ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា អាចនឹងមិនត្រូវបានពិនិត្យក្នុងការដកបម្រាមពីសកម្មភាពនយោបាយដូចក្នុងចំណោមអតីតមន្ត្រី ១១៨ រូបរបស់អតីតបក្សលោកនោះទេ ព្រោះមេដឹកនាំរូបនេះមានសំណុំរឿងនៅតុលាការ ខណៈមន្ត្រីខ្លះក្នុងចំណោមនោះដែលមិនបានធ្វើនយោបាយបំពានសាលក្រមអាចនឹងទទួលសិទ្ធិធ្វើនយោបាយវិញ បន្ទាប់ពីវិសោធនកម្មលើមាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ដោយថ្លែងប្រហាក់ប្រហែលគ្នាលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោក កឹម សុខា អាចនឹងមិនត្រូវបានពិនិត្យក្នុងការដកបម្រាមហាមឃាត់ចេញពីសកម្មភាពនយោបាយរបស់លោកនោះទេ ដោយសារលោកនៅពាក់ព័ន្ធសំណុំរឿងឯតុលាការ។
លោក ផៃ ស៊ីផាន បានថ្លែងថា៖ «លោក កឹម សុខា នៅមិនទាន់វិនិច្ឆ័យ ហើយត្រូវរង់ចាំការវិនិច្ឆ័យក្តីពីតុលាការ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែងថា៖ «កឹម សុខា លោកកំពុងតែស្ថិតនៅក្នុងនីតិវិធីរបស់តុលាការដំបូងនៅឡើយទេមិនទាន់ជម្រះក្តីនៅឡើយ។ ប្រហែលជាមិនមាននៅក្នុងនោះទេមើលទៅ»។
លោកបន្ថែមថានៅពេលមានការធ្វើវិសោធនកម្មច្បាប់មាត្រា ៤៥ ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយក្រសួងមហាផ្ទៃនឹងពិនិត្យមើលមន្ត្រីទាំង ១១៨ រូបនោះដែលត្រូវបានសាលដីកាតុលាការកំពូលដកសិទ្ធិធ្វើនយោបាយ ហើយថាក្រសួងសង្ឃឹមថាអ្នកដែលបានគោរពតាមបានយ៉ាងត្រឹមត្រូវតាមសាលដីការបស់តុលាការកំពូលនឹងទំនងមានឈ្មោះដើម្បីសុំទៅព្រះមហាក្សត្រ ប្រគល់សិទ្ធិឲ្យធ្វើនយោបាយឡើងវិញ ខណៈដែលមន្ត្រីគណបក្សប្រឆាំងមួយចំនួនដែលបានធ្វើនយោបាយវាយប្រហារ និងប្រមាថរដ្ឋាភិបាលកម្ពុជា និងអ្នកដែលបានធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិអាចនឹងមិនមាននៅក្នុងបញ្ជីស្នើសុំធ្វើនយោបាយឡើងវិញទេ។
លោកបញ្ជាក់ថា៖ «យើងគិតតាំងពីថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៧ រហូតដល់ពេលនេះថាតើគាត់បានធ្វើអីខ្លះ បានចូលរួមបាតុកម្មប៉ុន្មានដង? បានសម្ភាសកាសែតវាយប្រហាររដ្ឋាភិបាលប៉ុន្មានដង បានធ្វើនយោបាយប៉ុន្មានដង ហើយបានចូលរួមធ្វើអ្វីប៉ុន្មានដង? យើងមានបញ្ជីទាំងអស់ហើយបានធ្វើអ្វីខ្លះនៅក្នុងហ្វេសប៊ុក ហើយបានជេរប្រមាថដល់រដ្ឋាភិបាល អីខ្លះយើងមានទាំងអស់ ហើយកាន់តែធ្ងន់នោះគឺអ្នកសុំដាក់ទណ្ឌកម្ម។ យើងមើលដឹងយើងមើលឃើញដូចបាតដៃយើងអ៊ីចឹង យើងឃើញផ្ទាល់ភ្នែក និងឮផ្ទាល់ត្រចៀក»។
លោកបន្ថែមថា៖ «យើងឃើញទាំងអស់គ្នាហើយសកម្មភាពរបស់បុគ្គលទាំង ១១៨ នាក់។ អ្នកដែលបានធ្វើ (បំពានសាលក្រម) ហើយអ្នកដែលអត់បានធ្វើ (បំពានសាលក្រម) យើងដឹងទាំងអស់»។
កាលពីថ្ងៃទី ៥ ខែធ្នូ គណៈកម្មាធិការអចិន្រៃ្តយ៍នៃរដ្ឋសភាបានអនុម័តឲ្យគណៈកម្មការជំនាញ ពិនិត្យ និងសិក្សាសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលអាចនឹងបើកផ្លូវដល់អ្នកនយោបាយដែលជាប់បម្រាមរយៈពេល ៥ ឆ្នាំឱ្យមាននីតិសម្បទាឡើងវិញ ដើម្បីត្រឡប់ចូលឆាកនយោបាយជាថ្មីដែលនេះត្រូវបានគេមើលឃើញថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ស្ថានការណ៍នយោបាយនៅកម្ពុជាធ្វើឲ្យមានការគាំទ្រពីអតីតប្រធានគណបក្សប្រឆាំងលោក កឹម សុខា ដែលកំពុងស្នាក់នៅក្នុងផ្ទះក្រោមការត្រួតពិនិត្យរបស់តុលាការពាក់ព័ន្ធនឹងបទចោទ «ក្បត់ជាតិ»។
ជាមួយគ្នានេះលោក ស ខេង នាយករដ្ឋមន្ត្រីស្តីទីបានប្រាប់អ្នកសារព័ត៌មានពីម្សិលមិញថា ក្រសួងមហាផ្ទៃនឹងពិនិត្យលើការដកបម្រាមលើអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិចំនួន ១១៨ រូបក្រោយពីច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។
លោក ស ខេង បានបញ្ជាក់ថា៖ «ខ្ញុំយល់ថាអ្នកណាដែលបានគោរពសាលក្រមគិតដល់អ្នកគោរពសាលក្រមមុន។ អាទិភាពគឺអ្នកដែលគោរពសាលក្រមមុន»។
ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់លាស់អំពីករណីលោក កឹម សុខា ថាតើត្រូវដកបម្រាមពីសកម្មភាពនយោបាយឬយ៉ាងណានោះទេ នៅពេលអ្នកកាសែតសួរដោយគ្រាន់តែថ្លែងថា៖ «បើយល់ថា អ្នកណាគោរពសាលក្រម យើងយល់បានហើយ»៕