មណ្ឌល​គិរីៈ ឈើ​គ្មាន​ម្ចាស់​​ជា​ច្រើន​កំណាត់​ ដែល​ត្រូវ​បាន​គេ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​អ្នក​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា ​ខេត្ត​មណ្ឌល​គិរី​ ត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ចុះ​ប្រមូល​​​និង​រឹប​អូស​យក​មក​រក្សា​ទុក​ជា​សម្បត្តិ​រដ្ឋ។​

ប្រតិបត្តិ​ការ​​នេះ ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ១៧​ ខែ ​ធ្នូ ​ឆ្នាំ​ ២០១៨ ​គឺ ១ ​ថ្ងៃ​ក្រោយ​ពី​អ្នក​ភូមិ​បាន​ប្រទះ​ឃើ​ញ​និង​រាយការណ៍​​ពី​ទី​តាំង​នៃ​គំនរ​ឈើ​នោះ​ដល់​មន្ត្រី​បរិស្ថាន​។​

លោក ​កែវ​ សុភ័ក្រ្ត ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា កាល​ពី​​ថ្ងៃ​អាទិត្យ ​មាន​អ្នក​ភូមិ​ ១ ​​ក្រុម​បាន​ទៅ​រាយការណ៍​ប្រាប់​មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ថា ​ពួក​គាត់​​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​​ ១ ​កន្លែង​នៅ​ក្នុង​ព្រៃ​ខាង​ក្រោយ​ផ្ទះ​អ្នក​ជិត​ខាង​របស់​គាត់​ម្នាក់ ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ ​លោកក៏​បាន​សហការ​ជា​មួយ​ក្រុម​កម្លាំង​អាជ្ញាធរ​មូល​ដ្ឋាន ចុះ​ត្រួត​ពិនិត្យ​ទៅ​លើ​ទីតាំង​នោះ​ហើយ​បាន​ឃើញ​​ឈើ​ប្រភេទ​សុក្រំ​ចំនួន​ ២៦ ​កំណាត់ ដែល​ត្រូវ​បាន​គេ​គរ​ទុក​នៅ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​នោះ ​រួច​ក៏​ប្រមូល​រឹប​អូស​យក​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ដើម្បី​កសាង​សំណុំ​រឿង​​ដាក់​បញ្ចូល​​ជា​​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ព្រោះ​វា​ជា​ឈើ​គ្មាន​ម្ចាស់​​។

តាម​ការ​អះអាង​របស់​អ្នក​ភូមិ​ឈ្មោះ ​គឹម ​ហុង​ ដែល​ជា​អ្នក​ប្រទះ​ឃើញ​គំនរ​ឈើ​​ទាំង​នោះ និង​ជា​អ្នក​ដំបូង​គេ​ដែល​បាន​ទៅ​រាយការណ៍​ប្រាប់​​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​អំពី​ករណី​ខាង​លើ​នេះ​ បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ពួក​គាត់​បាន​ប្រទះ​ឃើញ​គំនរ​​ឈើ​ទាំង​នោះ​ បន្ទាប់​ពី​ពួក​គាត់​បាន​​ឃើញ​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​ និង​រថយន្ត​ឆ្លង​កាត់​ភូមិ​របស់​ពួក​គាត់​ ២-៣ ​យប់​ជាប់​ៗ​គ្នា​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​​ស្ទើរ​តែ​មិន​អាច​ដេក​បាន​។​

​លោក​ ហុង ​បាន​និយាយ​ថា​៖​ «​វា​ពិត​ជា​គួរ​ឲ្យ​ថ្លង់​ខ្លាំង​ណាស់!​ យើង​មិន​ដឹង​ថា​​ ឈើ​ទាំង​នោះ​គេ​ដឹក​ចេញ​​ពី​ណា​ទៅ​ណា​នោះ​ទេ តែ​ពួក​គេ​បាន​ដឹក​វា​តាម​ម៉ូតូ​ និង​រថយន្ត​ បើក​ឆ្លង​កាត់​ភូមិ​របស់​​ពួក​យើង​ ២-៣ យប់​ជាប់​គ្នា​»​។ ​

លោក​ សយ​ ជឺញ​ ប្រធាន​ភូមិ​មេ​ប៉ៃ​ បាន​និយាយ​ថា ​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៥ ​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨ ​ពួក​គាត់​បាន​ឃើញ​​រថយន្ត​​មួ​យ​គ្រឿង​​ឈប់​នៅ​ក្បែរ​មាត់​ព្រៃ​ខាង​ក្រោយ​ភូមិ​របស់​ពួក​គាត់ ប៉ុន្តែ​ដោយ​សារ​ពេល​យប់​ពួក​គាត់​មិន​បាន​ទៅ​ពិនិត្យ​មើល​នោះ​ទេ។ ​លុះ​ព្រឹក​ថ្ងៃ​ទី​ ១៦ ​ខែ​ធ្នូ​ពួក​គាត់​បាន​នាំ​គ្នា​ដើរ​ទៅ​មើល​ទី​នោះ ​ក៏​ឃើញ​មាន​ពំនូក​ឈើ​មួយ​ដែល​ត្រូវ​បាន​គេគរ​ទុក​នៅ​ទី​នោះ​​ ដោយ​មាន​គ្រប​តង់​កៅ​ស៊ូ​ពណ៌​ខៀវ​សង្កត់​ពី​លើ​ដោយ ​ចំបើង​ និង​ស្មៅ​ ​​ក៏​បាន​នាំ​គ្នា​ទៅ​រាយការណ៍​ប្រាប់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​ពូ​ជ្រៃ៕