កំពតៈ លំហាត់នាគមាសទ្រង់ទ្រាយធំ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ដែលចាប់ធ្វើនៅថ្ងៃនេះ ត្រូវមន្ត្រីកម្ពុជាពន្យល់ថា គឺធ្វើឡើង «ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ» រវាងកងទ័ពប្រទេសទាំង ២ និងក៏ដើម្បីផ្លាស់ប្តូរបទពិសោធ ដែលមានកងកម្លាំងមកពីប្រទេសទាំង ២ ចូលរួម ជិត ៣ ០០០ នាក់ដោយមានប្រើប្រាស់អាវុធយុទ្ធភណ្ឌទំនើបៗដូចជាកាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ និងអាវុធគាំទ្រពីលើអាកាស។
ការធ្វើលំហាត់នាគមាសទ្រង់ទ្រាយធំលើកនេះធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានផ្អាកការធ្វើសមយុទ្ធយោធា ជាមួយកងទ័ពសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧ ដែលអ្នកវិភាគយល់ថា កម្ពុជាកំពុងបង្កើនការពឹងផ្អែកលើចិនកាន់តែខ្លាំងឡើង និងជាសញ្ញានៃការឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិក។
បើយោងតាមហ្វេសប៊ុករបស់លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដែលបង្ហោះកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ឲ្យដឹងថា លំហាត់នាគមាសលើកទី៣ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនបានបើក «លំហាត់នាគមាស ឆ្នាំ ២០១៩» ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៩ នៅទីលានបាញ់គ្រាប់ពិត សាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
លោកបញ្ជាក់ដូច្នេះថា៖ «លំហាត់ហ្វឹកហ្វឺននាគមាស ឆ្នាំ ២០១៩ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដើម្បីផ្លាស់ប្តូរបទពិសោធធ្វើ លំហាត់រួមគ្នាលើកិច្ចការមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ ការប្រឆាំងភេរវកម្ម ការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិក្នុងមួយឆ្នាំម្តងៗ និងគ្រប់ប្រភេទទ័ពស្របតាមកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិនៃប្រទេសទាំង ២»។
លោកបន្តថា លំហាត់នេះ ក៏ដើម្បីឆ្លុះបញ្ចាំងអំពីគោលជំហររបស់រាជរដ្ឋាភិបាល កម្ពុជាជាពិសេសកងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តនយោបាយ ការពារជាតិរវាងប្រទេសទាំង ២ (កម្ពុជា-ចិន) លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុង ការជួយគ្នាលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ។ លោកបន្តថា លំហាត់នាគមាសលើកនេះ ផ្តោតសំខាន់លើវិញ្ញាសាមួយចំនួនដូចជាការប្រឆាំងភេរវកម្ម ការរំដោះចំណាប់ខ្មាំង ការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការបំពេញភារកិច្ច ក្រោមឆត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។
លោកបញ្ជាក់ថា៖ «លំហាត់ហ្វឹកហ្វឺននេះ មានភាគីកងទ័ពរំដោះប្រជាជនចិនចូលរួមចំនួន ២៥២ នាក់ និងភាគីកម្ពុជា ចូលរួមចំនួន ២ ៥៤២ នាក់ ក្នុងនោះមាន កម្លាំងធ្វើលំហាត់ចំនួន ៣៨២ នាក់ កម្លាំងបម្រើការក្នុងលំហាត់ចំនួន ៤៤៨ នាក់។ អាវុធយុទ្ធភណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា រថពាសដែក រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ ឧទ្ធម្ភាគចក្រ អាវុធគាំទ្រពីលើអាកាសជាដើម»។
លោក មាស នី អ្នកវិភាគនយោបាយបានលើកឡើងថា សមយុទ្ធលំហាត់នាគមាស រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននេះ បង្ហាញកាន់តែច្បាស់ថា ប្រទេសកម្ពុជា បាននិងកំពុងពឹងផ្អែកប្រទេសចិនកាន់តែខ្លាំងឡើង ដើម្បីការពារផលប្រយោជន៍ និងអំណាច ខណៈពេលដែលកម្ពុជាបោះបង់ចោលបស្ចិមប្រទេស ហើយថា ចិនបាននិងកំពុងប្រើប្រាស់កម្ពុជាដើម្បីចំណេញផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។
លោកបន្តថា៖ «សមយុទ្ធលំហាត់នាគមាសនេះវានឹងធ្វើឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងថែមទៀត ពីមហាអំណាចបស្ចិមប្រទេស ហើយថា កម្ពុជាមិនគួររុញប្រទេសឲ្យចូលទៅក្នុងស្ថានភាពសង្គ្រាមត្រជាក់»។
ប៉ុន្តែ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភា ចាត់ទុកការលើកឡើងដែលថា ប្រទេស កម្ពុជា បាននិងកំពុងពឹងពាក់ប្រទេសចិន ហើយបោះបង់ចោលសហរដ្ឋអាមេរិកថា ជាការយល់ច្រឡំ ដោយសារ តែសហរដ្ឋអាមេរិក គឺជាអ្នកដែលបានធ្វើព្រងើយកន្តើយចំពោះប្រទេស កម្ពុជា ជាមុន។
លោកបានបញ្ជាក់ថា៖ «ឥឡូវយើងមានភាពជិតស្និទ្ធ ស៊ីចង្វាក់ និងស៊ីជម្រៅខ្លាំង ជាមួយចិន ហើយតិច ឬច្រើនដែលធ្វើឲ្យគេយល់ច្រឡំ ដោយគេវាយតម្លៃយើងថា ទោទន់ទៅរកប្រទេស ចិន»។
លោកបន្ថែមថា ប្រទេស កម្ពុជា ត្រូវការជំនួយពីប្រទេសចិនទាំងបច្ចេកទេស សម្ភារ បទពិសោធ និងយុទ្ធសាស្ត្រកងទ័ព ដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ខ្លួន ក្នុងការការពារជាតិនិងអធិបតេយ្យភាព ហើយប្រទេស កម្ពុជា មិនអាចរង់ចាំ សហរដ្ឋអាមេរិកបានទេ ដោយសារអាមេរិកបានធ្វើព្រងើយកន្តើយចំពោះកម្ពុជា។
លោកបន្ថែមថា៖ «សមយុទ្ធនឹងជួយផ្លាស់ប្តូរបទពិសោធ ហើយនឹងទទួលបាននូវចំណេះដឹងថ្មីៗយុទ្ធសាស្ត្រថ្មីៗក្នុងវិស័យកងទ័ពហើយធ្វើឲ្យយើងត្រៀមលក្ខណៈសម្រាប់យុទ្ធសស្ត្រការពារជាតិរបស់យើង»។
នៅពេលទាក់ទងកាលពីម្សិលមិញ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបដិសេធធ្វើអត្ថាធិប្បាយទាក់ទងនឹងរឿងលំហាត់នេះ។
ប៉ុន្តែលោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ប្រទេសកម្ពុជាមានសិទ្ធិជ្រើសរើសធ្វើសមយុទ្ធជាមួយប្រទេសណា ដែលចេះយោគយល់គ្នា ចេះធ្វើសម្បទានគ្នាទៅវិញទៅមក ហើយមានផលប្រយោជន៍ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែក៏មិនបោះបង់ប្រទេសណាមួយនោះដែរ គឺកម្ពុជាស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលចង់ធ្វើ សមយុទ្ធជាមួយម្ពុជា។
លោកបញ្ជាក់ថា៖ «ជាមួយប្រទេសចិនកន្លងមកយើងបានធ្វើ ២ ដងរួចមកហើយ។ នេះគឺជាលើកទី៣ ហើយឆ្លងកាត់ តាមការធ្វើសមយុទ្ធ ២ ដងកន្លងមក យើងឃើញថា វាបានជួយបង្កើននូវសមត្ថភាពកម្រិតខ្ពស់ដល់កងយោធពលខេមរភូមិន្ទ ពីការប្រើប្រាស់វិស័យទំនើបផ្នែកអាវុធក៏ដូចជាបច្ចេកទេសក្នុងការការពារនិងប្រយុទ្ធគួរឲ្យកត់សម្គាល់។ ចិន និងកម្ពុជាមានមិត្តភាពដ៏រឹងមាំ ហើយគឺជាទីពឹងពាក់របស់ កម្ពុជាដើម្បីថែរក្សាបូរណភាពទឹកដីរបស់យើង»។
អ្នកវិភាគនយោបាយម្នាក់ទៀតលោក ឡៅ ម៉ុងហៃ ក៏កត់សម្គាល់ដែរថា ប្រទេស ចិន មានប្រយោជន៍យុទ្ធសាស្ត្រជាច្រើន នៅក្នុងប្រទេស កម្ពុជា ហើយកងយោធពលខេមរភូមិន្ទគឺជាអ្នកការពារដ៏សំខាន់ ដែលអាចការពារនូវផលប្រយោជន៍ទាំងនេះរបស់ប្រទេស ចិន។
សមយុទ្ធយោធារវាងប្រទេសចិន និងកម្ពុជា នឹងរឹតតែជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រត្តិបត្តិការរវាងកងយោធពលខេមរភូមិន្ទ (RCAF) និងកងទ័ពរំដោះប្រជាជនចិន (PLA)។
លោកបញ្ជាក់ដូច្នេះថា៖ «ចូរធ្វើការកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការនិងជំនួយរបស់ប្រទេសចិនមកកាន់ក្រសួងការពារជាតិកម្ពុជាគឺមានភាពរឹងមាំជាង និងមានចំនួនច្រើនជាងឆ្ងាយបើប្រៀបធៀបជាមួយនឹងកិច្ចសហប្រតិបត្តិការ និងជំនួយរបស់ប្រទេសចិន ទៅកាន់ក្រសួងមហាផ្ទៃ»។
លោកបន្ថែមថា ប្រទេស កម្ពុជា ត្រូវតែប្រកាន់គោលជំហរប្រឆាំងអាមេរិកជាសាធារណៈមួយ ដើម្បីបញ្ជាក់ជំហរខ្លួនតាមរយៈពាក្យសម្ដី និងទង្វើ ថា ខ្លួនពិតជាមិត្តគួរជាទីទុកចិត្តរបស់ប្រទេសចិន ខណៈដែលភាពជឿទុកចិត្ត គឺជាស្នូលនៃមិត្តភាពចិន-កម្ពុជា ដូចដែលបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ ៣ ទំព័ររបស់លោកប្រធានាធិបតី ស៊ី ជីនភីង នៅក្នុងអំឡុងទស្សន កិច្ចចុងក្រោយបំផុតរបស់លោកនៅកម្ពុជា។
ទន្ទឹមនឹងនេះដែរ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ គណប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិននៅប្រទេស ចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា លោក ហាន វេហ្គូ (HAN WEIGUO) បានសម្តែងសេចក្តីសោមនស្សរីករាយដែលបានទទួលស្វាគមន៍លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ហើយលោកបានចាត់ទុកថា ប្រទេស កម្ពុជា និងប្រទេស ចិន ជាបងប្អូនដែលមានមិត្តភាពជា «ដែកថែប»។
លោក ហាន វេហ្គូ សង្ឃឹមថា ប្រទេសទាំង ២ ចិន-កម្ពុជា នឹងបន្តពង្រឹង ពង្រីក ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត ក្រោមយុទ្ធសាស្រ្តចង្អុលទិសរបស់លោក ប្រធានាធិបតី ស៊ី ជីនភីង និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើយ៉ាងណាដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំង ២។
ជាការឆ្លើយតបលោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហាន វេហ្គូ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។
លោក ហ៊ុន ម៉ាណែតបញ្ជាក់ថា៖ «កិច្ចពិភាក្សានេះគឺជាការរក្សាការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំង ២ កម្ពុជា-ចិន»៕