ភ្នំពេញៈ សាលាដំបូង​រាជ​​​​​​​ធានី​​ភ្នំពេញ​បាន​បញ្ជូន​មន្ត្រី​នគរ​បាល​នៅ​អគ្គនាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម និង​អគ្គនា​យកដ្ឋាន​អន្តោ​ប្រវេសន៍ ៣ នាក់ ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ (ACU)​ កាលពីព្រឹក​ម្សិល​មិញ ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​ ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង ​ជន​ជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារ​ប្រាក់​​តាម​អុីន​ធឺណិត​ចំនួន ១៨ នាក់​។ នេះ​បើ​តាមលោក​ សាយ ណូ​រ៉ា ព្រះរាជ​អាជ្ញារង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​​ទាំង​ ៣ នាក់ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ ACU ​ មាន​ឈ្មោះ សឿ ស៊ីថា មាន​តួនាទី​ជា​អនុ​ប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋា​ន​អត្ត​​សញ្ញាណ​កម្ម ឈ្មោះ រ័ត្ន​ ពិន មន្ត្រី​ការិយាល័យ​អត្ត​សញ្ញាណ​ប័ណ្ណ​​សញ្ជាតិ​ខ្មែរនៃ​អគ្គនាយក​​ដ្ឋា​នអត្តសញ្ញាណ​កម្ម និង ឈ្មោះ វណ្ណ សុភាព មន្ត្រី​ការិ​​យាល័យ​អនុវត្តន៍​នីតិ​វិធី នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​។ មន្ដ្រីនគរបាល​ទាំង ៣ នាក់​​នេះ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី ១៨ ខែ ​កក្កដា​ ឆ្នាំ ២០១៩ នៅ​ខេត្ត​កំពង់​ស្ពឺ នៅ​ពេលដែល​ពួកគេ​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​មានការ​​ដោះលែង​ជនជាតិ​ចិន ១៨ នាក់ ដែល​ប្រព្រឹត្ត​បទ​ល្មើ​ស​ជំរិត​ទារប្រាក់​​តាម​អ៊ីនធឺណិត។

លោក សាយ ណូ​រ៉ា បាន​ថ្លែង​កាលពីម្សិល​មិញ​ថា ​មន្ត្រី​តុលា​ការ បាន​បញ្ជូន​ជន​សង្ស័​​​យ​ទាំង ៣ ​នាក់​ ទៅកាន់ ACU ​ដើ​ម្បី​​ធ្វើតាម​នីតិវិធី​ ដោយ​សារតែករណីនេះ​ គឺជា​ករណី​បទ​ល្មើ​ស​ពិសេស​ដែល​ពាក់ព័ន្ធ​នឹង​មន្ត្រី​​​នគរបាល​យុត្តិធម៌។

លោក​ថា៖ «​ទាក់ទង​នឹង​ការ​សូក​ប៉ាន់ ​​និង​បន្ទាប់ពី​ខ្ញុំ​ពិនិត្យ​ និង​សួរចម្លើយរួចរាល់​យើងបាន​បញ្ជូន​ទៅខាង ACU ដើម្បី​ពិនិត្យ​អំពី​បទល្មើស​ពិសេស​​​ហ្នឹង​បញ្ជូ​ន​​ទាំង​សំណុំរឿងនឹង​ឯកសារ ហើយ​ស្អែក​ ឬ​ខានស្អែក​គាត់​បញ្ជូន​មក (តុលាការ) វិញ»។

ឆាយ គឹម​ខឿន អ្នក​​​នាំ​ពាក្យនៃអគ្គស្នងការ​នគរបាល​ជាតិ ​បាន​ថ្លែងថា៖ «យើង​បាន​បញ្ជូន (ជន​សង្ស័យ) ទៅ​តុលា​​ការហើយហើយ​​ឮថា​ តុលា​​​ការ​គេ​បាន​បញ្ជូនទៅ​ឲ្យ​ ACU ទៀត​ដោយសារ​តែ​ពាក់ព័ន្ធ​នឹង អំពើ​ពុក​រលួយ»។

លោក​បាន​​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃទី ១៧ ខែ ​កក្កដា​ ឆ្នាំ ២០១៩ ស្នង​ការ​ដ្ឋា​ន​​នគរបាលខេត្តកំពង់ស្ពឺ​បាន​ប្រតិបត្តិការឃាត់ខ្លួន​បាន​ជន​​ជាតិ​ចិន​ចំនួន ១៨ នាក់​ ដែល​បា​ន​ពួន​សម្ងំ​​លាក់ខ្លួន​ធ្វើ​សកម្ម​​​​​​ភា​ព​ក្នុងភូមិ​សាស្ត្រ​ភូមិ​ចា​ ឃុំ​ស្វាយ ច​ចឹប ស្រុក​បសេ​ដ្ឋ ​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារ​ប្រាក់​តាម​អុីន​ធឺណិត (VOIP)។

លោក​​បន្តថា មន្ត្រី​នគរ​បាល​ទាំង​ ៣ នាក់​នេះ ​បាន​យក​ប្រាក់​​ចំនួន ៤ ​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​សូកប៉ាន់មន្ត្រី​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ ដើម្បី​ដោះ​​លែង​ជន​ជាតិ​ចិន​ទាំង​ ១៨​ នាក់។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ ​ថ្លែង​កាលពី​ម្សិល​មិញ​ថា បន្ទាប់ពី​​បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន ១៨ នាក់​ហើយ មន្ដ្រី​នគរបាល ៣ នាក់ បាន​ធ្វើ​អន្តរា​គមន៍​ឲ្យ​មាន​ការ​ដោះ​​​លែ​ង​​ជនជាតិ​ចិនដែល​ប្រព្រឹត្ត​បទល្មើស​​ទាំង​នោះ។

លោក​​បញ្ជា​ក់​​ថា៖ «គេ​គិតថា មន្ត្រី​យើង​ពុក​រលួយដែល​គេ​ស្មាន គេ​បាន​យក​លុយ​មក​ដោះលែង ហើយ​យើង​ប្រាប់ថា ដោះ​បានតែ ៨ នា​ក់​ទេ ៤ ម៉ឺន​ដុល្លារ​នោះហើយ​គេ​ថា​ ៨ នាក់​ក៏​យក​ដែរ។ គេ​និយា​យ​ថា ប្រសិនបើ​យើង​ឲ្យ ១២ នា​ក់ គេ​នឹង​ប្រគល់​ឲ្យ​យើង ១៥ ម៉ឺន​ យើង​ចាប់បាន​ទាំង​មនុស្ស ៣ នាក់ និង​លុយ ៤ ម៉ឺន»៕