ភ្នំពេញ: មន្ត្រី​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​ ១៨១ ​នាក់​ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ហ្វឹកហាត់​សម្រក​ទម្ងន់ និង​សម្រក​ក្បាលពោះ​ដើម្បី​ឲ្យ​មាន​តុល្យភាព​រាងកាយ​ចៀសវាង​បាន​ពី​ជំងឺ​ផ្សេងៗ​ដែល​បណ្តាល​មកពី​ការ​លើស​ទម្ងន់​ ឬ​ការ​ធាត់​ខ្លាំង​ជា​អ្វី​ដែល​មន្ត្រី​សម្ដែង​ការរីករាយ​នឹងចូលរួម​ក្នុង​វគ្គ​ហ្វឹកហាត់​នេះ​។

លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃប្រទេស និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេហទំព័រ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដកស្រង់​សម្ដី​ថា ការបើក​វគ្គ​ហ្វឹកហាត់​សម្រក​ទម្ងន់​​ និង​សម្រក​ក្បាលពោះ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​នេះ​គឺជា​លើក​ទី​ ៣ ​ហើយ​ដោយ​មាន​សមាជិក​ជាប់​ឈ្មោះ​ចំនួន ១៨១ ​នាក់ ​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្តថា វគ្គ​សម្រក​ទម្ងន់ និង​សម្រក​ក្បាលពោះ​នេះ​គឺ​ដើម្បី​ជួយ​ឲ្យ​មាន​តុល្យភាព​រាងកាយ​ចៀសវាង​បាន​ពី​ជំងឺ​ផ្សេងៗ​ដែល​បណ្តាល​មកពី​ការ​លើស​ទម្ងន់ ឬ​ការ​ធាត់​ខ្លាំងពេក​។ លោក​បាន​ស្នើឲ្យ​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​ជាប់​ឈ្មោះ​ត្រូវ​មាន​អំណត់​អត់ធ្មត់​ឲ្យ​បាន​ច្រើន​កុំ​ធុញទ្រាន់ កុំ​ខ្ជិល មិន​ថា​របប​អាហារ ឬ​​លំហាត់ប្រាណ ត្រូវ​អនុវត្ត​ឲ្យ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​គ្រូឧទ្ទេស​។

លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​ដោយ​លោក​អះអាង​ថា កំពុង​ជាប់រវល់​កាលពី​ម្សិលមិញ​។

លោក ឡុង វិចិត្រ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោក​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​ទួលគោក​ចំនួន​ ១០ ​នាក់ ​​បាន​ជាប់​ឈ្មោះ​ចូលរួម​កម្មវិធី​ហ្វឹកហាត់​សម្រក​ក្បាលពោះ​ និង​ជាតិ​ខ្លាញ់​នេះ​ដើម្បី​ថែរក្សា​សុខភាព​ដែល​ធ្វើឲ្យ​រាងកាយ​រឹងមាំ កម្លាំង​ខ្លាំងក្លា និង​ប្រាជ្ញា​ឈ្លាសវៃ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏​កំពុង​ហាត់ប្រាណ​សម្រក​ខ្លាញ់​ជា​រៀងរាល់ថ្ងៃ​ដែរ ព្រោះ​បើ​យើង​ហាត់​រាល់ថ្ងៃ អ៊ីចឹង​ទៅ​គឺ​ធ្វើឲ្យ​​យើង​មាន​សុខភាព​ល្អ​។ ជាក់ស្ដែង​នៅពេល​ព្រឹក​មុន​ចេញ​មក​ធ្វើការ ខ្ញុំ​រត់​ ២ ​ឬ​ ៣ ​គីឡូម៉ែត្រ ហើយ​ពេល​ល្ងាច ពេល​ខ្ញុំ​មកពី​ធ្វើការ​វិញ ខ្ញុំ​រត់​បន្ថែម​ទៀត ប៉ុន្ដែ​ពេលខ្លះ​ក៏​រវល់​អត់​បាន​រត់​ហាត់ប្រាណ​ដែរ តែ​យើង​ត្រូវតែ​ឆ្លៀត​ហាត់​វា​រាល់ថ្ងៃ​»​។

លោក​បន្ថែមថា វគ្គ​ហ្វឹកហាត់​នេះ​ធ្វើ​នៅ​ទីតាំង​បញ្ជាការដ្ឋាន​កងរាជ​អាវុធ​រាជធានី​ភ្នំពេញ​រយៈពេល​ ១ ​ថ្ងៃ​ ដោយ​សិក្ខាកាម​ត្រូវ​ទៅ​ស្ដាប់​តាម​ការណែនាំ​របស់​គ្រូបង្គោល​ពី​វិធីសាស្ត្រ និង​ក្បួន​ធ្វើ​យ៉ាងណា​ឲ្យ​ឆាប់​ស្រក​ក្បាលពោះ និង​ឆាប់​អស់​ជាតិ​ខ្លាញ់​ពី​រាងកាយ​។ បន្ទាប់មក​សិក្ខាកាម​ទាំងអស់​ត្រូវ​យក​មេរៀន​មក​ហាត់​ដោយ​ខ្លួនឯង​នៅផ្ទះ​របស់​ខ្លួន​ទៅ​ហាត់​នៅ​ក្លិប​ឯកជន​ (Gym) និង​អាច​ទៅ​ហាត់​នៅ​មូលដ្ឋាន​បញ្ជាការដ្ឋាន​កងរាជ​អាវុធ​រាជធានី​ភ្នំពេញ​ក៏បាន​ដោយ​ប្រើ​រយៈពេល ៣ ​ខែ ប៉ុន្ដែ​បើ​នៅ​មិនទាន់​ស្រក គ្រូ​បង្គោល​នឹង​មាន​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​។

លោក ភួង សុភី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ព្រែកព្នៅ​បាន​ថ្លែង​ដែរ​ថា លោក​គាំទ្រ​ឲ្យ​មាន​ការហ្វឹកហាត់​បែប​នេះ ដើម្បី​ឲ្យ​រាងកាយ​រឹងមាំ ជាពិសេស​សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ​ «​ខ្ញុំ​បាន​ចូលរួម​ហាត់​ជា​រៀងរាល់ថ្ងៃ​ក្រោយពី​ទំនេរ​ពី​ការងារ ១ ​ថ្ងៃ​ខ្ញុំ​ហាត់ ១ ​ម៉ោង ឬ​ ២ ​ម៉ោង​ដែរ ជួនកាល​រត់ ហើយ​ថ្ងៃ​ខ្លះ​ចូល​ហាត់​ក្នុង​ក្លិប Gym ខ្លួនឯង​»​។

លោក​បាន​លើក​ទឹកចិត្ត​ឲ្យ​កម្លាំង​ប្រដាប់អាវុធ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ចូលរួម​ហាត់ប្រាណ​ទាំងអស់​គ្នា ដើម្បី​ទទួល​បាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ ជាពិសេស​ជំងឺ​លើសឈាម ដាច់​សរសៃ​ឈាម​ខួរក្បាល លើស​ជាតិ​អាស៊ីត លើស​ជាតិ​ស្ករ និង​ជំងឺ​កាច​សាហាវ​ជាច្រើន​ទៀត​។

តាម​របាយការណ៍​របស់​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ការ​ជ្រើស​អ្នក​លើស​ទម្ងន់​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​អនុវត្ត​គឺ​មិនមែន​គ្រាន់តែ​ពិនិត្យ​នឹង​ភ្នែក​ចំពោះ​អ្នក​ធាត់ ឬ​អ្នក​ដុះ​ក្បាលពោះ​នោះទេ គឺ​ការជ្រើសរើស​តាមរយៈ​ការ​វាស់កម្ពស់ និង​ថ្លឹង​ទម្ងន់​ផងដែរ​។ ដូច្នេះ​អ្នក​ដែល​ជាប់​ឈ្មោះ​ជា​អ្នក​លើស​ទម្ងន់ អ្នក​ធាត់ និង​អ្នក​ដុះ​ក្បាល​គឺ​ត្រូវ​មាន​ឈ្មោះ​ចូលរួម​ក្នុង​ការហ្វឹកហ្វាត់​នេះ​៕