ភ្នំពេញៈ មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​បដិសេធ​របាយការណ៍​មួយ​របស់​វិទ្យាស្ថាន​អន្តរជាតិ​នៅ​ប្រទេស​អូស្ត្រាលី​ បន្ទាប់ពី​វិទ្យាស្ថាន​នេះ​បង្ហាញ​ពី​សន្ទស្សន៍​សន្តិភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​គំហុក ក្រោយ​​រំលាយ​អតីត​គណបក្ស​ប្រឆាំង​ដោយ​ចាត់ទុក​របាយការណ៍​នេះ​ថា​មិន​ជាក់ស្តែង និង​ភ្លីភ្លើ​។

កាលពី​ថ្ងៃ​ទី​ ៦ ខែ​មិថុនា​ឆ្នាំ​នេះ​វិទ្យាស្ថាន​មួយ​ឈ្មោះ The institute for economic and peace (IEP) ​នៅ​អូស្ដ្រាលី​​បាន​ចេញ​របាយការណ៍​កម្រាស់​ ១០០ ​ទំព័រ​ដែល​ជា​លទ្ធផល​ក្រោយ​សិក្សា​លើ​ប្រទេស​ចំនួន​ ១៦៣ ​ក្នុង​ពិភពលោក​ទាក់ទង​នឹង​សន្តិភាព​ហើយ​បាន​បង្ហាញ​ចំណាត់ថ្នាក់​សន្តិភាព​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង បន្ទាប់​រដ្ឋាភិបាល​កម្ពុជា​បាន​គាបសង្កត់​ទៅ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​ហើយ​ត្រូវ​តុលាការ​កំពូល​រំលាយចោល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ចូល​មក​ដល់​។

របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា​នៅ​ឆ្នាំ​ ២០១៨ នេះ សន្ទស្សន៍​សន្តិភាព​របស់​កម្ពុជា​ធ្លាក់​ចុះ​រហូត​ដល់​ចំណាត់​ថ្នាក់​លេខ​ ៩៦ ពោល​គឺ​មាន​ការ​ធ្លាក់​ចុះ​ ៥ ​លេខ​ដែល​កាលពី​ឆ្នាំ​មុន​កម្ពុជា​ជាប់​លំដាប់​ថ្នាក់​ ៨៩ ​។

របាយការណ៍​នេះ​បាន​បញ្ជាក់​​ថា​ «​មូលហេតុ​មកពី​ការប៉ុនប៉ង​របស់​លោក​នាយក​រដ្ឋមន្ត្រី​បាន​គាបសង្កត់​ទៅ​លើ​គណបក្ស​​ប្រឆាំង​នៅ​មុន​ការបោះឆ្នោត​ឆ្នាំ​នេះ​»​។

ទោះ​យ៉ាង​ណា​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​​ សុខ ឥសាន កាលពី​ថ្ងៃ​សុក្រ​បាន​ច្រានចោល​របាយការណ៍​នេះ​ដោយ​បាន​អះអាង​តាម​ប្រព័ន្ធ​ Telegram ​ថា​ជា​ទស្សនៈ​​ភ្លីភ្លើ​ដែល​មនុស្ស​មួយ​ក្រុម​បាន​វាយតម្លៃ​ថា​សន្តិភាព​ធ្លាក់​ចុះ​។

លោក​ថា​វា​មិន​អាស្រ័យ​ទៅ​លើ​ការវាយ​តម្លៃ​ខាង​ក្រៅ​នោះ​ទេ​វា​អាស្រ័យ​ភាពជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ និង​ជនបរទេស វិនិយោគិន ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​កំពុង​រស់នៅ និង​ធ្វើ​សកម្មភាព​ដោយ​កក់ក្តៅ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ និង​បណ្តាជន​បរទេស​អ្នក​វិនិយោគិន ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​កំពុង​រស់នៅ​ និង​ធ្វើ​សកម្មភាព​ដោយ​កក់ក្តៅ​មិន​ភ័យ​ខ្លាច​មិន​ព្រួយបារម្ភ​ពី​សង្គ្រាម​ពី​ការផ្ទុះ​គ្រាប់បែក​ពី​ការវាយប្រហារ​​ភេរវកម្ម​..»​។

លោក​បាន​បន្ថែម​ថា​៖ «​ដូច​ប្រទេស​សិង្ហបុរី​ដែល​ចាត់​វិធានការ​ពង្រឹង​សន្តិសុខ​សម្រាប់​ជំនួប​​ ត្រាំអ៊ុន នា​ពេល​ខាង​មុខ​ម៉េច​មិន​ថា សន្តិភាព​ធ្លាក់​ចុះ​ផង ហេតុ​ម៉េច​មើល​ឃើញ​តែ​កម្ពុជា​ម្ល៉េះ​? ​បើ​ប្រៀបធៀប​ជាមួយ​​ប្រទេស​លើ​ពិភពលោក កម្ពុជា​មាន​សន្តិភាព​សន្តិសុខ​ជាង​​គេ​ផង​»​។

ទោះ​យ៉ាង​នេះ​ក្តី​លោក ជាម ចន្នី អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​របាយការណ៍​នេះ​អាច​ជឿជាក់​បាន​ដោយសារ​គេ​វាយតម្លៃ​តាម​​ស្តង់ដារ​អន្តរជាតិ​ និង​ផ្អែក​ទៅ​លើ​បញ្ហា​សង្គម​ការរំលោភ​សិទ្ធិ​មនុស្ស និង​កត្តា​អនុវត្ត​ច្បាប់​។

លោក​បាន​បញ្ជាក់​ថា​៖ «​ចំណាត់ថ្នាក់​នេះ​មាន​លេខ​ប៉ុណ្ណេះ​​នៅ​គួរសម ហើយ​តាម​តែ​សកម្មភាព​របស់​គាត់​នោះ​គឺ​វា​ធ្ងន់​ជាង​នេះ​ទៅ​ទៀត ដូច​យើង​ឃើញ​ទាំងអស់​គ្នា​ហើយ​ការ​បំបិទ​សិទ្ធិ និង​សេរីភាព​ទាំង​សារព័ត៌មាន​ក្តី​ទាំង​វិទ្យុ​ក្ដី រហូត​ឈាន​ទៅ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​ប្រទេស​កម្ពុជា​ដូច្នេះ​ចំណាត់ថ្នាក់​ដែល​គេ​ផ្តល់​ឱ្យ​គឺ​ត្រឹមត្រូវ​ហើយ​»​។

លោក​បាន​បន្ថែម​ថា​រាល់​លើក​អ្នកដឹកនាំ​រដ្ឋាភិបាល​មិន​ដែល​ទទួល​ស្គាល់​ទេ​របាយការណ៍​ទាំង​នោះ​ហើយ​វា​នឹង​ធ្វើ​ឱ្យ​ពិបាក​កែទម្រង់ និង​ធ្វើ​ឱ្យ​ប្រទេស​ឯកោ​ពេល​អន្តរជាតិ​មិន​ទទួល​ស្គាល់​។

លោក​ថា​៖ «​បើ​យើង​នៅ​ចង់​ឱ្យ​មាន​សេដ្ឋកិច្ច និង​ទិដ្ឋភាព​នយោបាយ​ល្អ និង​មាន​ការ​អភិវឌ្ឍ យើង​គួរ​តែ​ពិចារណា​ឡើង​វិញ ហើយ​យើង​មិន​ត្រូវ​ធ្វើ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​»​។

ស្រដៀង​គ្នា​នេះ​ដែរ​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Naresuan University ក្នុង​ប្រទេស​ថៃ​លោក Paul Chambers បាន​ថ្លែង​ថា​ប្រទេស​កម្ពុជា​សម​នឹង​ទទួល​បាន​ចំណាត់ថ្នាក់​សន្ទស្សន៍​សន្តិភាព​​ពិភពលោក​ (GlobalPeace Index ) ​ធ្លាក់​ចុះ​ច្រើន​ជាង​នេះ ពីព្រោះ​គណបក្ស​កាន់​អំណាច​បាន​បំបាត់​បក្ស​ប្រឆាំង​ដ៏គួរ​ឲ្យ​ទុកចិត្ត​ចោល ដើម្បី​ធ្វើ​ឱ្យ​ធានា​បាន​ថា​ខ្លួន​អាច​គ្រប​ដណ្តប់​ទៅ​​លើ​ដំណើរការ​បោះឆ្នោត​នៅ​​ឆ្នាំ​ ២០១៨ នេះ​។

លោក​ថា​៖ «...​ការបោះឆ្នោត​បាន​ក្លាយ​ជា​នយោបាយ​រៀបចំ​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​ដោយ​លាក់បាំង​នៅ​ពី​ក្រោយ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​»​។

បើ​តាម​របាយការណ៍​ដដែល​សន្ទស្សន៍​សន្តិភាព​កម្ពុជា អាក្រក់​ជាង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ដូចជា ប្រទេស​វៀតណាម ទីម័រ​ខាង​កើត ឥណ្ឌូនេស៊ី តៃវ៉ាន់ ម៉ុងហ្គោលី សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី និង​ឡាវ ប៉ុន្តែ​យ៉ាងណា​ក្ដី​កម្ពុជា​នៅ​មាន​សន្ទស្សន៍​ប្រសើរ​ជាង​ប្រទេស ចិន ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និង​កូរ៉េ​ខាង​ជើង​ដែរ​៕ NS