ពោធិ៍សាត់ៈ កូនឈើ​ជាង​ ៤ ​ម៉ឺន​ដើម ​ត្រូវ​បាន​មន្ត្រី និង​អ្នកពាក់ព័ន្ធ​យក​ទៅ​ដាំ​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ស្ទឹងថ្មី​នៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស ខេត្តពោធិ៍សាត់​លើ​ផ្ទៃដី​ទំហំ ៥៦ ​ហិកតា​ ក្នុង​ចំណោម​ផ្ទៃដី​ ៣០០ ​ហិកតា​ ក្នុង​បំណង​ស្តារ​ព្រៃឈើ​ឡើងវិញ បន្ទាប់ពី​ទីតាំង​នោះ​ត្រូវបាន​ដកហូត​ពី​ជនខិលខូច ដែល​លួច​កាប់​ទន្ទ្រានព្រៃ​ខុសច្បាប់​។

ការដាំ​កូនឈើ​នេះ​បាន​ប្រព្រឹត្ត​ឡើង​​កាល​ថ្ងៃទី​ ៧ ខែ​តុលា ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​បរិស្ថាន​តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា ក្រុមការងារ RECOFTC អាជ្ញាធរ​ដែនដី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​​ពលរដ្ឋ​ជាច្រើន​រូប​ផងដែរ​។

អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក រ័ត្ន វិរៈ បាន​ថ្លែង​ក្នុងឱកាស​ដាំ​កូនឈើ​នោះ​ថា ការចូលរួម​ដាំ​ស្តារ​ព្រៃ​ដោយផ្ទាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ពលរដ្ឋ​ក្នុង​សហគមន៍​​នាពេល​នេះ​គឺជា​ការបង្ហាញ​ពី​ស្មារតី​​ស្រឡាញ់​ធនធាន​ធម្មជាតិ រួមមាន ព្រៃឈើ និង​សត្វព្រៃ​ជាដើម​។ ទាំងអស់​​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​ទឹកភ្លៀង រក្សា​លំនឹង​ធម្មជាតិ ការពារ​ខ្យល់​ព្យុះ និង​គ្រោះធម្មជាតិ​ផ្សេងៗ​។

លោក រ័ត្ន វិរៈ បាន​បញ្ជាក់ថា​៖ «​ព្រៃឈើ​នៅក្នុង​តំបន់​នេះ​គឺជា​ប្រភេទ​ព្រៃរបោះ ដែល​អាច​ឱ្យ​សត្វ​គ្រប់​ប្រភេទ​រស់នៅ​បាន ហេតុ​ដូច្នេះ​ប្រសិន​បើ​យើង​​ការពារ​ព្រៃឈើ សត្វព្រៃ​បាន​នោះ យើង​​នឹង​បាន​ថវិកា​ជួយ​ដល់​ការអភិវឌ្ឍ​​ជីវភាព​សហគមន៍​»​។

ជាមួយ​នេះ​ដែរ​លោក​បាន​សង្កត់ធ្ងន់​​ថា នៅពេល​ខាងមុខ​ក្រសួង​បរិស្ថាន​នឹង​ចូលរួម​អភិវឌ្ឍ​ក្នុង​តំបន់​នេះ​ឱ្យមាន​​ប្រភព​ចំណូល​តាមរយៈ​ការបង្កើត​ជា​​តំបន់​ទេសចរណ៍​ធម្មជាតិ​ដែល​ភ្ញៀវទេសចរ​អាច​មក​មើល​សត្វព្រៃ និង​ព្រៃឈើ​ក្នុង​តំបន់​នេះ​ផងដែរ​។

លោក ខៀវ បូរិន អគ្គនាយក​នៃ​​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​បាន​ថ្លែង​ដែរ​ថា ការកំណត់​យក​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ស្ទឹង​ថ្មី​ដាំ​កូនឈើ​នេះ​គឺ​ដើម្បី​លើក​ទឹកចិត្ត​ឱ្យ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ដាំ​ស្តារ​ព្រៃ​ និង​លើកកម្ពស់​ការចូលរួម​ពី​ពលរដ្ឋ និង​​អ្នកពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ចូលរួម​​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​។

លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ការដាំ​កូនឈើ​ព្រៃ​នេះ​គឺ​សម្រាប់​ការអភិរក្ស​ធនធាន​ធម្មជាតិ​ជាពិសេស​បង្កើន​ជីវចម្រុះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ព្រៃឈើ​នៅ​ទីនេះ​មិន​អាច​ផ្តល់​ផល​ដល់​គាត់​ផ្ទាល់​មែន ប៉ុន្តែ​វា​អាច​អភិរក្ស​ជីវចម្រុះ ហើយ​អាច​រក្សា​ទឹក និង​ទាក់ទាញ​ទឹកភ្លៀង តាមរយៈ​ការថែរក្សា​​ព្រៃឈើ​ឱ្យ​បាន​ល្អ​នេះ​»​។

បើ​តាម​លោក ខៀវ បូរិន ទៅ​ថ្ងៃ​ខាងមុខ ក្រសួង​បរិស្ថាន​មាន​គម្រោង​ដាំ​ដើម​​អាកាស្យា​ក្នុង​ដី​នៃ​ផ្នែក​ណាមួយ​ក្នុង​តំបន់​នេះ​ខណៈ​ឈើ​ប្រភេទ​នេះ​កំពុង​មាន​​តម្រូវការ​ខ្ពស់ និង​អាច​ប្រមូលផល​ក្នុង​រយៈពេល​ ៥ ​ទៅ​ ៦ ​ឆ្នាំ​ខាងមុខ​។ ​ជាមួយ​គ្នា​នេះ​ក្រសួង​នឹង​ពិនិត្យ​លទ្ធភាព​លើក​កម្ពស់​ជីវភាព​សហគមន៍​តាមរយៈ​ការផ្តល់​ពូជមាន់ គោ ពពែ ជ្រូក ដែល​ជួយ​​បង្កើន​ចំណូល​ដល់​ពលរដ្ឋ​ផងដែរ​។

យោង​តាម​ក្រសួងបរិស្ថាន​បាន​ឱ្យ​ដឹង​​ថា សហគមន៍​តំបន់​ការពារ​ធម្មជាតិ​​ស្ទឹង​ថ្មី​បាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០១០ ​ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ចំនួន​ទំហំ​ ៧១២ ​ហិកតា​ដោយ​មាន​ការចូលរួម​ពី​​ប្រជាជន​ចំនួន​ ១១០ ​គ្រួសារ​។

រីឯ​កូនឈើ​ព្រៃ​ដែល​បាន​ដាំ​ប្រមាណ​ជាង​ ៤ ​ម៉ឺន​​ដើម​នាពេល​នេះ​ជា​ប្រភេទ​ឈើ​គ្រញូង ធ្នង់ បេង គគីរ ឈើទាល កកោះ ជាដើម ដែល​នាយកដា្ឋន​ជីវភាព​សហគមន៍​បាន​ទទួល​ថវិកា​សម្រាប់​ការដាំស្តារ​ព្រៃឈើ​នេះ​ពី​ UNDP និង​ពី​មជ្ឈមណ្ឌល​សម្រាប់​មនុស្ស និង​ព្រៃឈើ​ (RECOFTC) ​ដើម្បី​ចូលរួម​លើកកម្ពស់​​ជីវភាព​សហគមន៍ ខណៈ​គ្រួសារ​មួយ​ចំនួន​បាននិង​កំពុង​រង​ផលប៉ះពាល់​​ដោយសារ​ជំងឺ​កូវីដ​ ១៩៕