ភ្នំពេញ: មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរ និងអ្នកស្រឡាញ់ធនធានធម្មជាតិ និងបរិស្ថានប្រមាណ ៥០០ នាក់ បានចូលរួមកម្មវិធីបោះតង់កាលថ្ងៃទី ១៤-១៥ កុម្ភៈ នៅដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តកំពង់ធំ ដើម្បីការចូលរួមការពារ អភិរក្សធនធានធម្មជាតិ ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។
កម្មវិធីនេះបានរៀបចំឡើងដោយក្រសួងបរិស្ថានក្រោមប្រធានបទ «ថ្ងៃនៃក្តីស្រឡាញ់៖ យើងស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ» ឬហៅថា Valentine’s Prey Lang ដើម្បីបង្កើនសេចក្តីស្រឡាញ់ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិជាពិសេសនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា កម្មវិធីនោះមានការបំបួសដើមឈើរាប់ពាន់ដើម និងធ្វើបទបង្ហាញផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៃតំបន់ព្រៃឡង់ និងជំរុញឲ្យមានការចូលរួមកាន់តែសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិកម្ពុជា។
លោកបញ្ជាក់ថា៖ «នៅពេលនេះកម្ពុជាយើងអាចធ្វើបានហើយ និងកំពុងបោះ ១ ជំហានទៀតក្នុងការធ្វើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត...»។
លោក នេត្រ ភក្ត្រា បន្ថែមថាដើម្បីជួយឲ្យជីវភាពពលរដ្ឋមូលដ្ឋាន និងគ្រួសារមន្ត្រីឧទ្យានុរក្សបានធូរធារ ក្រសួងបានផ្ដួចផ្ដើមរៀបចំបង្កើតឲ្យមានសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីចែករំលែកការគ្រប់គ្រង និងការទទួលខុសត្រូវជូនប្រជាសហគមន៍មូលដ្ឋានលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជា អនុញ្ញាតឲ្យប្រជាសហគមន៍មានសិទ្ធិក្នុងការប្រើប្រាស់ និងអាស្រ័យផលធនធានធម្មជាតិស្របតាមច្បាប់ និងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឲ្យគង់វង្ស។
លោក ហឿន សុភាព តំណាងសហគមន៍ការពារព្រៃឡង់ប្រចាំខេត្តកំពង់ធំបានគាំទ្រសកម្មភាពនេះ ខណៈសហគមន៍របស់លោកក៏គ្រោងបំបួសដើមឈើក្នុងតំបន់ព្រៃឡង់នៅថ្ងៃទី ២២ ខែកុម្ភៈ ខាងមុខនេះដែរ។ ប៉ុន្ដែលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃឡង់ខេត្តកំពង់ធំបានហាមមិនឲ្យចុះទៅមើលទីតាំងសម្រាប់ប្រារព្ធពិធី ក៏ដូចជាមិនឲ្យចុះល្បាតព្រៃទេ ដោយថាជាបទបញ្ជាថ្នាក់លើ ហើយថាបើមិនអនុវត្តតាមទេ មន្ត្រីជំនាញនឹងឃាត់ខ្លួន។
លោកថា៖ «នៅថ្ងៃទី ២២ ខែកុម្ភៈ ពួកខ្ញុំក៏នាំគ្នារៀបចំកម្មវិធីបំបួសដើមឈើដែរ គឺគ្រោងធ្វើនៅកណ្ដាលព្រៃឡង់តែម្ដង ប៉ុន្ដែមានមន្ត្រីម្នាក់បានហាមពួកខ្ញុំមិនឲ្យចូលទៅមើលទីតាំងសម្រាប់ប្រារព្ធពិធី ហើយថែមទាំងហាមចុះល្បាតទៀតផង»។
លោក លី ស្រេង នាយកដែនជម្រកសត្វព្រៃឡង់ខេត្តកំពង់ធំពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញការចោទប្រកាន់នេះបានទេ។
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ និងបរិស្ថានបានគាំទ្រសកម្មភាពក្នុងន័យស្រឡាញ់ព្រៃឈើ និងបរិស្ថានទាំងនេះ ប៉ុន្ដែលោកថាការផ្សព្វផ្សាយ និងបង្ហាញសារអប់រំនេះមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានទេ លុះត្រាតែអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត។
លោកបន្តថា អាជ្ញាធរត្រូវតែតាមដានសកម្មភាពឈ្មួញមានងារជាឧកញ៉ា និងក្រុមហ៊ុនមួយចំនួនដែលត្រូវបានគេសង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើ។ «ខ្ញុំចង់ឲ្យត្រួតពិនិត្យក្រុមហ៊ុនដែលកំពុងបើកអាជីវកម្មក្បែរៗតំបន់ព្រៃឡង់ឡើងវិញ ព្រោះមានក្រុមហ៊ុនខ្លះឆ្លៀតកាប់ឈើរួចដឹកចូលក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន។ មន្ត្រីអនុវត្តច្បាប់ត្រូវតែចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះជនល្មើសដែលដឹកជញ្ជូន និងកាប់ឈើតាមផ្លូវច្បាប់»។
គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វនៅឆ្នាំ ២០១៦ ឲ្យស្ថិតក្រោមការគ្រប់គ្រងពីក្រសួងបរិស្ថានលើផ្ទៃដីជាង ៤៣ ម៉ឺនហិកតាក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំមុនក្រសួងបរិស្ថានបានទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ក្នុងការចូលរួមសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ៕