ភ្នំពេញៈ​ ក្រុម​ជំនាញ​នៃមជ្ឈម​ណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​ជីក​ប៉ះ​ជណ្តើរ​បុរាណ​ [ជណ្តើរ​ចុះទៅ​រក​ទឹក​ទន្លេ] ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង៣០ម៉ែត្រពី​ទីតាំង​ដែល​បាន​ជីក​ប៉ះ​តោ​ថ្ម​បុរាណ​កន្លង​មក​នៅក្នុងការដ្ឋាន​សាង​សង់​អាង​ស្តុក​ទឹក​ក្រោម​ដី​របស់ ​JICA​ មុខ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​រាជធា​នី​ភ្នំពេញ​​។

លោក ​ហេង ​រតនា ​អគ្គ​នាយក​ CMAC ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពីថ្ងៃ ១៤ មីនាថា​ ក្រុម​ជំនាញ CMAC ដែល​កំពុង​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​រំដោះ​ទឹក​របស់​រាជ​ធានី​ភ្នំពេញ​ដែលជា​ជំនួយ​របស់​អង្គការ (JICA) របស់ជប៉ុន បាន​ជីក​ប៉ះ​ជណ្តើរ​បុរាណ​កាលពី​ថ្ងៃទី​ ១១​ ខែមី​នា ​ដែលមាន​ចម្ងាយ​ប្រមាណ​ជាង ​៣០​ ម៉ែត្រ ​ពី​ទីតាំង​ដែល​បាន​រកឃើញ​តោ​ថ្ម​បុរាណ​កន្លងមក។

លោក​ថ្លែងថា៖ «ជណ្តើ​រនោះ​មាន​ប្រវែង​ ៥​ ម៉ែត្រ ​ទទឹង​ជាង ​៣ ​ម៉ែត្រ​ ស្ថិតក្នុង​ចម្ងាយ​ប្រមាណ ៣០ ម៉ែត្រ​ពី​កន្លែង​ដែល​យើង​រកឃើញ​តោ​ថ្ម​បុរាណ​ពីលើក​មុនតែ​វា​ចុះមក​ក្រោម​ទៅរក​មាត់ទន្លេ​វិញ ហើយ​ជម្រៅ​ដែល​យើង​ជីក​ប៉ះ​ហ្នឹង​ប្រមាណ​ជិត ៤ ម៉ែត្រ»។

លោក​ ហាប់​ ទូច អគ្គនាយក​បច្ចេក​ទេស​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ដែរថា ជ​ណ្តើ​របុរាណ​ដែល​ទើប​ប្រទះឃើញ​នេះអាច​ស្ថិតនៅក្នុង​ជំនាន់​ជាមួយ​រូបចម្លាក់​តោ​ថ្ម​បុរាណ​ដែល​ប្រទះ​ឃើញ​កន្លងមក។

លោក​បាន​បញ្ជា​ក់​ថា​៖ «ខ្ញុំ​គិតថា ជណ្តើ​រហើយ​និង​រូបចម្លាក់​តោ​ថ្ម​ដែល​រកឃើញ​នៅ​ទីនោះ ប្រហែលជា​នៅ​ជំនាន់​ជាមួយគ្នា ក៏ប៉ុន្តែ​ប្រសិន​បើច​ង់​ច្បាស់​អាច​សួ​ទៅ​ខាង​មន្ទីរ​វប្បធម៌​រាជធានី​ភ្នំពេញ ព្រោះ​គេ​ធ្វើ​កិច្ច​ការ​ងារ​ហ្នឹង»។

លោក ជុំ វុ​ឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ រាជធានី​ភ្នំពេញ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពីថ្ងៃ ១៤ មីនា​ថា មន្ត្រី​ជំនាញ​មន្ទីរ​វប្បធម៌​ និង​នាយ​កដ្ឋា​ន​សារមន្ទីរ​ជាតិ​បាន​ចុះទៅ​ពិនិត្យមើល​ជណ្តើ​រនោះ​រួចរាល់​ហើយ ប៉ុន្តែមិនទាន់​អាច​ដឹង​ច្បាស់​ពី​អាយុកាល​ថាវា​នៅក្នុង​ជំនាន់​ណា​ឱ្យ​ប្រាកដ​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «ការសង់​ជណ្តើ​រហ្នឹង​ជំនាន់​នោះ​យើង​ពិនិត្យឃើញថា ធ្វើ​ពី​បេតុង​អា​មេ ឃើញ​មាន​សរសៃដែក​រលោង និង​ក្រួស​អាចម៍ផ្កាយ តែបើ​ឲ្យ​កំណត់ថា អាយុកាល​ប៉ុនណាអត់​ដឹង​ច្បាស់​ទេ។​ជណ្តើ​រហ្នឹង​ឃើញតែ​មួយ​កំណាត់​ខាងក្រោម ដែល​ធម្មតា​ជណ្តើ​រចុះ​ទន្លេ​អ៊ីចឹង​វា​មាន​ចាប់ពី​ច្រាំង​ទន្លេ​មកអ៊ីចឹង​ជា​ដំណោះស្រាយ​យើង​ទុក​នៅ​កន្លែង​ហ្នឹង​ដដែល​ព្រោះ​យើង​យក​ចេញ​អត់​រួច​ទេ វា​មាន​ទទឹង​រហូត​ដល់​ ៣​ ម៉ែត្រ​ជាង»។

បើតាម​លោក ​វុ​ឌ្ឍី មន្ត្រី​ជំនាញ​របស់​មន្ទីរ​វប្បធម៌​បានចុច GPS ចំណាំ​ទីកន្លែង​រួចរាល់​ដើម្បី​អាចសិក្សា​ស្រាវជ្រាវ​នៅ​ពេល​ក្រោយ​ទៀត។ «ដោយ​សារ​ការដ្ឋាន​រប​ស់ JICA អ៊ីចឹង​គាត់​នឹង​លុប​ដី​ពីលើ​វិញ​សិន ហើយ​ថ្ងៃ​ណា​មួយពេល​សមរម្យ ខាង​ក្រសួង​ចាត់​ចែង​យ៉ាង​ម៉េច​យើង​នឹង​អនុវត្ត​តាម​នោះ​​ មានន័​យថា​ យើង​ត្រូវធ្វើ​កំណាយ ឬមួយ​​យ៉ាង​ម៉េច​អាហ្នឹង​រង់​ចាំ​ថ្នាក់​លើ​គាត់​សម្រេច»។

លោក វុ​ឌ្ឍី​ បញ្ជាក់​ថា ជណ្តើរ​ដែល​ទើប​ប្រទះ​ឃើញ​ដោយ​មន្ត្រី​ជំនាញ​ CMAC នេះ ​អា​ចមាន​ទំនាក់​ទំនង​ជា​មួយ​តោ​ថ្ម​បុរាណ ដែល​មន្ត្រី CMAC ​ធ្លាប់ជីក​ប៉ះ​ក្នុងពេល​កន្លង​ម​កក្នុង​ពេល​ជីក​កាយ​ដី ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍន៍អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាង​សង់​ស្ថានី​យ​បូមទឹក​ទី៦ ​របស់​រាជធានី​ភ្នំពេញ​នៅ​ជាប់​ទន្លេសាប​ខាងមុខ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

លោក វុ​ឌ្ឈី បានបន្ថែមថា៖ «តោថ្មបុរាណ​វា​នៅ​ខាង​លើ​ឯណេះ​យើង​អត់​បានដឹង​រូបរាង​ទាំងអស់​ហ្នឹង​ថា​ពីលើ​មកក្រោម​វា​មាន​ថាស​ជណ្តើ​ហ្នឹង​ប៉ុន្មាន​ថ្នាក់​យើង​អត់​ដឹង​ដែរ ព្រោះ​អត់​មាន​ឯកសារ​ណាមួយ​ច្បាស់​លាស់​ក្នុង​រឿង​ហ្នឹង។ ចំណែក​តោ​ថ្ម មាន​រចនា​ប័ទ្ម​បាខែ​ងប្រហែល​ជា​គេ​ដឹកជញ្ជូន​ពី​ប្រាសាទ​ភ្នំ​បាខែ​ងមក​ក៏​មិន​ដឹង»៕