
មន្ត្រី NGO ពិនិត្យឯកសារក្នុងទិវាសង្គមស៊ីវិលកាលពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ មន្ត្រីអង្គការសង្គមស៊ីវិលប្រមាណ ៣០០ នាក់ មកពីទូទាំងប្រទេស កាលពីម្សិលមិញបានរួមគ្នាប្រារព្ធទិវាសង្គមស៊ីវិលលើប្រធានបទ ភាពជាដៃគូប្រកបដោយបរិយាប័ន្នសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងប្រកបដោយចីរភាព នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដើម្បីចែករំលែកបញ្ហាប្រឈមនានា ខណៈក្រសួងមហាផ្ទៃ ចាប់ផ្តើមដំណើរការជំរឿនលើអង្គការសមាគមទាំងនេះ នៅអំឡុងខែមេសាខាងមុខ ដើម្បីដឹងពីចំនួនជាក់លាក់ដែលកំពុងមានវត្តមាននៅកម្ពុជា។
លោកស្រី ហ៊ុន បូរមី នាយិកាប្រចាំប្រទេសនៃអង្គការ ActionAid និងជាប្រធានគណៈកម្មការប្រតិបត្តិរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា CCC បាននិយាយថា ទិវានេះ នឹងអាចក្លាយជាវេទិកាប្រចាំឆ្នាំមួយសម្រាប់អង្គការសង្គមស៊ីវិល ធ្វើការរួមគ្នា ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការការពារសិទ្ធិមនុស្ស។
លោកស្រីបញ្ជាក់ថា៖ «វេទិកានេះ ក៏ដើម្បីឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមអង្គការសង្គមស៊ីវិលជាដៃគូ និងរាជរដ្ឋាភិបាលផងដែរ»។
យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថា តាំងពីឆ្នាំ ១៩៩៣ មក ប្រទេសកម្ពុជា មានអង្គការ សមាគមក្នុងស្រុកចំនួន ៥ ៣៨៦ បានចុះបញ្ចី ក្នុងនោះសមាគម មានចំនួន ២ ១៣៥ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ២៥១ សមាគម ហើយក្នុងចំណោមអង្គការសមាគមទាំងនោះ គឺមានតែចំនួនជិត ២ ០០០ ស្ថាប័នប៉ុណ្ណោះ ដែលបានបំពេញកាតព្វកិច្ចនៅក្នុងឆ្នាំ ២០១៦ និងឆ្នាំ ២០១៧។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការទំនាក់ទំនងជាមួយក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងនៅក្នុងទិវាសង្គមស៊ីវិលកាលពីម្សិលមិញថា ក្នុងចំណោមអង្គការ សមាគមនោះ គឺមានតែអង្គការ សមាគមចំនួន ៤៩៩ ប៉ុណ្ណោះ ដែលបានផ្តល់របាយការណ៍ផ្នែកហិរញ្ញវត្ថុ និងផែនការប្រចាំឆ្នាំរបស់ពួកគេមកកាន់ក្រសួងមហាផ្ទៃ បើទោះជាក្រសួងធ្លាប់បានចេញសេចក្តីប្រកាសចំនួន ២ លើករួចមកហើយពីបញ្ហានេះ។
លោក ប៊ុន ហុន ថ្លែងថា ក្រសួង បានព្រមព្រៀងជាមួយអង្គការ CCC ក្នុងការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានតម្កល់ឯកសារ និងចុះឈ្មោះក្នុងបញ្ចីនៅក្រសួងមហាផ្ទៃ ហើយការធ្វើជំរឿននេះ គឺដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងដំណើរការ និងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «យើងចង់រកតួលេខពិត មិនចង់ឲ្យតួលេខនេះ វាប៉ោង ព្រោះអង្គការខ្លះ តាំងពីបង្កើតមក មិនដែលធ្វើសកម្មភាពសោះ។ តែបើយើងធ្វើជំរឿនហើយ ក៏យើងមិនទាន់ធ្វើអីគាត់ដែរ គឺយើងនឹងពិនិត្យពិភាក្សាគ្នារកដំណោះស្រាយសិន ព្រោះយើងមិនចង់ធ្វើវិធានការក្តៅនោះទេ ដែលនាំឲ្យមានការយល់ច្រឡំគ្នានោះ»។
លោកស្រី ស៊ិន ពុទ្ធារី ប្រធានទំនាក់ទំនង និងអភិវឌ្ឍន៍ សមាជិកនៃ CCC បាននិយាយថា ការធ្វើជំរឿននឹងចាប់ផ្តើមនៅអំឡុងខែមេសាខាងមុខ ខណៈបច្ចុប្បន្ន គឺក្រុមការងារ បានព្យាយាមផ្សព្វផ្សាយព័ត៌មាននេះឲ្យបានទូលំទូលាយ ទៅដល់អង្គការសមាគមទាំងអស់ទូទាំងប្រទេស។
លោកស្រីថា៖ «ក្នុងឆ្នាំ ២០១៩ នេះ ធ្វើការស្រង់នូវទិន្នន័យអង្គការសង្គមស៊ីវិលពិតប្រាកដ រយៈពេល ៣ ខែ»។
លោកស្រី នេត ចិន្តា នាយិកាប្រតិបត្តិអង្គការធ្វើឲ្យប្រសើរឡើងដល់សេវាព្យាបាល ការប្រាស្រ័យទាក់ទង និងលេបអាហារនៅកម្ពុជា (OIC) បានថ្លែងថា បើសិនជាការធ្វើនេះគ្រាន់តែចង់ផ្ទៀងផ្ទាត់ចំនួនអង្គការសមាគម ដែលកំពុងធ្វើការនៅកម្ពុជា វានឹងមានប្រយោជន៍។
លោកស្រីថ្លែងថា៖ «បើការជំរឿន ជាការដាក់បន្ទុក ឬគាបសង្កត់មកលើអង្គការសមាគម នេះជាក្តីបារម្ភមួយរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា ខាងរដ្ឋាភិបាលមិនមានចេតនាបែបហ្នឹងទេ ហើយរដ្ឋាភិបាលនឹងមានវិធីសាស្ត្រ ក្នុងការជួយទៅដល់អង្គការសមាគម ព្រោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ»៕