ភ្នំពេញៈ មន្រ្តី​ជំនាញ​កម្ពុជា​ចំនួន​ ១៥​ នាក់​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ​ទើប​បាន​បញ្ចប់​ការ​ចូល​​រួម​វគ្គ​បណ្ដុះ​បណ្ដា​លខ្លី ​១ នៅ​ទី​ក្រុង​ញូវ​ដែលី ប្រទេស​ឥណ្ឌា ពាក់​ព័ន្ធ​នឹង​ការព្យាបាល​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន ​ដែល​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ត្រូវ​បាន​មន្ត្រី​លើក​ឡើង​ថា ​ជា​ឱកាស​ទទួល​បាន​ចំណេះ​ដឹង​និង​បទ​ពិសោធបន្ថែម​ពី​អ្នក​ជំនាញ​របស់​ឥណ្ឌា។

លោក​ លឹម តុងហួត ​ប្រធាន​នាយក​ដ្ឋាន​នីតិ​កម្ម អប់រំ ​និង​ស្ដារ​នីតិ​សម្បទា​នៃ​អគ្គ​លេខាធិការ​ដ្ឋាន​ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​ ពី​ម្សិល​មិញ​ថា ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី​ការ​បង្ការ ព្យាបាល​និង​ស្ដារ​នីតិ​សម្បទា​ ពី​អ្នក​ជំនាញ​ឥណ្ឌា​នេះ គឺ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ៤ ដល់​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ ២០១៩។

លោក​បានបន្ត​ថា ​វគ្គ​បណ្ដុះ​បណ្ដាល​​ ១ ​សប្ដាហ៍​គឺ​បាន​ជួយ​ឱ្យ​មន្រ្តី​កម្ពុជា​ទាំង​ ១៥ នាក់​ ទទួល​​បាន​ចំណេះ​ដឹង​ទូ​ទៅ​ពី​បញ្ហា​គ្រឿង​ញៀន ប្រភេទ​គ្រឿង​​ញៀន និង​កត្តា​ជំរុញ​ឱ្យ​ប្រើ​ប្រាស់​​គ្រឿងញៀន ​ការ​ចេះ​ប្រើ​ឧបករណ៍​សម្រាប់​វាយ​តម្លៃ​គ្រោះថ្នាក់​គ្រឿង​ញៀន​និង​ការ​អន្តរាគមន៍​ ការ​ផ្ដល់​ប្រឹក្សា​អ្នក​ញៀន​គ្រឿង​ញៀន​ដោយឈរ​លើ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​និង​រក្សា​ការ​សម្ងាត់ ​ការ​គ្រប់​គ្រង​ភាព​ញៀន​គ្រឿង​ញៀន​តាម​រយៈ​ការ​វាយ​តម្លៃ ការ​ព្យាបាល​បែប​ចិត្ត​សាស្រ្ដ ការ​ព្យាបាល​ជំងឺ​រួម​ផ្សំ ការ​ស្ដារ​នីតិ​សម្បទា ការអប់​រំ​ពី​ភាព​ញៀន​គ្រឿងញៀន និង​ការ​ព្យាបាល​ដោះស្រាយ​បញ្ហា​គ្រួសារ។

លោក​ថា៖ «បញ្ហា​គ្រឿង​ញៀ​ន​​គឺ​ជា​បញ្ហា​របស់​យើង​ទាំង​អស់​គ្នា ហើយ​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន ការ​ព្យាបាល​អ្នកញៀនគ្រឿង​ញៀន គឺ​មិន​អាច​ធ្វើ​ឡើង​ដោយ​កម្ពុជា​តែ​ម្នាក់​ឯង​បាន​ ទេ គឺ​ត្រូវ​រួម​សហ​ការ​ពី​បណ្ដា​ប្រទេស​ជា​មិត្តនានា ក៏​ដូច​ជា​ក្នុង​តំបន់​និង​ពិភព​លោក រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​គ្រឿង​ញៀន​។ ប្រទេស​ កម្ពុជា​ តែង​តែ​ទទួល​យក​រាល់​ជំនួយ​របស់​បរទេស ទាក់​ទង​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន ទាំង​ជំនួយ​ផ្នែក​បច្ចេក​ទេស និង​សម្ភារៈ​ផ្សេង​ៗ ដើម្បី​បម្រើ​ដល់​ការ​ប្រឆាំង​គ្រឿង​ញៀន​នៅ​កម្ពុជា។

បើ​តាម​លោក លឹម តុង​ហួត ​សម្រាប់​កម្ពុជា​បច្ចុប្បន្ន​គឺ​ការ​ព្យាបាល​ និង​ស្ដារ​នីតិ​សម្បទា​ សម្រាប់​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​មាន​ចំនួន​ ២ ​ប្រភេទ ​គឺ​ទី១ ​ការ​ព្យាបាល​នៅតាម​មជ្ឈ​មណ្ឌល​​បណ្ដោះ​អាសន្ន​មាន​ចំនួន​ ១៦ ​កន្លែង និង​ទី​២ ​ការព្យាបាល​តាម​សហគមន៍​ ដូចជា​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក មណ្ឌល​សុខ​ភាព​ ​ជា​ដើម ​ដែល​មាន​ចំនួន​ ៤៣០ ​កន្លែង​។

លោក ​តុងហួត បាន​អះ​អាង​ទៀត​ថា​ មន្រ្តី​ខាង​បន្សាប​គ្រឿង​ញៀន តែង​ត្រូវ​បាន​ពង្រឹង​សមត្ថ​ភាព​ និង​ជំនាញ​ខាង​បច្ចេក​​ទេស​ជា​បន្ត​បន្ទាប់។

លោកបន្ថែមថា៖ ​«​ពី ​១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ យើង​បាន​ពង្រឹង​សមត្ថភាព​ដល់​មន្រ្តី​ដែល​បាន​ដាក់​ពង្រាយ​ហ្នឹង ដើម្បី​ឱ្យ​ពួក​គាត់​មាន​ចំណេះ​ដឹង​ និង​បច្ចេក​ទេស​ក្នុង​ការ​ងារ​ព្យាបាល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព»។

របាយ​ការណ៍​ស្ដី​ពី​លទ្ធ​ផលនៃ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ឆ្នាំ​ ២០១៨ ​បង្ហាញ​ថា ​មាន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ចំនួន​ ២១ ២៥៧​ នាក់ ត្រូវ​ព្យាបាល​និង​ស្ដារ​នីតិ​សម្បទា​ឡើង​វិញ តាម​សេវា​សុខា​ភិបាល​និង​មជ្ឈ​មណ្ឌល​​បណ្ដោះ​អាសន្ន​រាជធានី-ខេត្ត។

របាយ​ការណ៍​នេះ​អះ​អាង​ថា ​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា​ការ​ខ្វះ​ខាត​ធន​ធាន​​មនុស្ស ​ថវិកា ​សម្ភារ​ផ្សព្វផ្សាយ និង​អប់រំ​ស្ដី​ពី​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​តាម​សហ​គមន៍ រី​ឯ​ការ​ព្យាបាល​តាម​មន្ទីរ​ពេទ្យ​បង្អែក​និង​មណ្ឌល​សុខ​ភាព​គឺ​មាន​តែ​ ៣៣​% ប៉ុណ្ណោះ​ នៃ​​មន្ទីរ​ពេទ្យ​បង្អែក​និង​មណ្ឌល​សុខ​ភាព​សរុប​ចំនួន​ ១ ៣០៥​ កន្លែង​។ ​

គណៈ​កម្មការ​សម្រប​សម្រួល​ការ​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​​ផ្នែក​សហគមន៍​តាម​ឃុំ-សង្កាត់ ​ក៏​មិន​ទាន់​បង្កើត​ឡើង​បាន​ទូទាំង​ប្រទេស​ដែរ ​ស្រប​ពេល​គណៈ​កម្មការ​បង្កើត​រួច​មិន​ទាន់​ធ្វើ​សកម្មភាព​ផុស​ផុល​នៅ​ឡើយ៕