កំពតៈ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង គ្រោងចុះស៊ើបអង្កេតនៅសប្ដាហ៍នេះ បន្ទាប់ពីមានក្រុមហ៊ុន ១ បានផ្សព្វផ្សាយពីការលក់ដីដែលបោះបង្គោលរំលោភយកសមុទ្រ ១ កន្លែងនៅខេត្តកំពត ខណៈអភិបាលខេត្ដនេះក៏បានបញ្ជាឲ្យមន្រ្ដីចុះស្រាវជ្រាវដល់ទីកន្លែងជាក់ស្ដែង។
សមាជិកឧត្តមក្រុមប្រឹក្សារូបនេះបានសម្ដែងការងឿងឆ្ងល់ក្រោយពេលឃើញក្រុមហ៊ុនអចលនទ្រព្យ ១ បានផ្សព្វផ្សាយពីការលក់ដីដែលបានបោះបង្គោលដល់ក្នុងទឹកសមុទ្រឲ្យអតិថិជនដោយបញ្ជាក់ថា មានប្លង់កម្មសិទ្ធិ (ប្លង់រឹង) ផងនោះ។ លោកបានស្នើឱ្យអាជ្ញាធរខេត្ដឆ្លើយបំភ្លឺ បើមិនដូច្នេះក្នុងសប្ដាហ៍នេះនឹងចុះទៅស៊ើបអង្កេតដោយផ្ទាល់។
លោកបានបញ្ជាក់ពីម្សិលមិញថា៖ «រឿងអីបានជាទៅបោះបង្គោលចូលសមុទ្រហើយអាជ្ញាធរមិនដឹងមិនឮ។ កុំបន្ទោសប្រជាជនថាមានការភ្ញាក់ផ្អើល សូម្បីតែខ្ញុំជាមន្រ្ដីរបស់រដ្ឋក៏មានការភ្ញាក់ផ្អើលដែរ ព្រោះសមុទ្រគេទៅបោះបង្គោលចូលអ៊ីចឹងតើគេធ្វើអី? មុននឹងមានគម្រោងអ្វី ១ អាជ្ញាធរត្រូវប្រកាសថា បានគម្រោងវិនិយោគមួយណា»។
លោក សាប៊ុង បានចោទសួរទៅអាជ្ញាធរខេត្ដថា តើការបោះបង្គោលដល់ក្នុងសមុទ្រនេះឈរលើប្លង់កម្មសិទ្ធិប្លង់រឹង ឬប្លង់រាវ?
បើប្លង់រឹងជាប្លង់រឹងត្រឹមលើដីឬលាតសន្ធឹងដល់ក្នុងសមុទ្រ? លោកបញ្ជាក់ថា សមុទ្របឹងបួ ព្រៃភ្នំ ទន្លេ ជាកម្មសិទ្ធិរបស់រដ្ឋ។
លោកបានបញ្ជាក់ថា៖ «នេះជាភាពទុច្ចរិតរបស់ឈ្មួញហើយបើធ្វេសប្រហែសក៏ធ្វេសប្រហែសដោយមន្រ្ដីថ្នាក់ក្រោមជាតិហ្នឹងបន្លំដែរ។ យើងប្រហែលជា៣ថ្ងៃទៀតចប់ថ្ងៃសម្រាក ព្រោះថ្ងៃសម្រាកយើងសុំបែបបទចុះទៅអត់ទាន់ប្រហែលថ្ងៃ ២៤-២៥ នេះ (ខែនេះ) យើងចុះទៅ»។
បើតាមលោក សាប៊ុង រូបភាពបោះបង្គោលចូលសមុទ្រនេះជាការផ្សព្វផ្សាយលក់អចលនទ្រព្យដោយក្រុមហ៊ុនលក់អចលនទ្រព្យមួយឈ្មោះថា Blue Star Kampot Real Estate ដែលក្រុមហ៊ុនបានអះអាងថា មានប្លង់រឹង។
លោកថា៖ «ក្រុមហ៊ុននេះលក្ខណៈក្រុមហ៊ុនអចលនទ្រព្យឯកជនបានផ្សាយលក់អចលនទ្រព្យតាមរូបភាពនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈតែម្ដងដោយអះអាងថាមានប្លង់រឹង ទើបយើងមានការភ្ញាក់ផ្អើលបែបនេះ»។
លោកបានបញ្ជាក់ថា អ្នកវិនិយោគអាចវិនិយោគក្នុងសមុទ្របានលុះត្រាទទួលបានសិទ្ធិ អនុប្បយោគឬសម្បទានពីរដ្ឋស្ថិតក្នុងលក្ខខណ្ឌមួយចំនួន។
ទាក់ទងនឹងករណីនេះ ភ្នំពេញប៉ុស្ដិ៍មិនទាន់អាចសុំការអត្ថាធិប្បាយពី លោក ជាវ តាយ អភិបាលខេត្ដកំពតបាននៅឡើយទេកាលពីម្សិលមិញដោយសារទូរស័ព្ទលោកមិនមានអ្នកទទួល។
ប៉ុន្តែលោកបានប្រាប់បណ្ដាញព័ត៌មាន Fresh News ថា លោកបានបញ្ជាឱ្យមន្ដ្រីចុះស្រាវជ្រាវការបោះបង្គោលចូលសមុទ្រនេះជាបន្ទាន់ ដោយលោកអះអាងថា ករណីនេះលោកបានទទួលព័ត៌មាននិងរូបភាពពីមន្ត្រីបរិស្ថាន ប៉ុន្ដែមិនទាន់ដឹងថា នៅចំណុចទីតាំងណាឱ្យពិតប្រាកដនោះទេ។
លោកអភិបាលខេត្តបានបញ្ជាក់ថា៖ «បើសិនរកឃើញនិងស្រាវជ្រាវទៅពិតជាខុសច្បាប់មែននោះនឹងឲ្យដកបង្គោលនោះចេញជាបន្ទាន់ ពីព្រោះគ្មានបុគ្គលណាមានសិទ្ធិទៅបោះបង្គោលវាតទីនៅក្នុងទឹកសមុទ្រនោះឡើយ»។
យ៉ាងណាក្ដី លោក កែវ សុជាតិ ប្រធានក្រុមហ៊ុន BLUE STAR REAL ESTATECo.,Ltd ដែលបានផ្សព្វផ្សាយពីការលក់អចលនទ្រព្យនិងលក់ដីដែលបានបោះបង្គោលចូលសមុទ្រនេះបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ទីតាំងដីខាងលើមានទំហំជាង ១ ហិកតា ស្ថិតនៅសង្កាត់ត្រើយកោះ ក្រុង-ខេត្ត កំពត តែមិនមែនជារបស់ក្រុមហ៊ុនទេ គឺមានម្ចាស់ផ្សេង។
លោក សុជាតិ បានអះអាងថា ម្ចាស់ដីមានប្លង់ដីត្រឹមត្រូវ ប៉ុន្ដែក្រោយមានផ្ទុះព័ត៌មានរិះគន់លើបណ្ដាញសង្គមហ្វេសប៊ុកច្រើនពេក លោកបានសុំម្ចាស់ផ្អាកការលក់ដីនេះហើយ។
លោកបញ្ជាក់ថា៖ «យើងឈប់ផ្សព្វផ្សាយឱ្យគាត់ (ម្ចាស់ដី) ហើយបានជូនដំណឹងឱ្យគាត់រួចរាល់អស់ហើយ។ ម្ចាស់ដីថាគាត់មានប្លង់ត្រឹមត្រូវ ប៉ុន្ដែឃើញព័ត៌មានផ្សព្វផ្សាយច្រើន អ៊ីចឹងទើបយើងប្រាប់គាត់ឱ្យផ្អាកផ្សព្វផ្សាយលក់សិន»។
បើតាមលោក សុជាតិ ទីតាំងដីខាងលើជាតំបន់ដីភក់សមុទ្រទទួលរងសម្ពាធទឹកជោរ និងនាចនៅពេលទឹកសមុទ្រជោរឡើង មើលទៅឃើញផ្ទៃទឹកសមុទ្រល្វឹងល្វើយ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលតែងតាមឃ្លាំមើលបញ្ហាតាមឆ្នេរសមុទ្របានលើកឡើងថា ការអភិវឌ្ឍតាមខេត្ដជាប់សមុទ្រ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ធ្លាប់បានបញ្ជាក់ច្បាស់ហើយថា កុំឱ្យចូលក្នុងសមុទ្រ ប៉ុន្ដែបច្ចុប្បន្នបែរជាមានសកម្មភាពខ្លះចាក់ដីលុបសមុទ្រនិងការបោះបង្គោលព្រដីចូលក្នុងសមុទ្រជាដើម។
លោកបានបន្ដថា៖ «សកម្មភាពរំលោភដីរបស់រដ្ឋដោយចាក់ដីចូលសមុទ្រថ្មីៗនេះកំពុងកើតឡើងតាមបណ្ដាខេត្ដជាប់សមុទ្រមួយចំនួន ដូចជា កំពត កោះកុង និងព្រះសីហនុ។ ដូច្នេះអាជ្ញាធរខេត្ដគួរតែពង្រឹងច្បាប់ឱ្យមានប្រសិទ្ធភាព និងមើលគម្រោងអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ ពីព្រោះបច្ចុប្បន្ននេះមានការអភិវឌ្ឍចូលសមុទ្រផង មានបុគ្គលទៅចាក់ដីលុបយកសមុទ្រផងក៏មាន»៕