ស្វាយរៀងៈ អាជ្ញាធរខេត្តស្វាយរៀងបានបញ្ជាឲ្យម្ចាស់ផ្សារប្រសូតិកាយយកអាចដីចេញវិញ បន្ទាប់ពីមានករណីចាក់លុបប្រឡាយរបស់រដ្ឋមួយនៅស្រុកស្វាយទាប ខេត្តស្វាយរៀង និងឲ្យរក្សាទ្រង់ទ្រាយដូចដើមវិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពី ៩ ខែធ្នូ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានឲ្យឈ្មោះ ជា សុខា ម្ចាស់ផ្សារប្រសូតិដែលបានធ្វើផ្សារចាក់ដីរំលោភចូលដីប្រឡាយលុបវិញ។
លោក ហែម ពិសិដ្ឋ បានថ្លែងថាឲ្យតែអភិវឌ្ឍតែងតែមានការប៉ះពាល់ខ្លះហើយ ប៉ុន្ដែចំណុចអវិជ្ជមានទាំងឡាយលោកចង់ឲ្យមានការសហការគ្នាទាំងអាជ្ញាធរដែនដី វិស័យឯកជន និងពលរដ្ឋ។
លោកបានបន្តថា៖ «យើងឃើញបញ្ហាគឺការចាក់ដីធ្វើផ្សាររំលោភយកដីប្រឡាយ... នេះគឺជារឿងមួយទេ នៅសល់រាប់រយរឿងទៀត ដែលយើងត្រូវដោះ។ អ៊ីចឹង ខ្ញុំយល់ឃើញថាសកម្មភាពនេះមានការផុសផុលណាស់ចំពោះការលើកយកពីបញ្ហារំលោភដីបឹង ដីព្រៃ ដីប្រឡាយនេះ»។
លោកថា៖ «ចំពោះបញ្ហាដែលត្រូវដោះស្រាយបន្ទាប់នេះគឺចាំមើលថាដីគាត់មានត្រឹមណាដែលជាកម្មសិទ្ធិរបស់គាត់ដែលគាត់កាន់កាប់ខាងក្រោយនឹងខ្ញុំអត់និយាយផ្ទៃដីតួផ្សារទេ ពីព្រោះតួផ្សារជាដីរដ្ឋទៅហើយ»។
លោក កែវ សុភ័ណ្ឌ អធិការស្រុកស្វាយទាបបានថ្លែងកាលពីម្សិលមិញថា ដីដែលម្ចាស់ផ្សារបានចាក់ដីរំលោភចូលប្រឡាយនោះមានប្រមាណ ២០ ម៉ែត្រការ៉េ ប៉ុន្ដែបន្ទាប់ពីមានការបញ្ជាពីអាជ្ញាធរម្ចាស់ផ្សារកំពុងដាក់គ្រឿងចក្រដើម្បីកាយដីដែលបានចាក់រំលោភនោះចេញវិញ។
លោកបន្ដថា៖ «...ក្រោយពីធ្វើសន្និសីទសារព័ត៌មានលោកអភិបាលរងបានបញ្ជាហើយឲ្យម្ចាស់ផ្សារនោះកាយដីចេញវិញឲ្យអស់...» ។
កាលពីម្សិលមិញលោក ជា សុខា ម្ចាស់ផ្សារប្រសូតិមិនអាចទាក់ទងសុំការបំភ្លឺជុំវិញករណីនេះបានទេ៕