឋាភិបាល​របស់​សហរដ្ឋ​អាមេរិក​គាំទ្រ​ពួក​ភេរវករ​ ឬ​ភេរវកម្ម​នោះទេ​។

ហេតុ​ម៉េច​បាន​យើង​ថា ក្រុម​ហ្នឹង​ជា​ក្រុម​ភេរវកម្ម ទីមួយ​គឺ​ក្រុម​ហ្នឹង​បាន​រៀបចំ​អង្គការ​ភេរវកម្ម​មួយ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ទី ២ ​បាន​ប្រមូល​លុយ​របស់​សហរដ្ឋ​អាមេរិក​ក្នុងការ​ប្រើប្រាស់​សកម្មភាព​ភេរវកម្ម​របស់ខ្លួន​ដែល​ខុសច្បាប់​ដែល​អត់​បាន​ចុះ​ឈ្មោះ​ជា​អង្គការ​នៅក្នុង​បញ្ជី​អង្គការ​នៅ​សហរដ្ឋអាមេរិក​»​។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​នេះដែរ​លោក រស់ ចន្ត្រាបុត្រ​ សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់​លោក សម រង្ស៊ី ​ដើម្បី​ទទួលបាន​ផលចំណេញ​ភូមិសាស្ត្រ​នយោបាយ​ដោយ​មិន​បាន​គោរព​តាមច្បាប់​ជាតិ និង​អន្តរជាតិ​ហើយ​ថា ប្រទេស​កម្ពុជា​មិន​អាច​ទទួល​យក​បាន​នូវ​ទង្វើ​របស់​សហរដ្ឋ​អាមេរិក​ដែល​គាំទ្រ​លោក សម រង្ស៊ី ឲ្យ​ធ្វើ​ភេរវកម្ម​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា​នោះឡើយ​។

លោក​ថ្លែងថា​៖ «​ឥឡូវនេះ​មួយក្រុម​ហ្នឹង​ដែល​ដឹកនាំ​ដោយ រង្ស៊ី នេះ​ក៏​ដើរតួ​នូវ​អ្វី​ដែល​ជា​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា និង​តំបន់​ដែរ​។ យើង​បានឃើញ​ហើយ​អ្វី​ដែល សម រង្ស៊ី ​បានប្រកាស​ ឬ​ថ្លែង​រៀងរាល់​ថ្ងៃ​ទាំងអស់​នេះ ពិសេស​ពេល​ចុង​ក្រោយនេះ​គឺជា​ការប្រឆាំង​ជាមួយ​នឹង​ពលរដ្ឋ​ខ្មែរ និង​រាជានិយម​នៅ​កម្ពុជា​»​។

លោក​បន្ថែម​ថា​៖ «(​សហរដ្ឋ​អាមេរិក​) ​ចៅហ្វាយ​របស់ រង្ស៊ី ដែល​អនុញ្ញាត​ឲ្យ សម រង្ស៊ី ទៅ​ប្រកាស​ទាត់ចោល​នូវ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យក​កម្ពុជា​ធ្វើជា​សត្រូវ ហើយ​ដែល​ស្រែក​ឡើង​បង្កទ័ព​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ​។ សួរថា​អំពើ​ភេរវកម្ម​ទាំងអស់​នេះ​អាច​ចាត់ទុក​ជា​សកម្មភាព​មួយ​ដែល​យើង អាច​ទទួល​យក​បាន​ឬ​អត់​?»​។

លោក​ ចន្ត្រាបុត្រ បាន​លើក​ឡើង​ថា បើ​សហរដ្ឋអាមេរិក​នៅតែ​បន្ត​គាំទ្រ​អំពើ​ភេរវកម្ម​របស់​ សម រង្ស៊ី​នេះនោះ​សហរដ្ឋ​អាមេរិក​មិន​គោរព​ទៅ​តាម​អ្វីដែល​ជាគោលការណ៍ គោលនយោបាយ និង​ជា​សម្ដី​របស់​របស់​អាមេរិក​ដែល​ធ្លាប់តែ​ប្រកាស​ប្រឆាំង​ភេរវកម្ម​នៅលើ​ពិភពលោក​នោះទេ​។

លោក​បានស្នើ​ឲ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការគាំទ្រ​ទង្វើ​របស់​លោក សម រង្ស៊ី ដោយ​លោក​ថ្លែង​ថា ដោយសារ​តែ​ទង្វើ​របស់​លោក​ សម រង្ស៊ី បាន​និង​កំពុង​តែ​ព្យាយាម​បំផ្លាញ​ប្រជាជន​កម្ពុជា​ដែល​កំពុង​រស់នៅ​ជាមួយ​សុខសន្តិភាព និង​ការរីកចម្រើន​។

ចំណែក​លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ក៏​បាន​ថ្លែង​នៅក្នុង​សន្និសីទ សារព័ត៌មាន​នេះ​ដែរ​ថា​លោក សម រង្ស៊ី ប្រើប្រាស់​វិធីសាស្ត្រ​គ្រប់​បែប​យ៉ាង ដើម្បី​តែ​អំណាច​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្សពួក​សូម្បី​តែ​ការប្រមាថ ជាតិ​សាសន៍​របស់​ខ្លួនឯង​បំផ្លាញ​កិត្តិយស​របស់​រាជានិយម​បំផ្លាញ​កិត្តិយស​របស់​ព្រះមហាក្សត្រ​ក៏​ហ៊ាន​ធ្វើ​ដែរ​។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​សូម្បីតែ​ឱនក្បាល​ចំពោះ​បរទេស និង​សុំ​អង្វរ​បរទេស​ឲ្យ​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ គាត់​ក៏​សុខចិត្ត​ធ្វើ​ដែរ ដើម្បី​ផលប្រយោជន៍ នយោបាយ​របស់​ខ្លួន​»​។

ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា ពុំមាន​ភ័ស្តុតាង​ណាមួយ​ដែល​បង្ហាញថា សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​លោក សម រង្ស៊ី ​ក្នុង​ការធ្វើ​អំពើ​ភេរវកម្ម​ប្រឆាំង​នឹង​កម្ពុជា​នោះទេ ដោយ​លោក​ចាត់ទុក​ទង្វើ​របស់​សហរដ្ឋអាមេរិក​ថា គ្រាន់តែ​ព្យាយាម​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​គោរព​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​តែប៉ុណ្ណោះ​។

លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​សហរដ្ឋអាមេរិក មិន​ប្រើប្រាស់​លោក សម រង្ស៊ី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ខ្លួន​នោះទេ តែ​ដោយសារ​តែ​អាមេរិក​ចង់ឃើញ​មាន​ការលូតលាស់​នៅ​កម្ពុជា ហើយ​ចង់ឃើញ​នយោបាយ​នៅ​កម្ពុជា​ដើរ​ក្នុង​ផ្លូវ​គន្លង​ត្រឹមត្រូវ​។ ការចោទប្រកាន់​ (​របស់​មន្ត្រី​រដ្ឋាភិបាល​) ​នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​បន្ថែម​ទៀត ហើយ​វា​មិន​មាន​ផលប្រយោជន៍​អ្វី​សម្រាប់​យើង​នោះទេ​»​។

លោក គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ថ្លែងថា ការចោទប្រកាន់​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​កម្ពុជា​អាច​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​ដែល​កំពុង​តែ​មាន​ស្ថានភាព​មិនល្អ​រួច​ទៅ​ហើយ​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​សិក្សា​មើល​ឲ្យ​បាន​ច្បាស់លាស់​សិន​។ តិច​ ឬ​ច្រើន​លោក​ សម រង្ស៊ី គាត់​ពិត​ជា​មាន​ខ្នងបង្អែក​ណា​មួយ យើង​មិនទាន់​អាច​វិនិច្ឆ័យ​បានទេ​»​។

លោកស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ចំពោះ​បញ្ហា​នេះ​៕