ភ្នំពេញ: មន្ត្រីក្រសួងព័ត៌មានចំនួន ៦៧ រូបត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាថ្មីរបស់ក្រសួង ខណៈលោក សុខ ចាន់ភក្ដី ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មានដើម្បីជួយដល់ការងារ និងអភិវឌ្ឍក្រសួងនេះ ជាអ្វីដែលអ្នកនាំពាក្យក្រសួងរំពឹងថា ទីប្រឹក្សាថ្មីនឹងជួយការងារបន្ថែមទៀត។
តាមព្រះរាជក្រឹត្យត្រាស់បង្គាប់របស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី ១៥ ខែ មិថុនា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញឲ្យដឹងថា៖ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោក សុខ ចាន់ភក្ដី ជាអនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន។ ក្នុងនោះ តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាក្រសួងព័ត៌មានចំនួន ៦៧ រូបផ្សេងទៀត។
ព្រះរាជក្រឹត្យបញ្ជាក់ថា៖ «ទីប្រឹក្សាដែលមានឋានៈស្មើ អនុរដ្ឋលេខាធិការចំនួន ២៥ រូប និងឋានៈស្មើនឹងអគ្គនាយកចំនួន ៤២ រូប»។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងកាលពីម្សិលមិញថា វិស័យព័ត៌មាននៅកម្ពុជាកំពុងត្រូវការធនធានមនុស្សច្រើនហើយកម្ពុជាក៏មិនសូវមានសាលាសម្រាប់បណ្ដុះបណ្ដាលមនុស្សជំនាន់ក្រោយដែរ។ ដូច្នេះ រដ្ឋាភិបាលតែងតែនឹកឃើញមន្ត្រីមានស្នាដៃ និងបុគ្គលមានបទពិសោធ និងជំនាញផ្នែកវិស័យនេះ ដើម្បីមកជួយជំរុញការងារក្រសួងបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ពួកគាត់សុទ្ធតែមានជំនាញផ្សេងៗគ្នា ហើយយើងដឹងស្រាប់ហើយ វិស័យព័ត៌មាន មានការស្មុគស្មាញយើងយកគាត់មកនេះ ប្រើគាត់តាមជំនាញគឺអ្នកខ្លះជំនាញខាងសិល្បៈខាងកីឡា ខាងសង្គមឬជំនាញជាច្រើនទៀត។ ចំណែកអ្នកធ្លាប់បង្រៀន ឲ្យគាត់ជួយបណ្ដុះបណ្ដាលមន្ត្រីក្មេងៗជំនាន់ក្រោយក្រសួង ឬនៅតាមសាលារៀននានានិយាយរួម គឺគាត់ជួយការងារក្រសួងព័ត៌មាន»។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន និងជាបេក្ខជនដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ជាទីប្រឹក្សា មានឋានៈស្មើអនុរដ្ឋលេធិការនៃក្រសួងព័ត៌មាន កាលពីម្សិលមិញ មិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញរឿងនេះបានទេ។
ក៏ប៉ុន្ដែលោកបានសរសេរនៅលើបណ្ដាញហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី ២២ មិថុនា ថា លោកបានតស៊ូនៅលើសមរភូមិចិត្តសាស្ត្រ ក្នុងនាមជាយុទ្ធជន និងមេបញ្ជាការផង អស់រយៈពេលជិត ៣០ ឆ្នាំមកហើយ។ លោកពិតជារំភើបរីករាយដែលត្រូវបានអង្គព្រះមហាក្សត្រទ្រង់បានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន ដែលមានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ ហើយនេះពិតជារង្វាន់គួរជាទីពេញចិត្តបំផុត។
លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តល់កិត្តិយសដ៏មហាធំធេងនេះ។ ខ្ញុំសូមសន្យាថា នឹងបំពេញភារកិច្ចទៅតាមតួនាទីឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីលើកស្ទួយវិស័យសារព័ត៌មាននៅកម្ពុជាឲ្យកាន់តែជឿនលឿនថែមទៀត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សហការីអ្នកសារព័ត៌មាន ក៏ដូចជានិស្សិតផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យដែលបានផ្ញើសារជូនពរខ្ញុំយ៉ាងកក់ក្តៅបំផុត»។
យ៉ាងណាក្ដី លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានថ្លែងថា លោកមិនចាប់អារម្មណ៍នឹងមុខតំណែងតួនាទីដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះទេ ប៉ុន្ដែលោកចង់ឃើញសិទ្ធិទទួលព័ត៌មាន ត្រូវបានគោរពពេញលេញនិងបើកឲ្យបណ្ដាញព័ត៌មានឯករាជ្យដំណើរការដោយស្របច្បាប់។
លោកបានបញ្ជាក់ថា៖ «បញ្ហាការចំណាយថវិកាជាតិជារឿងមួយ ប៉ុន្ដែបើមានទីប្រឹក្សាស្អេកស្កះ ហើយសេរីភាពសារព័ត៌មាននៅស្រុកខ្មែរមានការប្រឈមដូចសព្វថ្ងៃ ឬត្រូវបានរឹតបន្ដឹង ក៏វាគ្មានន័យឬជួយរួមចំណែកលើកមុខមាត់វិស័យសារព័ត៌មានអ្វីដែរ។ យើងបានដឹងហើយថា ការចំណាយសាធារណៈមិនចំគោលដៅក៏មានច្រើនដែរ»៕