ភ្នំពេញៈ នាយក​ប្រចាំ​កម្ពុជា​របស់​អង្គការ​ UNDP លោក Nick Beresford កាលពី​ម្សិលម្ង៉ៃ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែច្នៃ និង​កាត់បន្ថយ​សំរាម ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការកើនឡើង​នៃ​កាកសំណល់​ក្រុង និង​កាកសំណល់​ឧស្សាហកម្ម​ជា​អ្វី​ដែល​ក្រសួង​បរិស្ថាន និង​ផ្នែក​ពាក់ព័ន្ធ​កំពុង​សិក្សា​ពី​ការកែច្នៃ​ឲ្យ​មាន​ប្រយោជន៍​។

ការ​ថ្លែង​របស់​លោក​ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ បន្ទាប់ពី​មាន​វេទិកា World Circular Economy លើក​ទី​ពីរ​កាលពី​ថ្ងៃទី​ ២២‑២៤ ខែ​តុលា​នៅ​ជប៉ុន​នា​ឆ្នាំនេះ​ដោយ​មាន​អ្នក​ចូលរួម​ជាង​ ១០០០ ​នាក់​ពី​ជាង​​ ៨០ ​ប្រទេស​រួម​ទាំង​កម្ពុជា​ផង​។

វេទិកា​នេះ​បាន​អំពាវនាវ​ឲ្យ​សហគមន៍​សកល​ពិនិត្យ​គំរូ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ពួកគេ និង​បាន​ជំរុញ​ឲ្យ​សហគមន៍​សកល​អនុវត្ត​គំរូ​សេដ្ឋកិច្ច​រង្វង់​ [​វិលជុំ​] ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ​។

លោក Nick Beresford បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ដើម្បី​កាត់បន្ថយ​ការគំរាម​កំហែង​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ដើម្បី​ធ្វើឲ្យ​មាន​និរន្តរភាព​ដល់​ធនធាន​ធម្មជាតិ​សំខាន់​ និង​ជីវចម្រុះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ យើង​ត្រូវ​រក​ដំណោះស្រាយ​បន្ទាន់ ដើម្បី​កែប្រែ​របៀប​ដែល​យើង​ប្រតិបត្តិ​សេដ្ឋកិច្ច​របស់​យើង និង​របៀប​ដែល​យើង​ប្រើប្រាស់ និង​ប្រើប្រាស់​ធនធាន​របស់​យើង​»​។

លោក​បាន​បន្ថែម​ថា តាមរយៈ​ការលើកកម្ពស់​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ និង​ថាមពល​ស្អាត ការកែច្នៃ​ឡើង​វិញ និង​ការកាត់បន្ថយ​កាកសំណល់​អាច​នឹង​កាត់បន្ថយ​បាន​ច្រើន​នូវ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ ថាមពល កាកសំណល់ និង​ការបំពុល​បរិស្ថាន​។

លោក​ថា​៖ «​យើង​ដាក់ចេញ និង​បង្ហាញ​ពី​សេដ្ឋកិច្ច​រង្វង់ ជាពិសេស​ជា​ដំណោះស្រាយ​បរិស្ថាន និង​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​សម្រាប់​បញ្ហា​ដែល​កម្ពុជា​ប្រឈមមុខ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​កាកសំណល់​»​។

លោក​ថា​៖ «​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច និង​ប្រជាជន​យ៉ាង​លឿន​កម្ពុជា​ឥឡូវ​នេះ​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ថ្មី​នៃ​ទំហំ​កើនឡើង​នៃ​កាកសំណល់​ក្នុង​ក្រុង និង​កាកសំណល់​ឧស្សាហកម្ម​»​។

បើ​យោង​តាម​លោក Nick Beresford មាន​ការ​យល់ដឹង​មាន​កម្រិត​អំពី​របៀប​លើកកម្ពស់​ការប្រើប្រាស់​ឡើងវិញ ការកែច្នៃ និង​ការកាត់បន្ថយ​សម្ភារ និង​កាកសំណល់​នៅ​ទ្រង់ទ្រាយ​ធំ​នៅ​កន្លែង​ចាក់សំរាម និង​របៀប​ធ្វើ​កាកសំណល់​ឲ្យ​ទៅ​ជា​ថាមពល​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​គំរូ​សេដ្ឋកិច្ច​រង្វង់​ត្រូវ​បាន​អនុវត្ត​សម្រាប់​ការគ្រប់គ្រង​កាកសំណល់​ក្នុង​ប្រទេស​កម្ពុជា​ជាជាង​ត្រូវ​បាន​ចាក់ចោល​កាកសំណល់​នឹង​ត្រូវ​កែច្នៃ​ជា​ «​ផលិតផល​ថ្មី​ ឬ​ថាមពល​» ​ដើម្បី​ប្រើប្រាស់​ឡើងវិញ និង​កែច្នៃ​ឡើងវិញ ដើម្បី​បន្ថែម​តម្លៃ​សេដ្ឋកិច្ច​សម្រាប់​សេដ្ឋកិច្ច​»​។

លោក ឯ វុទ្ធី អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួងបរិស្ថាន បាន​ថ្លែង​នៅ​​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែរ​ថា សេដ្ឋកិច្ច​រង្វង់​នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការធានា​វិបុលភាព​រយៈពេល​វែង​ទាំង​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​ចីរភាព​នៃ​បរិស្ថាន​។

លោក​ថា​៖ «​ចក្ខុវិស័យ​រង្វង់​សម្រាប់​សហគ្រាស​សេដ្ឋកិច្ច​យើង​គឺជា​មួយ​ចីរភាព​ដែល​ខិតខំ​សម្រេច​ឲ្យ​បាន​កម្រិត​​ខ្ពស់​នៃ​ប្រសិទ្ធភាព​សម្រាប់​ផលិតភាព​ និង​សមត្ថភាព​រក្សា​សុចរិត​ធម្មជាតិ​​នៃ​ប្រទេស​ស្រស់ស្អាត​របស់​យើង​»​។

បើ​តាម​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹងថា​ការចាក់ចោល​កាកសំណល់​រឹង​នៅក្នុង​ទីលាន​ចាក់​សំរាម​ក្នុង​ក្រុង​បាន​កើនឡើង​យ៉ាង​លឿន​ពី ៣១៨០០០ ​តោន​ក្នុង​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​ ២០០៤ ​ដល់​ ១,៥ ​លាន​តោន​ក្នុង​ឆ្នាំ​ ២០១៧​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា រដ្ឋាភិបាល និង​ក្រសួង​កំពុង​លើក​ទឹកចិត្ត និង​ជំរុញ​ប្រជាជន​ឲ្យ​បង្កើន​ការកែច្នៃ​កាកសំណល់​ឡើង​វិញ​ដោយ​ជំរុញ​ផងដែរ​ឲ្យ​ប្រជាជន​ដាក់​ចំណាត់ថ្នាក់​កាកសំណល់​ឲ្យ​បាន​សមស្រប និង​អនុវត្ត​គោលការណ៍​ចំនួន​ ៣ ​គឺ​កាត់បន្ថយ កែច្នៃ​ឡើងវិញ និង​ប្រើប្រាស់​ឡើងវិញ​។

លោក​ថ្លែង​ថា​៖ «​សម្រាប់​កាកសំណល់​ប្លាស្ទិក ក្រសួងបរិស្ថាន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​សិក្សា និង​រៀបចំ​គោលការណ៍​សេដ្ឋកិច្ច​សម្រាប់​កាក​សំណល់​រឹង​ដើម្បី​កែប្រែ​សម្រាប់​តម្លៃ​សេដ្ឋកិច្ច​ស្រប​តាម​និន្នាការ​សកល​នាពេល​បច្ចុប្បន្ន និង​ស្តង់ដារ​បរិស្ថាន​»​។

លោក​បាន​បន្ថែម​ថា ៤១ ​ភាគរយ​ (១,៥ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​) ​នៃ​កាកសំណល់​រឹង​ក្នុង​ចំណោម​កាកសំណល់​សរុប​គឺ​ត្រូវ​បាន​ប្រមូល​ទៅ​កន្លែង​ចាក់សំរាម ១១ ​ភាគរយ​នៃ​កាកសំណល់​សរុប​ត្រូវ​បាន​ទិញ​សម្រាប់​ការកែច្នៃ​ឡើងវិញ​ហើយ​កាកសំណល់​ដទៃ​ទៀត​ប្រមាណ​ ៤៨ ​ភាគរយ​ត្រូវ​បាន​ដុត​ ឬ​រាយប៉ាយ​នៅ​កន្លែង​សាធារណៈ​ និង​នៅ​តាម​ទឹក​។

លោក កត់សម្គាល់​ថា​ការសិក្សា​បាន​រកឃើញ​ថា​ចន្លោះ​ពី​ ៧០ ​ទៅ​ ៨០ ​ភាគរយ​នៃ​កាកសំណល់​រឹង​នៃ​សំណល់​សរុប​អាច​ច្នៃ​ឡើងវិញ​បាន​៕ PS