ភ្នំពេញៈ មក​ទល់​ពេល​នេះ​នៅ​រាជធានី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (​គបម ឬ GDP) មិន​ទាន់​ទទួល​ការអនុញ្ញាត​ឲ្យ​មាន​ការ​លើក​ស្លាក​នៅ​ឡើយ ខណៈ​នៅ​តាម​ខេត្ត​នានា​គណបក្ស​មួយ​នេះ​លើក​ស្លាក​បាន​ប្រមាណ ៥០០ ​ស្លាក​ទៅ​ហើយ​ជា​អ្វី​ដែល​មន្ត្រី​បក្ស​អះអាង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុង​បង្ក​បញ្ហា​ដល់​ពួកគេ​។

លោក សាម អ៊ីន អគ្គលេខាធិការ គបម ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី ៦ ខែ​មេសា​ថា ក្រោយ​មាន​ការ​សុំ​លើក​ស្លាក​នៅ​សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែនសុខ តាំងពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ និង​រហូត​ដល់​ចុង​ខែ​មីនា​ជាថ្មី​ម្តង​ទៀត​គណបក្ស​បាន​ដាក់​លិខិត​សុំ​លើក​ស្លាក​ទៅ​អាជ្ញាធរ​សង្កាត់​ក៏​នៅ​តែ​មិន​ទាន់​មាន​ចម្លើយ​យល់​ព្រម​ពី​អាជ្ញាធរ​នៅ​ឡើយ​។

លោក​ឲ្យ​ដឹង​ថា​នៅ​សង្កាត់​នោះ​មាន​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ដល់​ទៅ ២ រួច​ទៅ​ហើយ​។

លោក​ថ្លែង​ថា​៖ «​គេ​បង្កើត​ជា​ការលំបាក​ឲ្យ​ទៅ​សុំ​នៅ​សាលា​រាជធានី​។ ពេល​យើង​សុំ​ទៅ​សាលា​រាជធានី​នៅ​ខែ​ធ្នូ គេ​មិន​ឆ្លើយតប​រហូត​ដល់​ពេល​នេះ​។ កាលពី​សប្តាហ៍​មុន​យើង​បាន​យក​ពាក្យ​សុំ​លើក​ស្លាក​ទៅ​សាលាសង្កាត់​គោក​ឃ្លៀង​ម្តង​ទៀត គេ​ទទួល​យក​លិខិត​យើង តែ​ពេល​រសៀល គេ​ទូរស័ព្ទ​មក​យើង​ឲ្យ​ទៅ​សុំ​សាលាខណ្ឌ​សិន​។ យើង​យល់​ថា អាជ្ញាធរ​ខណ្ឌ​សែនសុខ និង​រាជធានី​ភ្នំពេញ​បង្ក​បញ្ហា​ដល់​សិទ្ធិ​លើក​ស្លាក​របស់​យើង​»​។

លោក ញ៉ាត សាម៉េត ចៅ-សង្កាត់​គោក​ឃ្លៀង​ឲ្យ​ភ្នំពេញ- ប៉ុស្តិ៍​ដឹង​ថា ​លោក​ត្រូវការ​ពេល​ឆែក​ឯកសារ​ដើម្បី​ឲ្យ​ដឹង​ថា ឯកសារ​គណបក្ស​នេះ​បាន​បញ្ជូន​ទៅ​ខណ្ឌ​ឬ​យ៉ាង​ណា ខណៈ​មិន​ថ្លែង​បន្ថែម​ពី​លើ​នេះ​។

ចំណែក​លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែនសុខនៅថ្ងៃចន្ទ​នេះ​ ក៏​បាន​ថ្លែង បដិសេធ​ធ្វើ​អធិប្បាយ​លើ​បញ្ហានេះ​។

លោក ម៉េត មាស​ភក្តី អ្នក​នាំ​ពាក្យ​​សាលា​រាជ​ធានី​ភ្នំពេញ បដិសេធ​ថា​ អាជ្ញាធរ​រាជ​ធានី កំពុង​បង្ក​បញ្ហា​ដល់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​។​ លោក​ថ្លែង​ថា ៖ «យើង​មិន​ទទួល​យក​នូវ​ការ​ចោទ​ប្រកាន់​នេះ​ទេ យើង​តែង​សម្រប​សម្រួល​រាល់​ការ​លើក​ស្លាក​របស់​គណបក្ស​នយោបាយ បើកន្លែង​ណា​លើក​មិន​បាន យើង​តែ​ងសម្រប​សម្រួល​ឲ្យ​លើក​ស្លាក​នៅ​កន្លែង​ផ្សេង​ផង​ដែរ​»។

គបម លោក សាម អ៊ីន ឲ្យ​ដឹង​ថា​៖ «​យើង​ចាប់ផ្តើម​ការ​លើក​ស្លាក​នៅ​ខណ្ឌ​សែនសុខ​នេះ​មិន​ទាន់​លើក​នៅ​ទីកន្លែង​ផ្សេង​ទេ​ក្នុង​រាជធានី​ភ្នំពេញ​»​។

គ្មាន​ការពន្យល់​ហេតុ​ផល​ជា​អ្វី​ដែល​លោក សាម អ៊ីន ស្នើ​ឲ្យ​អាជ្ញាធរ​ត្រូវ​អនុវត្ត​គោលការណ៍​ឲ្យ​បាន​ស្មើភាព​គ្នា​គ្រប់​គណបក្ស​នយោបាយ​នោះ​ទេ ហើយ​មក​ទល់​ពេល​នេះ​គណបក្ស​លោក​លើក​ស្លាក​បាន​ប្រមាណ ៥០០ ហើយ​នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត​ដោយ​ក្នុង​មួយ​ខេត្តៗ​មាន​ចំនួន​ពី ១០ ទៅ ៥០ ស្លាក​ក្នុង​នោះ​មាន​ខេត្ត​សៀមរាប​ បាត់ដំបង បន្ទាយមានជ័យ កណ្តាល កំពង់ស្ពឺ តាកែវ កំពត ស្វាយរៀង កំពង់ធំ រតនគិរី កំពង់ចាម និង ព្រៃវែង​។ មក​ទល់​ពេល​នេះ គបម ដែល​តែងតែ​អះអាង​ពី​គោលការណ៍​យក​ប្រជាពលរដ្ឋ​ជា​ធំ និង​ធ្លាប់​ទទួល​គំនិត​ផ្តួចផ្តើម​ពី​លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​ស្លាប់​ទៅ​ហើយ​នោះ​បាន​កំពុង​ព្យាយាម​ទាក់ទាញ​នូវ​ការ​គាំទ្រ​ពី​ប្រជាជន​អ្នក​បោះឆ្នោត​ដោយ​ធ្វើការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ត្រឹម ២ អាណត្តិ​ប៉ុណ្ណោះ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​ត្រូវ​បាន​រំលាយ​ចោល​ដោយសារ​តែ​រង​ការ​ចោទប្រកាន់​ពី​អំពើ​ក្បត់ជាតិ​។

លោក​ កឹម សុខា ​ដែល​ជា​អតីត​ប្រធាន​នៃ​អតីត​គណបក្ស​នេះ​កំពុង​ជាប់​ពន្ធនាគារ​រង់ចាំ​ការជម្រះ​ក្ដី​។ មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​បក្ស​នេះ​ចំនួន​ ១១៨ ​នាក់​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​។ នេះ​ជា​អ្វី​ដែល​អ្នក​វិភាគ​ខ្លះ​យល់​ថា គបម នៅ​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្លាយ​ជា​គូប្រជែង​ដ៏​ស្រួចស្រាល់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឡើយ​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​ចុះ​ឈ្មោះ និង​ដាក់​បញ្ជី​បេក្ខជន​ចាប់ពី​ថ្ងៃទី​ ៣០ មេសា ដល់ ១៤ ខែ​ឧសភា​ដើម្បី​ចូលរួម​​ប្រកួត​ប្រជែង​ការបោះឆ្នោត​ជាតិ​នា​ថ្ងៃទី​ ២៩ ខែ​កក្កដា ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​៕