ភ្នំពេញៈ ខណៈពេលចុះទៅពិនិត្យទីតាំងថ្មីកាលពីម្សិលមិញដើម្បីលើកអង់តែនទូរទស្សន៍ព្រះអាទិត្យ (SUN TV) ជំនួសទីតាំងចាស់ដែលមានភាពចម្រូងចម្រាសតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង និង យ៉ែម បុញ្ញឫទ្ធិ បានព្រលយពាក្យថាដំណើរការទូរទស្សន៍នេះប្រពឹត្តទៅបានអាស្រ័យលើអាជ្ញាធរដែនដីអនុញ្ញាត ឬមិនអនុញ្ញាតបើទោះជាក្រសួងព័ត៌មានផ្តល់អាជ្ញាប័ណ្ណក្តី។
លោក អេង ឆៃអ៊ាង ប្រាប់ភ្នំពេញប៉ុស្តិ៍ថារូបលោកហើយ និងក្រុមការងារបានចុះទៅពិនិត្យទីតាំងថ្មីតែលោកមិនទាន់បង្ហើបថានៅកន្លែងណាទេដោយអះអាងថារង់ចាំមានការឯកភាពគ្នាពីសមាជិកបក្សសិន។
ទោះយ៉ាងណា លោកបារម្ភថា នៅពេលបក្សសង្គ្រោះជាតិឯកភាពយកទីតាំងនោះហើយតែអាជ្ញាធរដែនដីមិនអនុញ្ញាត។
លោកថា៖ «យើងមិនទាន់អាចសន្និដ្ឋានថាទូរទស្សន៍ព្រះអាទិត្យនឹងចេញមុនឆ្នាំ ២០១៧ បានទេព្រោះយើងគ្រាន់តែទៅមើលដីសិនត្រូវការពេលវេលាហើយត្រូវការអនុញ្ញាតទៀតបើសិនជាអ្វីៗជាការសម្រេចរបស់យើងខ្ញុំអាចនិយាយថាបាននៅពេលណាប៉ុន្តែកិច្ចការមួយចំនួនធំគឺយើងមិនមែនជាអ្នកសម្រេចតែអាជ្ញាធរជាអ្នកសម្រេច»។
លោកថា៖ «ព្រោះការដំណើរអង់តែនបានត្រូវមានការអនុញ្ញាតតែបើអាជ្ញាធរគេថាអ៊ីចេះថាអ៊ីចុះអូសបន្លាយពេលវេលាអ៊ីចឹងយើងមិនដឹងថាពេលណាទើបបានទេនិយាយឲ្យខ្លីទៅទូរទស្សន៍ព្រះអាទិត្យរបស់គណបក្សសង្គ្រោះជាតិចេញផ្សាយបានពេលណានោះគឺអាស្រ័យទៅលើអាជ្ញាធរមានសមត្ថកិច្ចទេព្រោះសំណុំរឿងសំខាន់គឺការអនុញ្ញាតលើកអង់តែន»។
តែ លោកបញ្ជាក់ថាទីតាំងថ្មីនឹងមានទំហំដីធំជាងទីតាំងចាស់។
លោក អេង ឆៃអ៊ាង បន្ថែមថាមូលហេតុដែលអាជ្ញាធរខេត្តកណ្តាលមិនអនុញ្ញាតឱ្យលើកអង់តែនទូរទស្សន៍ទុកឱ្យអ្នកវិភាគជាអ្នកយល់ឃើញតែចំពោះលោកគិតថាការសម្រេចនោះដើម្បីប្រយោជន៍បក្ខពួក។
លោកថា៖ «យើងខិតខំប្រឹងប្រែងតស៊ូមកដល់ថ្ងៃនេះយើងចង់ឱ្យមានការផ្លាស់ប្តូរពីរបបធ្វើការងាររបស់អ្នកមានអំណាចដែលតែងតែធ្វើសេចក្តីសម្រេចមិនយោងទៅលើទិដ្ឋភាពជាក់ស្តែងយោងដើម្បីផលប្រយោជន៍ក្រុមផលប្រយោជន៍បក្ខពួក»។
ទោះយ៉ាងណាអភិបាលក្រុងតាខ្មៅលោក ហេង ធាម ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាការមិនអនុញ្ញាតឱ្យលើកអង់តែនទូរទស្សន៍ ដោយសារមានការតវ៉ាពីពលរដ្ឋនៅក្បែរនោះមិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ។
លោកថា៖ «ទីមួយមានការតវ៉ាពីប្រជាជន ២១ គ្រួសារទី ២ ស ជ ណ របស់ខេត្តបានជម្រាបជូនថា នៅពេលដែលមានការតវ៉ាមិនអាចដំណើរការបានទេព្រោះរដ្ឋបាលថ្នាក់ក្រោមជាតិគោរពគោលការណ៍របស់រាជរដ្ឋាភិបាលព្រោះពលរដ្ឋនៅទីនោះមានការភ័យពីវិទ្យុសកម្ម»។
តែនៅពេលសួរថា មានស្ថានីយទូរទស្សន៍មួយចំនួនស្ថិតនៅភ្នំពេញអ៊ីចឹងនឹងមានការប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្បែរទេ? លោកបានឆ្លើយថា៖ «ទីក្រុងភ្នំពេញជារឿងរបស់ភ្នំពេញ រឿងក្រុងតាខ្មៅជារឿងរបស់យើង»៕