មណ្ឌលគិរី: មន្ត្រី​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​បាន​បោះ​បង្គោលរបង​ព័ទ្ធ​យក​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់ បន្ទាប់ពី​សមត្ថកិច្ច​បាន​ចុះ​ដក​បង្គោលរបង​ជាង​ ៣០០ ​បង្គោល​ចោល​ជា​បន្តបន្ទាប់ ចាប់ពី​សប្ដាហ៍​មុន​ដល់​ថ្ងៃទី​ ១០ សីហា នៅ​ឃុំ​ស្រែហ៊ុយ និង​ឃុំ​ណងឃីឡឹក ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​។

លោក​ កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បង្គោលរបង​ទាំង​ជាង​ ៣០០ ​នោះ​​ត្រូវ​ជន​មិន​ស្គាល់មុខ បោះព័ទ្ធ​រំលោភ​លើដី​រដ្ឋ តែ​ត្រូវ​បាន​មន្ត្រី​ជំនាញ​មន្ទីរបរិស្ថាន​ខេត្ត​មណ្ឌលគិរី​ប្រទះ​ឃើញ​ក្នុង​ពេល​ចុះ​ល្បាត​ចាប់ពី​ដើម​សប្ដាហ៍​មុន​រហូត​ទល់​ថ្ងៃទី​ ១០ សីហា នៅ​​ភូមិសាស្ត្រ​ខាងលើ​។

លោក​បន្តថា សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ ក្រោយពី​បាន​ដក​ចោល​ជា​បន្តបន្ទាប់ ប៉ុន្ដែ​លោក​មិន​អាច​បញ្ជាក់ថា ជា​ស្នាដៃ​​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ឬ​ក្រុម​ឈ្មួញ​មក​​ពី​តំបន់​ផ្សេង​ទេ​។

លោក សុភគ៌ បញ្ជាក់ថា​៖ «​ឥឡូវ​​យើង​កំពុង​ស្រាវជ្រាវ​រក​អ្នក​បោះបង្គោល​យក​ដី​រដ្ឋ​ហ្នឹង ហើយ​យើង​នៅ​បន្ត​ដើរ​ពិនិត្យ ឬ​ល្បាត ប្រសិន​បើ​បាន​ជួប​បង្គោលរបង​ទៀត គឺ​យើង​ដក​ចោល​តែម្ដង​។ ​បើ​គិត​ជា​ចំនួន​ដី​ដែល​គេ​បោះបង្គោល​ហ្នឹង​ប្រហែល​ជាង​ ១០០ ​ហិកតា​តែ​យើង​ទប់ស្កាត់​ទាន់ពេល​»​។

លោក​ ខ្លូត សុឃា អធិការនគរបាល​ស្រុក​កោះ​ញែក​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បង្គោលរបង​ដែល​ជនល្មើស​បាន​បោះ​លើដី​រដ្ឋ​នោះ​មិនទាន់​ដក​អស់ពី​ដី​ទេ​។ ​សមត្ថកិច្ច​លោក​ និង​មន្ត្រី​បរិស្ថាន​កំពុង​បន្ត​ដក ព្រោះ​ជនល្មើស​បាន​ដាំ​បង្គោល​លើដី​ច្រើន​ហិកតា​។

លោក​បន្តថា ករណី​នេះ​សមត្ថកិច្ច​ក៏បាន​ស្រាវជ្រាវ​រក​ជនល្មើស​ដែរ ប៉ុន្ដែ​មិនទាន់​ចេញ​ជា​លទ្ធផល​ទេ​។ ដី​ដែល​គេ​បោះបង្គោល​នេះ ស្ថិត​នៅ​ជាប់​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក មិន​សូវ​មាន​ព្រៃ​ច្រើន​ទេ ទើប​ជនខិលខូច​ចង់បាន​។

លោក​ថា​៖ «​ដី​តំបន់​ហ្នឹង​បើ​យើង​មើលទៅ​ដូចជា​រាង​វាល មាន​ន័យ​ថា មាន​ព្រៃ​មួយៗ អ៊ីចឹង​គាត់​ឃើញ​ដី​​ទំនេរៗ ក៏​នាំគ្នា​ទៅ​បោះបង្គោល​ចាប់យក​ដី​ហ្នឹង ប៉ុន្ដែ​យើង​មិន​រកឃើញ​អ្នក​បោះបង្គោល​ទេ​ព្រោះ​រវល់​ដក​បង្គោល​ចេញ​សិន បើ​យើង​ដកចេញ​អស់​ចាំ​ស៊ើបអង្កេត​បន្តទៀត​»​។

លោក​ អ៊ាង ម៉េងលី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បន្ទាប់ពី​មាន​ដំណឹង​ទាក់ទង​មន្ត្រី​ជំនាញ​គ្រោង​ចុះមក​វាស់វែង​ដី ឬ​កាត់​ឆ្វៀល​ដី​ចែក​ពលរដ្ឋ​ក្រីក្រ ក៏​មាន​ជន​ឆ្លៀតឱកាស​មួយចំនួន​ព្យាយាម​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ក្រោម​រូបភាព​ដើរ​បោះបង្គោល ព័ទ្ធរបង ដាំ​ដំណាំ​ចេក ដាំដូង ដាំ​ខ្នុរ និង​ដាំ​ដំណាំ​នានា​មួយចំនួន ដើម្បី​បន្លំ​ភ្នែក​មន្ត្រី​ជំនាញ​ទទួលបាន​ដី​ដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិន​អាច​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ជនខិលខូច​ដើរ​រំលោភបំពាន​ដីធ្លី​អនាធិបតេយ្យ​បន្តទៀត​បានទេ​គឺ​ត្រូវតែ​ចាត់​វិធានការ ព្រោះ​បើ​បណ្ដោយ​ទៀត​គឺ​អាច​នឹង​ឈានដល់​មាន​អំពើ​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ផងដែរ​។ បើ​យើង​ទៅ​គ្រាន់តែ​ដក​តែ​បង្គោល​ហ្នឹង​ទេ គឺ​បញ្ហា​នៅតែ​កើតមាន​ឡើង​ដដែលៗ​ឥត​​ឈប់ឈរ​»៕